សហជីព​ជាង​១២០​ប្ដឹង​ ​លោក ជា មុន្នី ចោទ​ថា ញុះ​ញង់​ឲ្យ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា

សហជីពជាង ១០០ បាន​ប្តឹងអតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី ដោយចោទថា ញុះញង់ឱ្យសហគមន៍អឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមក​លើ​ប្រទេស​កម្ពុជា។

ក្នុងបណ្តឹងចុះថ្ងៃទី១៨ ខែធ្នូ ក្រុម​មេធាវី​តំណាងសហជីព ១២០​ស្ថាប័ន បាន​លើក​ឡើង​ថា លោក ជា មុន្នី បាន​អំពាវ​នាវ​ទៅ​សហគមន៍​អឺរ៉ុប ឲ្យ​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​ពាក្យ​បណ្តឹងដដែល​នោះ ក្រុមសហជីពបានចាត់ទុកការអំពាវនាវរបស់ លោក ជា មុន្នី ថា មានចេតនាញុះញង់ឲ្យអ្នកបញ្ជាទិញទាំងអស់ឈប់ទិញផលិតផលវាយនភ័ណ្ឌ រួមទាំងផលិតផលផ្សេងៗពីកម្ពុជាទៅសហគមន៍អ៊ឺរ៉ុប និងញុះញង់ឲ្យកម្មករស្អប់ខ្ពើមរដ្ឋាភិបាល។

អាមេរិក​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​កន្លង​មក​នេះ បាន​សម្រេច​រឹត​បន្តឹង​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បន្ទាប់​ពី​អាមេរិក​ចាត់​វិធានការ​បែប​នេះ សភា​សហភាព​អឺរ៉ុប បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​កន្លង​មក ឲ្យ​​គណៈកម្មការ​អឺរ៉ុប​​ផ្អាក​ការ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​គយ​មក​ដល់​កម្ពុជា។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កម្ពុជា សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ គឺ​លោក កឹម សុខា មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ