រដ្ឋាភិបាលប្រកាសសាងសង់មន្ទីរ​ពេទ្យបង្អែកនៅ​តំបន់​ឧស្សាហកម្ម 7NG

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថត​រូប​ជាមួយ​កម្មការិនី​មក​ពី​រោងចក្រ​នានា​នៅ​តំបន់​ឧស្សាហកម្ម 7NG នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​​ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ | រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​នឹងសាងសង់គិលានដ្ឋាន ឬ​ពេទ្យបង្អែក​ធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំ​ពារ​សុខុមាលភាពដល់កម្មករដែលកំពុងធ្វើការនៅតំបន់នោះ។

លោក ហ៊ុន សែន បានប្រកាស​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​នេះ ខណៈ​ដែល​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​ជាង ៤​ពាន់​នាក់ នៅ​ឯ​មជ្ឈ​មណ្ឌល​កោះពេជ្រ។

ក្នុងទំព័រហ្វេសប៊ុករបស់លោក លោ​នាយករដ្ឋ​មន្ត្រី បាន​សរសេរ​ថា៖ «រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋាន (ពេទ្យ​បង្អែក)​ធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាពដល់​បង​ប្អូន​កូន​ក្មួយ​កម្មករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុងរោងចក្រនោះ។ នៅពេលដែលសាងសង់រួចហើយ គឺកូនក្មួយកាន់តែងាយស្រួលក្នុងកា​​រ​ពិនិត្យ​សុខភាព និងទទួលបាននូវការព្យាបាលភ្លាមៗទាន់ពេលវេលានៅហ្នឹងកន្លែងតែម្តង»។

ជាមួយគ្នានោះ លោក​ក៏​បាន​ជំរុញ​ទៅ​កម្មករ​ជឿ​​ទុក​ចិត្ត​លើ​ការ​ខិត​ខំ​ដោះ​ស្រាយ​របស់​លោក ដោយ​ថា ជា​ការ​គិត​គូរ​អំពី​សុខទុក្ខរបស់កម្មករកម្មការិនីផ្ទាល់ ជាពិសេសនោះកម្មការិនីមានផ្ទៃពោះ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ និង​ចុះ​ជួប​កម្មករកម្មការិនី​នៅ​តាម​រោងចក្រ​ដោយ​ផ្ទាល់ នៅ​រៀង​រាល់​ថ្ងៃ​ពុធ ចាប់​តាំង​ពី​​ថ្ងៃ​ទី​២០ ខែ​សីហា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ