គ្រូបង្រៀនគាំទ្របក្សប្រឆាំង១១នាក់ត្រូវក្រសួងលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការ

​សមាគម​គ្រូ​បង្រៀនកម្ពុជាឯករាជ្យឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ បុគ្គលិក​អប់រំ​ចំនួន១១នាក់ដែលជាអតីត មន្រ្តី និងអ្នកគាំទ្របក្ស​ប្រឆាំង​ត្រូវ​បាន​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ ដោយក្នុងនោះមាន ទាំង លោក រ៉ុង ឈុន ផងដែរ។

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. និងបច្ចុប្បន្នជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ប្រាប់វីអូឌីនៅថ្ងៃនេះថា តាមរបាយការណ៍ដែលសមាគម ទទួលបាន គឺមានគ្រូបង្រៀនដែលជាអតីតមន្រ្តីបក្សប្រឆាំងចំនួន១០នាក់ និងរូបគាត់ម្នាក់ត្រូវបានក្រសួង អប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌ។

លោកឲ្យដឹងថា ក្រុមគ្រូបង្រៀនដែលក្រសួងលុបឈ្មោះចេញពីក្របខណ្ឌនោះ នៅខេត្តសៀមរាប៤នាក់ ខេត្តព្រះសីហនុ២នាក់ កំពត១នាក់ កំពង់ស្ពឺ១នាក់ បាត់ដំបង១នាក់ និងភ្នំពេញ១នាក់ដែរ។

ជាអតីតបុគ្គលិកអប់រំដែលក្រសួងទើបលុបឈ្មោះចេញពីក្របខណ្ឌ ក្រោមហេតុផលថា អវត្តមានពីការងារ ដោយគ្មានច្បាប់អនុញ្ញាត លោក រ៉ុង ឈុន មានប្រសាសន៍ថា ករណីក្រសួងលុបឈ្មោះគាត់ និងគ្រូបង្រៀន ១០ផ្សេងទៀតនោះគឺ ធ្វើឡើងផ្ទុយពីច្បាប់ ជាការគំរាមកំហែង និងសងសឹកផ្នែកនយោបាយ។

លោកបន្ថែមថា«ការលុបនេះរំលោភទៅនឹងលក្ខខន្តិកៈមន្រ្តីរាជការស៊ីវិលត្រង់មាត្រា៤០ មាត្រា៤៧ ហើយ រំលោភទៅហ្នឹងអនុក្រឹត្សស្តីពីការដាក់ឲ្យមន្រ្តីរាជការដាក់លិខិតទៅមន្រ្តីក្រៅក្របខណ្ឌបាន ដែលយើងមើល ទៅថារំលោភច្បាប់យ៉ាងធ្ងនធ្ងរ ពីព្រោះតាមនីតិវិធីមុននឹងលុបមន្រ្តីណាម្នាក់ក្រោមឱវាទរបស់ខ្លួនត្រូវតែកោះ ហៅមកសាកសួរផ្ទាល់មាត់ ឬកោះហៅស្តីបន្ទោសតាមលិខិតរដ្ឋបាល១ដងជាពីរដងបានឈានទៅដល់ការ លុបឈ្មោះបានប៉ុន្តែយើងឃើញថា ក្រសួងមិនបានអនុវត្តទៅនីតិវិធីនេះទេ»។

វីអូឌីមិនទាន់អាចសុំឆ្លើយពីអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សាលីន បានទេនៅព្រឹកនេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី៣០ មករាដូចគ្នា រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ លោក ហង់ ជួនណារ៉ុនបាន​សម្រេចលុប​ឈ្មោះគ្រូបង្រៀន៤នាក់នៅសៀមរាប ២នាក់នៅខេត្តព្រះសីហនុ និងគ្រូតាមបណ្តាខេត្តផ្សេងៗ ដោយលើក ហេតុផលថាគ្រូបង្រៀនទាំងនោះ អវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។

កាលពីថ្ងៃទី១៥កុម្ភៈ គ្រូបង្រៀន២នាក់នៅសៀមរាបដែលត្រូវក្រសួងលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការ គឺលោក មុត ផល្លា និង លោក ពៀត ម៉ាប់ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់បានសុំច្បាប់ត្រឹម ត្រូវស្របតាមលក្ខខន្តិកៈ និងអនុក្រឹត្ស ដោយមានការអនុញ្ញាតពីមន្ទីរអប់រំខេត្តផងដែរ។

លោក មុត ផល្លា និយាយថា ករណី​ក្រសួងលុប​ឈ្មោះ​ពួកគាត់ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការគឺមិនបានធ្វើតាមវិន័យ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការនោះទេ គឺការលុបនេះធ្វើឡើងដោយសារតែពួកគាត់ជា សកម្មជន និងជាអ្នកគាំទ្របក្សប្រឆាំង។

លោកបន្ថែមថា៖ «ទី២ការធ្វើបែបនេះ ខ្ញុំយល់ឃើញថា វាមិនមែនជាចេតនាបែបរដ្ឋបាល ឬការងារបច្ចេកទេសទេ វាជាឆន្ទៈបែបនយោបាយច្រើនជាង ពីព្រោះ ខ្ញុំជាអ្នកនយោបាយនៅថ្នាក់មូលដ្ឋាន[អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ] ហើយខ្ញុំជាប្រធានប្រតិបត្តិខេត្តសៀមរាបផង និងសមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតផង។ ដូច្នេះហើយ ខ្ញុំគិតថា ការលុបឈ្មោះ​នេះរបៀបជាស្តង់ដារជារឿងនយោបាយច្រើនជាង»។

ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការពី មានត្រា៤០ ចែងថា មុនឈានទៅដល់ដាក់វិន័យ និង លុបឈ្មោះ មន្រ្តីណាម្នាក់ចេញពីក្រមខណ្ឌគឺត្រូវណែនាំតាមបែបរដ្ឋបាល ដោយហៅមកស្តីបន្ទោសផ្ទាល់ ឬតាមរយៈ ចំណាលិខិត និងព្យួរការងារមួយរយៈសិនជាដើម។ ចំណែកមាត្រា៤៧ ចែងថា មុនបញ្ជូនសុំណុំរឿងមន្រ្តីរាជ ការណាម្នាក់ទៅក្រុមប្រឹក្សាវិន័យសម្រេចចោទប្រកាន់ ត្រូវឲ្យមន្រ្តីរាជការនោះឆ្លើយដោះសារផ្ទាល់មាត់ និង លាយលក្ខណ៍ជាអក្សរ ប្រសិនបើពួកគេតវ៉ានិងសេចក្តីណាមួយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ