​អង្គការ​សហ​ប្រជា​ជាតិ​​៖​ ការ​ឃុំ​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ ​គឺ​មិន​ត្រឹម​ត្រូវ

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

អង្គការ​សហប្រជាជាតិ​ស្ដីពី​ការឃុំឃាំងដោយ​ឥតច្បាប់(WGAD) បានចាត់ទុក​​ការឃុំ​ខ្លួន​មន្រ្តីសិទ្ធិមនុស្ស និងមន្រ្តីគ.ជ.ប ថាមានភាពមិនត្រឹមត្រូវ ដូចដែលក្រុមអង្គការសិទ្ធិមនុស្សក្នុង​ស្រុកបាន​​លើកឡើងដែរ។

សេចក្តីប្រកាសព័ត៌មានរួម កាលពីយប់មិញ ក្រុមអង្គការសិទ្ធិមនុស្ស ឲ្យដឹងថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការឃុំឃាំងដោយ​ឥតច្បាប់ WGAD ​បាន​យល់ស្រប​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក ​នី ​ចរិយា ​អគ្គលេខា​ធិការ​រង​នៃ​គណៈកម្មារ​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ និងលោ​ក នី​ សុខា លោក យី ​សុខ​សាន្ត លោក ណៃ ​វ៉ង់ដា​ និង​លោក​ស្រី លឹម​ មុនី ជាមន្រ្តី​បួន​រូប​របស់សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អាដហុក)​ គឺ​​ “មិន​​ត្រឹម​ត្រូវ​​”

VOD នៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយទេនៅព្រឹក​នេះ។

ទោះយ៉ាងណាទាំងអង្គការជាតិនិងអន្តរជាតិ បានសំណូមពរ​ដោយ​ទទូច​​ ឲ្យ​អាជ្ញាធរ​កម្ពុជាអនុវត្ត​តាម​អនុសាសន៍​របស់ ​WGAD ដោយ​ធ្វើ​ការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាបន្ទាន់ និង​ត្រូវ​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​ទាំង​នោះ។​

បច្ចុប្បន្ននេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​​ក្នុង​ពន្ធ​នា​គារ​​រង់ចាំ​​​សវនាការ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​សូក​ប៉ាន់​សាក្សី ដែលមក​ទល់​ពេល​នេះ​មាន​រយៈពេលជិត៨ខែហើយ ។

បន្ថែមលើនេះ កាល​ពីថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក នី​ ចរិយា​ ពីបទ​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ​ ​ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​ ​ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថា​ធិប្បាយ​ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តា​ធិការ​ ហើយ​លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​​៦ខែ។ បទ​ចោទ​ទាំង​នេះ​ គឺ​កើត​ចេញ​មក​ពី​សំណុំ​រឿង​ព្រហ្ម​ទណ្ឌមួយ​ តាំង​ពី​ពេល​លោក​មាន​មុខងារ​ជា​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ឃ្លាំមើល ​​នៃ​សមាគម​អាដហុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ