លោក ជា មុនី លើកឡើងជាថ្មីទៀតថា ឃាតកម្មលើលោក ជា វិជ្ជា ជាប់ពាក់ព័ន្ធរដ្ឋាភិបាល

អតីតប្រធាន​សហជីព​សេរី​កម្មករលោក ជា មុនី ​នា​ពេល​កន្លង​មក​

សាច់ញ្ញាត្តិរបស់លោក ជា វិជ្ជា ដាក់ការសង្ស័យថា ការដែលសមត្ថកិច្ចនៅតែមិនអាចស្វែងរកចាប់ឃាតកពិតដែលបាញ់សម្លាប់បងប្រុសរបស់ខ្លួនមកដាក់ទោសនោះ ដោយសារឃាតកម្មនោះជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល។

អតីតមេសហជីពដ៏ល្បីល្បាញម្នាក់ គឺលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់កណ្តាលរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែតមួយជាប់របងវត្តលង្កា ដែលរហូតមកដល់ ពេលនេះមានរយៈពេល១៣ឆ្នាំហើយ សមត្ថកិច្ចមិនទាន់វែកមុខចាប់ឃាតកពិតមកដាក់ទោសបាននៅឡើយទេ។

ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុនី លើកឡើងមុនដល់ពេលរំឭកខួបនៃការបាញ់​សម្លាប់បងប្រុសលោកថា មូលហេតុដែលសមត្ថកិច្ចមិនអាចចាប់ ឃាតកមកដាក់បានដោយសារឃាតកម្មនោះជាប់ពាក់ព័ន្ធរឿងនយោបាយ។

លោកបន្ថែមថា៖ «រដ្ឋាភិបាលជាប់ពាក់ព័ន្ធដែរហ្នឹងហាស ស្អីក៏ដោយប្រសិនណារដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធអត់ពាក់ព័ន្ធនឹងឃាតករកឃើញហើយ។ យើងមើលទៅដូចករណីផ្សេងៗដែលមិនពាក់ព័ន្ធទៅនឹងមន្រ្តីមានអំណាច ឬមន្រ្តីមុខងារសាធារណៈនៅពីក្រោយខ្នងទេគឺគេចាប់បានភ្លាមៗ ប៉ុន្តែអ្វីដែលវាជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយដែលឥស្សរជនធំៗ ព្រះសង្ឃ និងអ្នកផ្សេងៗ ជាច្រើនទៀតគឺមិនដែលវែកមុខរកទេ។ អញ្ចឹងសម្តែងឲ្យឃើញថាមន្ត្រីសាធារណៈហ្នឹងវាពាក់ព័ន្ធ ទៅហើយ វាគ្មានអ្វីដែលលាក់បាំងទេ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រតិកម្មថាការលើករបស់លោក ជា មុនី នេះជាការបំភ្លើសគ្មានភុស្តតាង។ លោកស្នើឲ្យលោក ជា មុនី បង្ហាញភុស្តតាងដែលថា មន្រ្តីរដ្ឋាភិបាលជាប់ពាក់ព័ន្ធករណីឃាតកម្មនោះទៅសមត្ថកិច្ចជាជាងធ្វើការចោទប្រកាន់បែបនេះ។

លោកបន្ថែមថា៖ «ហើយ ជា មុនី ខ្លួនឯងបើគាត់ដឹងគាត់ ម៉េចមិនមកប្រាប់គេ គាត់ទៅស្រែកកណ្តាលផ្លូវ កណ្តាលទីលានហ្នឹងវាមានតម្លៃស្អីនៅក្នុងផ្លូវច្បាប់។ សូមឲ្យគាត់ចូលមកប្រាប់ថា ឈ្មោះនេះអ្នកសម្លាប់។ យើងទទួលតើ ស្រែក១៣ឆ្នាំ ស្រែកដដែលៗ គេមិនទាន់បិទ បញ្ជីអីណាហើយខ្លួនម៉េច[មិន]មកសហការជាមួយគេមក ដើរតែស្រែកអាគ្រុះជេរគេជេរឯងកណ្តាលវាលគេមិនខឹងផង»។

កាលពីឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មលើលោក ជា វិជ្ជា ប៉ុន្តែរហូតមកទល់ពេលនេះ គណៈកម្មការដែលបង្កើតឡើងដោយរដ្ឋាភិបាលនោះ ពុំទាន់ស៊ើបអង្កេតរកឃាត់ករពិតនិងអ្នកនៅពីក្រោយក្នុងឃាតកម្មនោះមកដាក់ទោសបាននៅឡើយទេ។

អ្នកសម្របសម្រួសបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត យល់ថា ការដែលអាជ្ញាធរមិនចាប់ឃាតកពិតមកដាក់ទោសនេះដោយសារអាជ្ញាធរមិនមានឆន្ទៈពិតប្រាកដក្នុងការស្វែងរក។

លោកបន្ថែមថា៖ «ខ្ញុំគិតថា នេះវាស្ថិតនៅលើឆន្ទៈពិតប្រាកដតែម្តង បើសិនជាសមត្ថកិច្ចមានឆន្ទៈ ខ្ញុំគិតថាសមត្ថកិច្ចកម្ពុជាឬរដ្ឋាភិបាលកម្ពុជាមិនអត់សមត្ថភាពទេក្នុងការស្វែងរកឃាតកពិតប្រាកដ ប៉ុន្តែបើមិនមានឆន្ទៈទេទោះជា១០០ឆ្នាំទៅទៀតក៍មិនរកឃើញដែរ»។

លោកបន្តថាការអូសបន្លាយមិនចាប់ឃាតកពិតមកដាក់ទោសនេះបង្ហាញឲ្យឃើញពីអំពើនិទណ្ឌភាពធ្ងន់ធ្ងរនៅកម្ពុជា។

នៅថ្ងៃទី២២ មករា ឆ្នាំ២០១៧ គឺជាខួប១៣ឆ្នាំ នៃឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា ហើយសហជីពសេរីកម្មករគ្រោងដឹកនាំកម្មករប្រមាណ១០០នាក់ ប្រារព្ធពិធីរំលឹកខួបនៃការបាញ់សម្លាប់នោះ នៅកន្លែងរូបសំណាក លោក ជា វិជ្ជា ក្បែរផ្ទះលោកនាយករដ្ឋមន្រ្តីជិតវិមានឯករាជ្យដើម្បីដាក់កំរងផ្កានិងគោរពវិញ្ញាណក្ខន្ធ។

លោក ជា មុនី ឲ្យដឹងថានៅក្នុងពិធីនោះលោកនឹងថ្លៃងសារដោយទាមទារឲ្យរដ្ឋាភិបាលត្រូវវែកមុខឃាតកពិត និងអ្នកនៅពីក្រោយមកដាក់ទោសដើម្បីផ្តល់យុត្តិធម៌ជួនបងប្រុសរបស់ខ្លួន។

គួររលឹកថា ករណីឃាតកម្មដែលគេសង្ស័យថាជាប់ពាក់ព័ន្ធរឿងនយោបាយដែលមិនត្រូវបានសមត្ថកិច្ចចាប់ឃាតករពិតមកដាក់ទោសនៅឡើយមានដូចជា ឃាតកម្មលើលោក ឈុត វុទ្ធី ព្រះតេជគុណ សម ប៊ុនធឿន និងលោក កែម ឡី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ