លោក ហ៊ុន សែន ជំរុញអាមេរិកឲ្យ​កាត់ជំនួយទាំង​អស់​ផ្ដល់​មក​កម្ពុជា

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 11:31 AM | បោះឆ្នោត | 0 | 18107 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញទៅ​អាមេរិកឲ្យ​កាត់ជំនួយ​ទាំង​អស់ ដោយ​ថា ការ​កាត់​ជំនួយ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់អង្គការក្រៅរដ្ឋាភិបាលដែលស្ថិតនៅក្រោមការឧបត្ថម្ភ​ពីអាមេរិក។

លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅថ្ងៃទី១៩ ខែ​វិច្ឆិកានេះ ក្នុងពិធី​សំណេះសំណាលជាមួយ​កម្មករកម្មការិនី​ជាង ៤​ពាន់នាក់​នៅឯកោះ​ពេជ្រ។

លោក ហ៊ុ​ន សែន បានលើកឡើងថា៖ «ហើយយល់ល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្ដង ព្រោះកាត់​ទៅវាងាប់អា NGO[អង្គការក្រៅរដ្ឋាភិបាល] ក្នុងស្រុកទាំងអស់។ ទៅសម្លាប់កូនរបស់ឯងតែម្ដងទៅ ស្អីឡើងកាត់ៗ កាត់ទៅ»។

លោក ហ៊ុន សែន ថា កម្ពុជាមិនអាចឱនក្បាល និងធ្វើឲ្យបាត់បង់អធិប​តេយ្យ​ភាព ឯករាជ្យជាតិនោះទេ ដោយ​គ្រាន់​​តែ​ចង់បានជំនួយបរទេសបន្តិចបន្ទួច។

លោក ហ៊ុ​ន សែន បន្ថែមថា បន្ទាប់ពីអាមេរិកប្រកាសកាត់ជំនួយដល់​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC)មក លោក​បាន​ទៅចរចាជាមួយចិន ​ហើយចិន​បាន​យល់​ព្រមផ្ដល់​ជំនួយ​ដល់​ស៊ីម៉ាក់​ទាំង​អស់ ទើប​អាមេរិក​​បានព្រមផ្ដល់​ជំនួយ​ឲ្យកម្ពុជា​វិញ ព្រោះអាមេរិកព្រួយ​បារម្ភ​​ខ្លាច​ចិន​ដើរ​តួនាទី​ជំនួស​ខ្លួន។

ជាមួយគ្នានោះដែរ លោក ហ៊ុន សែន បន្ថែមថា លោកមិនខ្លាចនឹងការគម្រាមដាក់ទណ្ឌកម្មលើការបញ្ជារ​ទិញទំនិញ​ពី​កម្ពុជា​នោះទេ ដោយសារចំនួនអ្នកបញ្ជាទិញមានខ្ពស់ជាងឆ្នាំមុន ហើយ​លោក​ថា អ្នក​ដែល​គម្រាម​បិទ​បញ្ជា​ទិញ​នោះ ​នឹងប្រឈម​មុខ​ជា​មួយ​វិស័យ​ឯកជនរបស់ខ្លួនដែលបានចុះកិច្ច​សន្យា​ជាមួយកម្ពុជារួចហើយ។

ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​ជាដើម បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​នោះ បាន​លើក​ឡើង​ថា កម្ពូជា​កំពុង​ឃ្លាត​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​រំលោភសិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ ប្រទេសមហា​អំណាច​ចិន បាន​គាំ​ទ្រ​ជំហរ​របស់​កម្ពុជា ដោយ​ថា ដើម្បី​រក្សា​សន្តិភាព និង​ស្ថេរភាព​ជាតិ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required