ក្រសួងមហាផ្ទៃថា ករណីផ្ទុះហិង្សានៅខេត្តក្រចេះ ផ្ដើមចេញពីពលរដ្ឋមុន

រូបភាពបង្ហាញពីការប៉ះទង្គិចរវាងពលរដ្ឋ និងសមត្ថកិច្ចក្នុង​ខេត្តក្រចេះ (ប្រភពហ្វេសប៊ុក)

ក្រសួងមហាផ្ទៃបានបញ្ចប់ការស៊ើបអង្កេតករណីផ្ទុះ​អំពើ​ហិង្សារវាងពលរដ្ឋមានជម្លោះដីធ្លី​ និងសមត្ថកិច្ច​ចម្រុះ​នៅ​ខេត្ត​ក្រចេះ​ហើយ ដោយសន្និដ្ឋាន​ថា មិនមានមនុស្សស្លាប់នោះទេ ហើយថា ការប៉ះទង្គិចគ្នានោះ គឺផ្ដើមចេញពីប្រជាពលរដ្ឋ។

ការរកឃើញបែបនេះ គឺបន្ទាប់ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជុំវិញភាពចម្រូងចម្រាស់នៃចំនួនអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ប៉ះ​ទង្គិច​ដោយ​ហិង្សា​នោះ។

កាលពីថ្ងៃទី៨មីនា ប្រជាពលរដ្ឋជាង២០០នាក់ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល បានតវ៉ាបិទផ្លូវជាតិ ៧៦A ដើម្បី​រាំង​ខ្ទប់​កម្លាំង​ចម្រុះ ដែលបានចុះទៅ​រុះរើផ្ទះសម្បែង​របស់​ពួកគេ និងការពារគ្រឿងចក្ររបស់ក្រុមហ៊ុនចម្ការកៅស៊ូ «មេមត់» ដែល​បាន​ចុះ​កាយក្រវាត់ព្រំដីក្នុងតំបន់មានជម្លោះ។

ការប្រឈមដាក់គ្នានេះ បានឈានដល់ការផ្ទុះហិង្សា និងបាញ់ប្រហារពីកម្លាំងមានសមត្ថកិច្ច ហើយ​សេចក្ដី​រាយការណ៍​បឋមនានា បាន​ឲ្យ​ដឹងថា ពេលនោះ មានអ្នកស្លាប់ ៨នាក់ និងរងរបួសជាង ៤០នាក់ឯណោះ។

ប៉ុន្ដែ អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានច្រាលចោលព័ត៌មាននេះ ដោយថា មានអ្នករងរបួសតែ ២នាក់ប៉ុណ្ណោះ ចំណែក​ខាងសមត្ថកិច្ចរងរបួស ៧នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD នៅថ្ងៃនេះថា អាជ្ញាធររកមិនឃើញមានអ្នកស្លាប់នោះទេ ប៉ុន្ដែ មានតែអ្នករងរបួស ២នាក់។ លោកថា ករណីផ្ទុះហិង្សានេះ ផ្ដើមចេញពីប្រជាពលរដ្ឋមានជម្លោះដីធ្លី និងថា កម្លាំងសមត្ថកិច្ច គ្មានកំហុសអ្វីនោះឡើយ ព្រោះពួកគេបាញ់រះឡើងលើ និងមិនបណ្ដាលឲ្យមនុស្សស្លាប់។

លោកថា៖ «អត់ឃើញមានអ្នកស្លាប់ទេ មានតែអ្នករបួស ២នាក់ មិនឃើញមានអ្នកស្លាប់ដូចអាស៊ីសេរីណាទេ សំខាន់​គឺ​ការ​ប្រើ​ប្រាស់​កាំបិត ពូថៅហ្នឹង បិទផ្លូវ ម៉្លោះ​ហើយសមត្ថកិច្ចសុំកុំឲ្យបំផ្លាញ គាត់មិនស្ដាប់ គាត់ដាក់មកសមត្ថកិច្ចមុន ហ្នឹង​ហើយ​គឺ​គាត់​ផ្ដើម​មុន។ ពលរដ្ឋអ្នកផ្ដើមហិង្សាមុន ក្នុងនោះ មានការញុះញង់ពីក្រោយ ដើម្បីឲ្យធ្វើហ្នឹងទៅ។ សមត្ថកិច្ចបាញ់តែឡើងលើ បើបាញ់មែនទែន មិនមែនតែប៉ុណ្នឹងទេ វាងាប់មនុស្សបាត់ហើយ បើសិនជាបាញ់តម្រង់មហាជន ងាប់បាត់ហើយ បាញ់ផង ដក​ថយ​ផងហ្នឹងណា»។ ​

ក្រុមអ្នកភូមិ​អះអាង​ថា ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ គឺជា​កម្មសិទ្ធិរបស់​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​បង្កើត​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលទទួលបានសិទ្ធិវិនិយោគ​ដាំដំណាំ​ឧស្សាហកម្ម​កៅស៊ូ ​លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតា (៩.៨៥០​ហិកតា) រយៈពេល ៥០​ឆ្នាំ​ចាប់​​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ ​ក្រុមហ៊ុន​នេះ ​បាន​វិនិយោគ​បន្ត​​ឲ្យ​ទៅក្រុមហ៊ុន​វៀតណាម​​កាលពី​ឆ្នាំ២០១៦​។

ប៉ុន្ដែ សារព័ត៌មាន VOA បានចុះផ្សាយដោយយោងរបាយការណ៍រដ្ឋាភិបាលនៅថ្ងៃនេះថា ក្រុមហ៊ុន​មេមត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋនេះ គឺមានជាប់ពាក់ព័ន្ធសាច់ញាតិ​លោកស្រី ប៊ុន រ៉ានី ភរិយានាយករដ្ឋមន្ដ្រី​ ហ៊ុន សែន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ