រដ្ឋាភិបាលរឹតបណ្តឹងផ្នែករដ្ឋបាលលើកម្មករជាជនបរទេស

រដ្ឋាភិបាលប្រកាសចាត់វិធានការទៅលើជនបរទេសទាំងឡាយណាដែលមករកស៊ី និងធ្វើការងារនៅកម្ពុជា ដោយមិនគោរពតាមច្បាប់ការងារ និងច្បាប់អន្តោប្រវេសន៍។

ក្នុងសេចក្តីប្រកាសរួមគ្នាចុះថ្ងៃទី១៩ ខែកុម្ភៈ ក្រសួងមហាផ្ទៃ និងក្រសួងការងារបានបញ្ជាទៅមន្រ្តីក្រោមឱវាទដែលពាក់ព័ន្ធឲ្យចុះត្រួតពិនិត្យកម្មករបរទេសតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងកន្លែងផ្សេងៗទៀត ដែលសង្ស័យថា ស្ថាប័នទាំងនោះលាក់បំពួន និងប្រើប្រាស់កម្មករបរទេសខុសច្បាប់។

ក្នុងសេចក្តីប្រកាសដែល បញ្ជាក់ថា ករណីរកឃើញម្ចាស់ គ្រឹះស្ថាន និងស្ថាប័នណាមួយទទួលជនបរទេស ឬពលករបរទេសបម្រើការងារ ដោយគ្មានប័ណ្ណនិងសៀវភៅការងារ គឺត្រូវធ្វើការពិន័យជាប្រាក់ ឬផ្តន្ទាទោសតាមច្បាប់ស្តីការងារ និងបណ្តេញចេញពីប្រទេសកម្ពុជាតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

ចំណែកពលករបទេសរស់នៅតំបន់ព្រំដែន ដែលចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងប្រកបមុខរបណាមួយដោយចូលព្រឹក ចេញល្ងាចឬស្នាក់នៅរយៈពេលខ្លី ត្រូវបំពេញបែបបទតាមច្បាប់ ឬកិច្ចព្រមព្រៀងទ្វេរភាគីដែលតម្រូវឲ្យមានប័ណ្ណ និងសៀវភៅការងារ។

កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុបានចេញរបាយការណ៍មួយ ដោយអះអាងថា កំណើនជនបរទេសនៅក្នុងខេត្តនោះ បានធ្វើឲ្យជួបទាំងផលវិជ្ជមាន និងផល   អវីជ្ជាមាន ដោយថា ក្នុងចំណោមជនបរទេសទាំងនោះ ភាគច្រើនជាជនជាតិចិន ដែលកំពុងធ្វើសកម្មភាពខុសច្បាប់ពិបាកក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់។

កាលពីថ្ងៃទី១១ខែមករា មន្ត្រី​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ជន​បរទេស​ជិត ២​ពាន់​នាក់ ក្នុង​ចំណោម ៤៧​សញ្ជាតិ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន ដោយ​ក្នុង​នោះ ភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ