លោក ហ៊ុន សែន៖ កម្ពុជាគ្មានគម្រោងជម្លៀសពលករចេញពីកូរ៉េខាងត្បូង

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:56 PM | អភិបាលកិច្ចល្អ | 0 | 2428 ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការពារថា មូលហេតុដែលកម្ពុជាគ្មានគម្រោង​ជម្លៀសពលរ​ដ្ឋខ្លួនជា​ង៤ម៉ឺ​ន​​នាក់ ​ចេញពីប្រទេសកូរ៉េខាងត្បូង ដោយលោកគិតថា សង្គ្រាមនៅប្រ​ទេសនោះនឹ​ងមិន​អា​ច​កើត​ឡើងទេ។

នៅប៉ុន្មានថ្ងៃនេះ សហរដ្ឋអាមរិក បានគំរាមថា នឹងវាយបកទៅលើប្រទេសកូរ៉េខាងជើង បើប្រទេសកុម្មុ​យនីស្ត​ឯក​កោមួយនេះ ដែលដឹកនាំដោយ គឹម ជុងអ៊ុន ហ៊ានបាញ់អាវុធនុយក្លេអ៊ែ និងបន្តបាញ់សាកល្បងគ្រាប់មីស៊ីល តាមការគ្រោងទុក ប្រឆាំងនឹងបំរាមរបស់អង្គកា​រសហប្រ​ជា​ជា​តិនោះ។ ​បញ្ហានេះ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនបារម្ភថា សង្គ្រាមនៅឧទ្វីបកូរ៉េទាំងពីរនឹងអាចផ្ទុះឡើង។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យល័យមួយក្នុងរាជធានីភ្នំពេញនាថ្ងៃទី២០ខែមេសានេះ នាយ​ករ​ដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន អះអាងថា ៩៩,៩ភាគរយ សង្គ្រាមនៅកូរ៉េនឹងមិនផ្ទុះឡើងនោះទេ។

លោក ហ៊ុន សែន បញ្ជាក់ទៀតថា បញ្ហាមួយទៀត បើកម្ពុជាជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកូរ៉េខាងត្បូងនៅពេលនេះ មិនប្រាកដថា សាធារណៈរដ្ឋកូរ៉េនឹងទទួលយកពលរដ្ឋខ្មែរទាំងនោះ ទៅធ្វើការនៅប្រទេស កូរ៉េវិញនោះទេ ​នៅពេល​ដែ​ល​ពួ​ក​គេចង់ត្រឡប់ទៅវិញ។

លោកថា ដូចនេះ ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ គួតែបន្សាំខ្លួនរស់​នៅ​​ជាមួយពលរដ្ឋគេ ក្រោមការចាត់ចែងរបស់រដ្ឋបាលនៃប្រទេសកូរ៉េខាងត្បូង។

លោកថា៖ «ប្រទេសអ្នកមានអ្នកមានៗ មានយន្តហោះគគោក គេមិនទាំងធ្វើដឹងធ្វើឮផង រាប់ទាំងអនុ​ប្រ​ធានា​​ធិបតីអាមេរិកមកកូរ៉េ គេមិនខ្លាចអី រួចអីឯងក៏ខ្លាចម៉េះ។ ប៉ុន្តែសុំជម្រាបឲ្យហើយ បើជម្លៀសហើ​​យ កុំ​សង្ឃឹ​ម រកទីផ្សារពលកម្មកូរ៉េ តទៅទៀតទេ។ ឥឡូវពេល​អ្ហែងរត់​ចោ​ល​អញ់ទៅតែម្តងទៅ មិនអាច​ទៅ​រក​ការងារធ្វើនៅកូរ៉េទៀតទេ។ ក្នុងពេលដែលរាជរដ្ឋាភិបាល ខ្ញុំជួបនឹងប្រធានាធិបតីកូរ៉េលើកណា ក៏តែងតែសំណូមពរឲ្យមិត្តកូរ៉េ បង្កើន​នៃ​កា​រយកពលករខ្មែរទៅធ្វើការនៅកូរ៉េដណ្តើមគ្នា។ ពលករនៅកូរ៉េមិនមែនមានតែខ្មែរមួយគត់ទេ ថៃក៏មាន ហ្វីលីពីនក៏មាន វៀតណាមក៏មាន ចិនក៏មាន។ យើងបង្កើនតាំងពីរាប់រយ ឡើងដល់រាប់ម៉ឺន បែ​ជាទៅ​ខាត​ប​ង់ដោយគ្មានហេតុផល»។

នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ការលើក​ឡើងរប​ស់រដ្ឋាភិបាល លោកថាជារឿងត្រឹមត្រូវមួយផ្នែក ប្រសិនបើសង្គ្រា​មនៅ​ឧ​ប​ទ្វី​​បកូរ៉េ មិ​នផ្ទុះឡើ​ងដូច​ការវិ​ភា​គ របស់នាយករដ្ឋមន្ត្រីកម្ពុជាមែន។

ប៉ុន្តែលោក មឿន តុលា ជំរុញរដ្ឋាភិបាល គួតែបង្ហាញការ​យកចិត្តទុក​ដាក់ទៅលើពលរដ្ឋខ្លួន ដែលកំ​ពុងធ្វើ​ការនៅទីនោះ ឲ្យបានច្រើន​ជាង​នេះ។ លោកថា រដ្ឋាភិបាល គួរស្វែងរកជួ​ប ​​ជា​​​មួយ​ភាគី​​ពាក់ព័ន្ធ រួមទាំ​ងដំ​ណា​​​ង​អង្គសហប្រជាជាតិផង ដើម្បីបញ្ជាក់ពួកគេថា បើសិនសង្គ្រាម​ផ្ទុះ​ឡើ​ង ពលករ​ខ្មែរគួ ឲ្យពួកគេ​ស្នា​ក់នៅកន្លែងណាពិតប្រាកដ មានសុវត្ថភាព។

លោកថា៖ «បើកាលណាយើងមានផែនការ យើងនិយាយជាមួយភាគី កូរ៉េខាងត្បូងនឹងច្បាស់លាស់ ថាតើត្រូ​វបញ្ជូ​នពលរដ្ឋយើងមក ឬត្រូវរកកន្លែងដែលមានសុវត្ថិភាពបំផុត ឲ្យពលរដ្ឋយើងស្នាក់នៅ​បណ្តោះ​អាស​ន្នមា​ន​ភាគីពាក់ព័ន្ធផ្សេងទៀត ដូចជា UN អីជាដើមបើសិនជាមានសង្គ្រាមកើតឡើង។ ខ្ញុំបញ្ជាក់ហើយ បញ្ជាក់ទៀតថា រដ្ឋមួយត្រូវតែមានផែនការច្បាស់លាស់ មិនអាចពឹងផ្អែកទៅលើប្រទេសគេ ដើ​ម្បីឲ្យ​ការពារ​ពលរ​ដ្ឋខ្លួនឯងទេ ព្រោះក្នុងករណីដែលសង្គ្រាមកើតឡើង ពេលហ្នឹង ​ស្ថានភា​ពមិន​អាច​គ្រ​ប់គ្រងបានទេ»។

យ៉ាងនេះក្តី លោក ហ៊ុន សែន បានប្រៀបធៀប ករណីពីរផ្សេងទៀត ដែលកម្ពុជាមិន​ជម្លៀស​ពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាលចេញ​ដូចគ្នា​ ដូ​ចជា​ ព្រឹ​ត្តិការណ៍ រញ្ជួយដី នៅប្រទេសជប៉ុន និងព្រឹត្តិការណ៍ប្រឈម នៅ​​ប្រទេស​ថៃ ​​​អំឡុ​ង​ឆ្នាំ​២០១២ រវាង​ក្រុ​ម​អ្នក​គាំ​ទ្រគណបក្សនយោបាយ អាវលឿង និងអាវក្រហម ដែល​លោ​កថា ការ​ស​​ម្រេច រប​ស់​លោកនៅពេលនោះ ទទួលបានជោគជ័យ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required