អ្នកវិភាគ៖ សារនយោបាយ លោក សម រង្ស៊ី ជាអាវុធមុខពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

អ្នកវិភាគ យល់ថា សារនយោបាយរបស់លោក សម រង្ស៊ី ដែលថា បើគ​​​​​ណបក្សស​ង្គ្រោះ​ជាតិ​ ឈ្នះ​ការ​បោះ​ឆ្នោត បានឡើងកាន់អំណាច អាចនឹង​កំចាត់ក្រុមឧ​ទ្ទាម ដែ​ល​​​​មិ​ន​ព្រ​មផ្ទេរ​អំណាចនោះ ថា​អា​ច​ជា​អាវុធមុខពីរ សម្រាប់ស្ថានការនយោបាយបច្ចុប្បន្ន និង​ទៅថ្ងៃអនាគត។

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានបន្តប​ង្ហោះ​សារន​យោបាយ របស់លោកលើបណ្តាញសង្គម នាថ្ងៃទី១៧ខែធ្នូថា​ «កាលណាគណបក្ស​សង្គ្រោះជាតិ​ឈ្នះ​​​​កា​របោះឆ្នោត គណប​ក្ស​នេះ ​​មាន​​សិទ្ធិពេញលេញ បង្កើតរដ្ឋាភិបាលមួយស្របច្បាប់ »។

លោក សម រង្ស៊ី បញ្ជាក់ថា បើ​​គ​​​ណ​ប​​​​​ក្ស​​ចាញ់ឆ្នោត ព្យា​យាម​បង្កើតរ​​ដ្ឋា​​ភិ​​មួ​យ​ទៀត លោកថាជារ​ដ្ឋាភិ​បាល​នោះ​ខុស​​ច្បាប់ដោយ​ប្រើ​​ពាក្យថា​«ជាក្រុម​ឧទ្ទាម »។

បើតាមលោកសម រង្ស៊ី រដ្ឋា​ភិ​បា​លថ្មីរបស់លោក ពេលនោះនឹងអំពាវនាវឲ្យប្រជាពលរដ្ឋ រួមទាំង​ក​ម្លាំ​ង​​ប្រ​ដា​ប់អាវុធ និងអន្តរជាតិ ពិ​សេស​ប្រ​ទេស​​​ជាហត្ថលេខីនៃ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អន្ត​រាគ​មន៍ ពង្រឹ​ងល​ទ្ធិ​​ប្រ​ជាធិបតេយ្យ ដោយថា អាចកំចាត់«ក្រុមឧទ្ទាម»​។

លោកថា៖«មានរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិដែលឈ្នះឆ្នោត ការពារល​ទ្ធិប្រ​ជាធិ​បតេ​យ្យ​នៅកម្ពុជា ត្រូវតែកំចាត់ក្រុមឧទាម។ប្រជារាស្ត្រខ្មែរ កងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងរួម​គ្នាជា​មួយ​គ​ណ​ប​ក្ស​សង្ក្រោះជាតិក្រោមការដឹកនាំ របស់រដ្ឋាភិបាលថ្មី មានការគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេ​ស​យើងមា​ន​ប្រទេសជាហត្ថេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងមានកម្លាំងគ្រ​ប់គ្រាន់​សម្រា​​ប់កំ​ចា​ត់ពួកឧទ្ទាម»។

លោក សម រង្ស៊ី ហាក់បា​ន លើកទឹកចិត្តអ្នក​គាំទ្ររបស់​ខ្លួន​ ឲ្យមាន​ជំ​នឿ​​ថា យន្ត​ការប្តូ​រមេដឹ​កនាំ​ក្រោ​យកា​របោះឆ្នោត នឹងអាចទៅរួច ដោយ​គ្មានឧបសគ្គ​ បើទោះបី​លោក ហ៊ុន សែនព្រមានថា បើគណ​បក្សប្រជាជនកម្ពុជាចាញ់ឆ្នោត​នឹងមានសង្រ្គាមក៏ដោយ។

លោកថា៖«ជាការយល់សប្តិដែលគេចង់ថា ទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ រដ្ឋាភិបាលថ្មី ដែលដឹ​កនាំ​ដោ​យ​​គណបក្សសង្គ្រោះជាតិ។ អញ្ចឹងអ្វីដែលគេឃោសស្នាមិនត្រូវឲ្យយើងស្រពេចស្រពិល ឲ្យយើ​ង​ព្រួ​យ​បារម្ភទេ ។នេះបង្ហាញថាគេដឹងខ្លួ​នថាចាញ់ហើ​យ។​គេមិនចង់ប្រ​កួតប្រជែងដោ​យកា​របោះឆ្នោត ការ​​បោះឆ្នោតធ្វើទៅដោយសន្តិវិធី ធ្វើទៅដោយរលូត ដោយតម្លាភាព គឺច្បា​ស់ជាគេចាញ់។​អញ្ចឹ​ងយើ​ងមា​នកា​រ​សង្ឃឹមថា​នឹងមានការផ្លាស់ប្តូរពិតប្រាកដ»។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា សារនយោបាយ​ របស់​មេបក្ស​ប្រ​ឆាំង​​នេះ ​អាចជា​ការសាររំឭកដល់អ្នកគាំទ្រ ទាំងក្នុងនិងក្រៅប្រទេសថា មេដឹកនាំគណបក្សនេះ នឹង​មិន​​បែ​ក​​​​​​បា​ក់​​​​គ្នាទេ បើទោះបីជា លោក កឹម សុខា ត្រូវបានសមាជិកសភា ពីគណបក្សកាន់អំណាច បានយ​ល់​​ព្រម ឲ្យទៅកា​ន់តំ​​​​ណែ​ង ជាប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច ជំនួសលោក សម រង្ស៊ី ក៏ដោយ។

លោក សូ ចន្ថា វិភាគទៀតថា សារនយោបាយ របស់លោក សម រង្ស៊ី នេះ អាចជាកា​រដា​ស់​អា​រម្មណ៍ ដល់​អ្នក​គាំទ្រថា យន្តការផ្លាស់ប្តូរមេដឹកនាំ ក្រោយការបោះឆ្នោត នឹងអាចធ្វើ​ទៅ​បា​ន​​ មិនដូចសារគំរាមថា បើ​មាន​ការផ្លាស់ប្តូរ និងមានសង្គ្រាមនោះទេ ។

ប៉ុន្តែ​អ្នកវិភាគរូបនោះ បានចាត់ទុកថា សារនយោបាយ របស់លោក សម រង្ស៊ី មិនអំណោយផល ដល់​ស្ថានការណ៍នយោបាយ ដែ​ល​កំពុងចុះកម្តៅ ឈានទៅពង្រឹងវប្បធម៌សន្ទាឡើងវិញ នៅពេល​នេះទេ។

លោកថា៖«នៅក្នុងបរិបទនៃការចរចា ដំណើរការនៃការចាប់ផ្តើមឡើងវិញ ខ្ញុំគិតថា វាហាក់ជា​មិនមានផលចំណេញ ឬក៏ជំរុញឲ្យវប្បធម៌សន្ទនានេះ ដើរដោយរលូន ឈានទៅការដោះលែងសកម្មជន អ្នក​ទោស​មនសិកា ឬក៏សកម្មជនសិទ្ធិមនុស្សនោះទេ និងធ្វើឲ្យចំណងមិត្តភាព និងដំ​ណើរ​ការចាប់​ផ្តើម​វប្បធ​​ម៌​សន្ទនាចាប់ផ្តើមឡើងវិញហ្នឹងប្រះឆាឡើងវិញ ក៏ថាបាន»។

នៅពេលថ្មីៗនេះ លោក ហ៊ុន សែន ប្រកាសយកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្វើជាដៃគូសន្ទនា ជំនួសលោក សម រង្ស៊ី វិញ ក្រោយពីប៉ះពាក្យសម្តី ជាបន្តបន្ទាប់ ជាមួយលោក សម រង្ស៊ី ជិត១ឆ្នាំកន្លងមកនេះ។

ការ​ដែលមេដឹកនាំកំពូល របស់បក្សកាន់អំណាច និងបក្សប្រឆាំង វិលទៅចាប់ដៃគ្នា ឡើងវិញនេះ មជ្ឈ​ដ្ឋា​នមួយចំនួនគិតថា វប្បធម៌សន្ទនានឹងរស់ឡើងវិញ អាចឈានទៅ ដោះលែងអ្នកទោស​មនសិកា​ឡើងវិ​ញ​ ដូចជា​សកម្មជន បក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។

អ្នកឃ្លាំមើលពីការអភិវឌ្ឍន៍សង្គម និងនយោបាយ លោក គឹម សុខ វិភាគថា សារនយោបាយ​ទាំងឡា​យ​ណា ដែលបង្កប់នូវវិធានការបែបហិង្សា លោកថា មិនបានចំណេញដល់សង្គមជាតិទេ។

លោក គឹម សុខ វិភាគទៀតថា គណបក្សប្រឆាំង គួរមានយុទ្ធសាស្ត្រពិតប្រាកដមួយ ឈរលើស្មារ​តីប​ង្រួប​ប​​ង្រួ​មជាតិ ឈានទៅដណ្តើមយកអាសនៈច្រើនលើសលប់ នៅឃុំ សង្កាត់ ដើម្បីមានប្រៀ​បនៅស្ថា​ប័ន​ព្រឹទ្ធ​សភា  ពេលនោះលោកថា ទើបអាចជំរុញឲ្យមានការពិចារណាពីផ្ទេរអំណាច។

លោកថា៖«លោក សម រង្ស៊ី ត្រូវតែនិយាយ មិនអាចមិននិយាយទេ។និយាយទៅដល់សកម្មជនរបស់ខ្លួន ថ្នាក់ដឹកនាំ របស់ខ្លួន ពីជំហរបស់ខ្លួន ជាពិសេសអ្នកគាំទ្រ របស់ខ្លួន និងសកម្មជ​ន​មូលដ្ឋា​នផ្ទាល់​។​

ក៏ប៉ុ​ន្តែ​ត្រូវមា​នយុទ្ធសាស្ត្រនៃការនិយាយ កុំឲ្យបង្ហាញពាក្យពេជ្រទាំងឡាយណាដែលបង្កប់នូវ របៀបរបប​ទាំង​ឡាយណាដែលបង្កប់នូវការសងសឹក។

ទី១​វាធ្វើ​ឲ្យប្រជារាស្ត្រមិនស្កប់ចិត្ត មិនទុកចិត្ត ទី២ វាធ្វើឲ្យគណ​បក្សដែ​លជាដៃ​​គូប្រកួតហ្នឹ​ងអត់ទុ​កចិត្ត​កើតទេ។ហើយកាលណាមិនទុកចិត្ត របៀបនៃ​ការដោះស្រា​​យគឺការប្រឆាំង ជាហិង្សាក្តី ធ្វើម៉េច​ឲ្យតែ​ឈ្នះ​ហើយ។​អញ្ចឹងយើង​ត្រូវបង្ហាញយុទ្ធ​​សាស្ត្រនយោបា​យដោយ​ភាសានយោ​បាយបែបណា បង្ហាញ​ចង់រួ​​​ម​គ្នាជា​ខ្មែរ»

បើតាមអ្នកវិភាគ ក្នុងរបបប្រជាធិបតេយ្យ ការបោះឆ្នោតមួយដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ គណបក្សដែលឈ្នះការបោះឆ្នោត ត្រូវតែឡើងកាន់អំណាចជាស្វ័យប្រវត្តិ នឹងមានការគាំ​ទ្រពីស​ហ​​គ​មន៍​ជាតិនិងអន្តរជាតិ។

ប៉ុន្តែពួកគេថា គណបក្សកាន់អំណាច និងគណបក្សប្រឆាំង ទោះបីគណបក្សណាមួយ​ឈ្នះការបោះ​ឆ្នោត​ឡើ​ង​​​​​​ទៅ​កាន់អំណាចក៏ដោយ ក៏ពួកគេមិន​អាចរកសំឡេង​ឈ្នះដាក់ដើម្បីបង្កើត​រដ្ឋាភិបាលតែម្នា​ក់ឯង​បា​​ន​​ទេ គឺត្រូវតែពឹងពាក់គ្នាដោយជៀសមិនផុត ក្រោយការបោះឆ្នោត ដូចនេះអ្នកវិភាគថា អ្នកនយោបា​​យ​​បា​យគួ​បង្កើតឲ្យមានវប្បធម៌សន្ទនា ជាជាងបង្កើតវប្បធម៌សងសឹក ទើបអាចជំរុញការអភិវឌ្ឍជាតិ ឈាន​ទៅ​ប្រ​​​កួតប្រជែងជាមួយប្រទេសជិតខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ