បក្សប្រឆាំង៖ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយបង្កឲ្យបែប​បាក់ជាតិយ៉ា​ងធ្ងន់​ធ្ងរ

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

បក្សប្រឆាំងបានបញ្ជាក់ជំហរថា មូលហេតុដែលតំណាងរាស្ត្ររបស់ខ្លួនមិនចូលប្រជុំ​ស​​ភាដើ​​​ម្បី​​​​​​​កែ​ច្បាប់​​គណ​​បក្សនយោបាយ តាមការស្នើរបស់​បក្សកាន់អំណាចនោះ ដោយថា​ការកែច្បាប់នោះ នឹងប​ង្ក​​ឲ្យ​បែ​ក​បា​​​ក់ជាតិ ផ្ទុ​យនឹងរដ្ឋ​ធ​ម្មនុ​ញ្ញ។

រដ្ឋធម្មនុញ្ញបានចែងថា កម្ពុជាអនុវត្ត​ន​យោ​​បា​យ​ប្រ​ជាធិបតិយ្យ សេរីពហុបក្ស។ ប៉ុន្តែក្រុមអ្នកតាមដានសង្គម និងអ្នក​នយោបាយជាច្រើនចាត់ទុកច្បាប់នេះថា នឹងនាំកម្ពុជាទៅរករបបឯកបក្ស។

នៅថ្ងៃទី២០ខែកុម្ភៈនេះ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងអនុម័ត ទៅលើសេចក្តីស្នើ​វិសោ​ធនក​ម្មច្បា​​ប់គណបក្សនយោបាយ ដែលស្នើឡើងដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែមានតែតំណាងរាស្ត្រ​បក្សប្រជាជន៦៦រូប ចូលប្រជុំ ក្នុងចំណោមសមាជិកសភាសរុប១២៣រូប។

មុនមួយថ្ងៃនៃកិច្ចប្រជំពេញអង្គនេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ​លើកឡើ​ងថា មួល​ហេ​តុ​ដែលតំណាងរាស្ត្ររបស់ខ្លួន មិនចូលរួមអនុម័ត សេចក្តីស្នើច្បាប់នេះ បក្សប្រឆាំងថា ខ្លឹមសារច្បា​ប់ថ្មីនេះ បង្កឲ្យបែ​ក​បាក់ជាតិយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ផ្ទុយនឹង​​ឆន្ទះប្រជា​ពលរដ្ឋខ្មែរ និង​ថាធ្វើឡើងដោយប្រញាប់ប្រញាល់ ហើយអាចយកមកប្រើប្រាស់ដើម្បីគាបសង្កត់និងបំផ្លា​ញគណបក្សជាគូប្រជែង។

ចំណែកអតីតប្រធានគណបក្សសង្ក្រោះជាតិ លោក សម រង្ស៊ី ដែលឡោមព័ទ្ធដោយបណ្តឹង ពីបក្សកាន់អំណាច និងកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានប្រើបណ្តាញសង្គមរិះគន់ធ្ងន់ៗថា «ច្បាប់នៅ​ប្រទេសកម្ពុ​ជា​ស​ព្វថ្ងៃ​ គឺតា​ក់តែងឡើងដោយរដ្ឋសភាទីងមោង តាមបញ្ជាជនផ្តាច់ការ ដោយមិនមាន​ការជជែកពិភា​ក្សាគ្នាត្រឹមត្រូ​វ រវា​ង​មតិ​ភាគច្រើន និងមតិភាគតិច ហើយច្បាប់នោះគឺគ្រាន់តែដើម្បីពង្រឹងអំណាចផ្តាច់ការ និងការពា​រផលប្រយោ​ជន៍ ​នែក្រុ​ម​មួយក្តាប់តូច ដែលកេងប្រវញ្ចផលប្រយោជន៍ជាតិ និងផលប្រយោជន៍រាស្ត្រជាទូទៅ»។

ក្រោយពីចូលរួមអនុម័តច្បាប់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានការពារថា ច្បាប់ស្តីពីគណបក្សនយោបាយចាស់មានការខ្វះចន្លោះ។ លោ​កថា​កា​រ​ស្នើ​ឲ្យធ្វើ​វិសោធនកម្មថ្មីនេះ ដើម្បីតម្រង់ទិសគណបក្សនយោបាយផ្សេងទៀត ឲ្យប្រកួតប្រ​ជែងបែបប្រ​ជាធិបតិយ្យ និងនីតិរដ្ឋ។

លោកថា៖ «ដើម្បីពង្រឹងប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ ហើយតម្រង់ទិស​គណបក្សនយោបា​យគោរពឲ្យបានត្រឹ​ម​ត្រូ​​វទៅ​តាមគោលការណ៍ច្បាប់ នោះទើបការអនុវត្ត ការប្រកួតប្រជែងនោះវាមានតម្លាភាព វាមានល​ក្ខ​ណ​ក្របខណ្ឌត្រឹមត្រូវ មិនរញេរញ៉ៃ អាហ្នឹងវាតែប៉ុណ្ណឹងទេ»។

ប៉ុន្តែសម្រាប់នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែលោក គល់ បញ្ញា លើកឡើងថា ច្បាប់ថ្មីនេះ បានដាក់សម្ពាធទៅលើបក្សប្រឆាំងកាន់តែខ្លាំង ពីសិទ្ធិធ្វើនយោបាយដោយតម្លាភាព តាមបែ​បប្រ​ជាធិបតេយ្យ ។ លោកបង្ហាញពីការព្រួយបារម្ភថា ករណីនេះនឹងបង្កផលប៉ះពា​ល់ដល់​ភាព​ត្រឹមត្រូវនៃការបោះឆ្នោតខាងមុខ។

លោកថា៖ «ច្បាប់ហ្នឹងវានឹងបង្កការងាយស្រួយ​ទៅធ្វើឲ្យគណបក្សប្រឆាំង គណបក្សមកប្រកួតប្រជែងហ្នឹង គ្នាស្ថិតក្នុងស្ថានភាពមួយ ដែលអាចឲ្យគេងាយក្នុងការបញ្ឈប់ ឬការរំលាយ។ ហើ​យវាប្រាកដ​ជាប៉ះពាល់ដ​ល់ការបោះឆ្នោតនឹង​ពិតជាប៉ះពាល់ដល់ការប្រកួតប្រជែង មិនត្រឹមត្រូវ និងយុ​ត្តិធ​ម៌ទេ។ ហើយបើប៉ះពាល់អាហ្នឹងវាប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស​ហើយ​។​ ពី​ព្រោះ​​គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សគេត្រូវការ ការគណបក្ស ដែលចូលប្រកួតប្រជែង ប្រហា​ក់​​ប្រហែលគ្នា»។

មាត្រា៣៨ នៃច្បាប់ថ្មីនេះ ចែងថា «ក្រសួងមហាផ្ទៃ​សម្រេចផ្អាក់​សកម្មភាពរបស់គ​ណបក្សនយោ​បាយ​នោះ​​ជាបណ្តោះអាស​ន្នក្នុងរយៈ​ពេលជា​ក់​លា​ក់។ ប្តឹងទៅតុលាការកំពូល ដើម្បីរំ​លាយគណ​បក្ស​នយោ​បាយនោះ ក្នុងករ​ណីកំហុ​សមាន​លក្ខណៈធ្ងន់ធ្ងរ»។

មាត្រា៦ចែងពីទោសកំហុសថា «គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើ​សកម្មភាពណា​មួយ ធ្វើ​ឲ្យមា​នអប​គ​មន៍ ដែលនាំ​​ឲ្យ​អន្តរាយដល់ឯកភាពជាតិ និងបូរណភាព​ទឹកដី។ ធ្វើវិទ្ធំង្សនា​ប្រឆាំងនឹ​ងរបបប្រ​ជាធិបតេ​​យ្យ​ សេ​រីពហុ​បក្សនិ​ងរបបរាជានិ​យ​មអាស្រ័យរដ្ឋធម្មនុញ្ញ។ ធ្វើឲ្យប៉ះពា​ល់ដល់សន្តិនៃរដ្ឋ​។បង្កើ​តកម្លាំ​ងប្រ​ដា​ប់អា​វុធ។​និ​ងធ្វើកា​រញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិ»។

កាលពីថ្ងៃទី១៧ខែកុម្ភៈ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងក្រុមអង្គការសង្គមស៊ីវិល បានចេញ​សេច​ក្តីថ្លែ​​ងការណ៍រួម ស្នើរដ្ឋសភាផ្អាកអនុម័តសេចក្តីស្នើច្បាប់នោះ ដោយបង្ហាញកា​រព្រួយបារម្ភថា ​ការឲ្យអំ​ណាចទៅ​ក្រ​សួងមហាផ្ទៃបញ្ឈប់ ឬផ្អាកសកម្មភាព​គណ​ប​​ក្សដែ​​​លប្រ​​កួតប្រជែង ​អាចធ្វើឲ្យ​ការអន​វុត្តច្បា​ប់​បែបនេះមិនត្រឹមត្រូវ និងក្រោមសម្ពាធនយបាយ ដោយថាចៅក្រម និងមន្រ្តីតុ​លាការមួ​យចំនួនជាស​មា​ជិ​​កគណ​បក្សនោះ។

សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងទៀតថា  ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់នេះ នឹង​ឈាន​ទៅដ​ល់កា​​​​រ​​លុ​​បបំ​បាត់​ឆន្ទះ​ន​យោបាយរបស់ប្រជាពលរដ្ឋដែលផ្តល់ឲ្យ តំណាងជាប់ឆ្នោត របស់ខ្លួន​តាមរយៈកា​​​រ​បោះឆ្នោត និងការ​ឈា​នទៅការរំលាយនូវអាសនៈជាអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងសមា​ជិក​ក្រុ​​មប្រឹក្សាឃុំសង្កាត់។

តំណាងរាស្រ្តអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ក៏បានរិះគន់សេចក្តីស្នើធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយនៅកម្ពុជានេះថា “ការអនុម័តច្បាប់នេះអាចនឹងជាសញ្ញាដល់មរណភាពដល់ប្រជាធិបតេយ្យនៅកម្ពុជា។ ហើយថាវាកំពុងរុញច្រានប្រទេសកម្ពុជាទៅជាគណបក្សតែមួយ និងធ្វើអោយបាត់បង់ទាំងស្រុងនូវភាពស្របច្បាប់នៃការបោះឆ្នោត“។

ប្រហាក់ប្រហែលគ្នានេះដែរ សមា​ជិ​ក​សភា​សហ​រដ្ឋអាមេរិក និងជាសហប្រធាន​នៃក្រុមសភា​តំណាងរាស្រ្ត​ ទទួល​បន្ទុ​ក​ប្រទេស​កម្ពុជា លោ​ក អាឡាន ឡូវិនថល (Alan Lowenthal) បាន​​ប្រតិ​កម្ម​​​​តប​ទៅនឹ​ងគ​ម្រោង​​វិសោធ​នកម្ម​ច្បាប់​​ស្តីពីគ​ណ​បក្ស​​នយោបាយ​ថា ច្បាប់​នេះ​នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋា​ភិ​បាល មាន​អំណាច​កាន់​​តែ​ខ្លាំង​ឡើ​ង​ក្នុង​​ការ​រារាំង​បក្ស​នយោ​បាយ​ដទៃមិន​ឲ្យ​ធ្វើ​នយោបាយ។ លោក​ថា ពេល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ វា​ជា​គ្រោះ​ថ្នាក់​មួយ​ដល់​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល បានបង្ហាញទស្សនៈ លើប​ណ្តាញសសង្គមថា «កម្ពុជាថ្ងៃនេះ​៖ ភាពអយុត្តិធម៌សង្គម កាន់តែរីកធំធាត់ នៅពេលដែល អ្នកកាន់អំ​ណា​ច ប្រើប្រាស់រដ្ឋសភា ដើម្បីរៀបចំច្បាប់ និងតុលាការដើម្បីកាត់ក្តី បម្រើផលប្រយោជន៍ខ្លួន»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ