អ្នកតាមដានយល់ថាការស្តីបន្ទោសមន្ត្រីតុលាការមិនមែនជាយន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ

ក្រុមអ្នកតាមដាន លើកឡើងថា ការដាក់ពិន័យ​ត្រឹម​ស្តីបន្ទោស​ ទៅលើចៅក្រម និងព្រះរាជអាជ្ញា​ ដែល​ពួ​ក​​គេប្រព្រឹត្តខុស មិនមែនជា​យន្តការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ ធានាដ​ល់យុត្តិ​ធម៌សង្គមទេ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីម្សិលមិញ បានបើកសម័យប្រជុំលើកទី២៩ ក្រោមព្រះរាជាធិបតី ព្រះ​ម​​​ហា​ក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។

ក្រោ​​យបិទកិច្ចប្រជុំ អគ្គលេខាធិការ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ​លោក សំ ប្រជាមានិត ប្រាប់​អ្នកសា​រព័ត៌​មា​ន​​ថា ​អង្គប្រជុំបានឯកភាព ដាក់ពិន័យចៅក្រម ១២រូប និងព្រះរាជអាជ្ញា៥រូប។ លោកថា ពិន័យនោះភាគច្រើន ជា​កា​​​​​រ​ស្តីបន្ទោសផ្ទាល់មាត់ ពាក់ព័ន្ធ​នឹង​ផ្នែក​រដ្ឋបាល​​។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា ការបង្ហាញរបាយការណ៍ ទូលព្រះមហាក្សត្រ ក្នុងនា​មព្រះអ​ង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពីចំនួនមន្ត្រីតុលាការដែល​បានធ្វើខុសលោ​កថា ជាទិដ្ឋភា​ព​ខា​ងក្រៅឆាក ប៉ុន្តែលោកថា ព្រះមហា​ក្សត្រទំនងជាទ្រង់ឆ្វេ​ងយល់ថា ប្រព័ន្ធយុត្តិធម៌ពេលនេះ បានផ្ត​ល់ទំ​​នុកចិត្តដល់ពលរដ្ឋកម្រិតណា បើទោះបីព្រះអង្គបានរក្សាភាពស្ងាត់ស្ងៀមក៏ដោយ។

លោក មាស នី វិភាគទៀតថា បើគេប្រៀបធៀបពីទំហំនៃបញ្ហាកើតឡើងក្នុងសង្គម និងចំណាត់ការស្តីបន្ទោស មន្ត្រីតុលាការជាង១០រូប លោកថា ប្រហែលជាមិនមែនជាយន្តការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទេ។

លោកថា៖ «ខ្ញុំគិតថាមិនទាន់គ្រប់គ្រាន់ទេ ដោយសារដាក់ពិន័យដោយសាររឿងស្អី? ថាតើដាក់ពិន័យដោយសា​រតែមិនបានបំពេញ​តួនាទីតាមវិជ្ជាជីវៈទៅតាមអ្វីដែលបានចែងក្នុងក្រមសីលធម៌ ឬដោយសារតែចៅក្រមនិ​ងព្រះរា​ជអា​ជ្ញាហ្នឹងឯងមិនបានធ្វើនូវអ្វីដែលអ្នកនយោបាយប្រាប់ឲ្យធ្វើ»។

អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការប្រកាសដាក់ពិន័យមន្ត្រីតុលាការ លោកថាមិ​ន​មែ​ន​ជារឿងថ្មីទេ ហើយថាការស្តីបន្ទោស ក៏មិនមែនជាការ​ធ្វើកំណែទម្រង់ ​ជំរុញឲ្យមានយុត្តិ​ធម៌​សង្គ​ម​ដែ​​រ​​។

អ្នកតាមដានរូបនេះ ពន្យល់ថា ការធ្វើកំណែទម្រង់ពិតប្រាកដ លុះណាតែរដ្ឋមានច្បា​ប់ហាមមន្ត្រី​តុ​លា​​ការ កុំ​ឲ្យ​​ចូ​ល​ជា​ស​មាជិកនយោបាយ និងត្រូវធ្វើច្បាប់ដាក់ទោស អ្នកនយោបាយណា ដែលប្រើ​អំណា​ច ឬឥទ្ធិពល រប​ស់ខ្លួន ទៅជ្រៀតជ្រែក ប្រព័ន្ធយុត្តិធម៌។

លោកថា៖ «ត្រូវមានច្បាប់ដាក់ទណ្ឌកម្មទៅលើអ្នកណាដែលដាក់សម្ពាធទៅលើចៅក្រមនិងព្រះរាជអាជ្ញា​។ហើយ​ក៏ត្រូ​វបណ្តុះបណ្តាលក្រមសីលធម៌​មួយ ក្នុងចំណោមមេដឹកនាំ អ្នកកាន់អំណាចហ្នឹងថា នៅពេល​ដែល​ករណី​ណា​មួយទៅដល់តុលាការពិនិត្យមើលហើយ គឺខ្លួនឯងអត់ត្រូវធ្វើអ​ត្ថាធិប្បាយស្អីទេ​។ អត្ថាធិប្បាយស្អី​ឡើងចុះ​ អាហ្នឹ​ងជា​កា​​រដាក់សម្ពាធតុលាការទេ»។

បើតាមលោក ឡៅ ម៉ុងហៃ ចៅក្រម និងប្រធានតុលាការមួយចំនួនជាគណៈអចិន្ត្រៃយបក្ស ឬគណៈ​កម្មាធិ​កា​រកណ្តាល ​ឬហៅមជ្ឈឹមបក្ស របស់គណប​ក្ស​កាន់អំ​ណាច។

ក្នុ​ង​នោះមានលោក ឌិត មន្ទីរ ជាប្រធានតុលាការកំពូលបច្ចុប្បន្ន លោកចៅក្រម ជីវ កេង និងអ​គ្គព្រះ​​រាជ្ញា​លោ​ក​ស្រី​ ជា លាង ជាដើម។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគ ប្រហាក់ប្រហែលដែរថា របាយការណ៍នៃការស្តីបន្ទោសនេះ មិនមែនជាការធ្វើកំណែទម្រង់ទេ ដោយថាទំនងជាឆុតឆាកមួយ ត្រូវគេរៀបចំឡើង ទូលព្រះមហាក្សត្រថា ស្ថា​ប័​ន​តុ​​​លាការកំពុងបំពេញការងារបានល្អតាមវិជ្ជាវីជីវៈ។ប៉ុន្តែលោកថា របាយការណ៍នេះ​មិនឆ្លុះបញ្ជាំ​ងកា​រពិត​ទេ​។​

លោកថា៖ «ការចាប់សកម្មជនសិទ្ធិមនុស្ស ការរំលាយគណបក្សប្រឆាំង ការចាប់សកម្មជនមាតាធម្មជាតិ និងមាន​សកម្មភា​ពច្រើនទៀតសឹងថារឿងអយុត្តិធម៌នៅក្នុងស្រុកខ្មែរ ហ្នឹងរៀបរាប់មិនអស់ទេ ទាំងខ្ញុំទាំ​ងគេ​នរណា​ក៏​មើលឃើញដែរ»។

ទោះ​ជាយ៉ាងណា ក្រុមអ្នកតាមដាន បានផ្តល់ជាយោបល់ថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នោះណាតែ រដ្ឋធ្វើ​ច្បា​​ប់​ កុំឲ្យក្រសួងយុត្តិធម៌ ដែលជាសេនាធិការ របស់រដ្ឋាភិបាលនោះ មានអំ​ណាចទៅលើចៅ​ក្រម និ​ងព្រះ​រា​​ជអាជ្ញា​​ ឬជ្រៀតជ្រែកចូលក្នុងកិច្ចការ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ