ពលរដ្ឋស្រុកលើកដែកខេត្តកណ្តាលបារម្ភពីការបាក់ច្រាំងទន្លេ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:31 PM | សន្ដិសុខ | 0 | 4760 បាក់ច្រាំងនៅស្រុកលើកដែក (ហ្វេសប៊ុក Thun Ratha)

ពលរដ្ឋនៅឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្ដកណ្ដាល បន្តព្រួយបារម្ភពីការបន្តបាក់ស្រុតច្រាំងទន្លេមេគង្គ ខណៈពួកគេកំពុងរង់ចាំដំណោះស្រាយពីអាជ្ញធរនៅឡើយ។

កាលពីម្សិលមិញមានការផ្សព្វផ្សាយរូបភាពនៃការបាក់ស្រុតច្រាំងទន្លេមេគង្គតាមរយៈបណ្តាញសង្គម ពីពលរដ្ឋដែលរស់នៅឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្ដកណ្ដាល ហើយសំណូមពរដល់ក្រសួង ឬអ្នកពាក់ព័ន្ធ មានចំណាត់ការដែលអាចទទួលយកបាន ដោយថា ការបាក់ស្រុតច្រាំងទន្លេនេះ ហាក់កើតឡើងបន្ដបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភរៀងរាល់ថ្ងៃ។

ពលរដ្ឋដែលមានផ្ទះនៅទល់មុខកន្លែងច្រាំងបាក់ខាងលិចផ្លូវ លោក ឃត ឲ្យដឹងថា មូលហេតុដែលច្រាំងបាក់នេះ មកពីចរន្តទឹកមកពីលើខ្លាំងពេក និងដោយសារទីតាំងនេះនៅទល់មុខកោះដែលដុះខ្សាច់លយមក ធ្វើឲ្យខ្សែទឹកហូរមកបុកធ្វើឲ្យច្រាំងបាក់។

លោក​បន្ត​ថា ឥឡូវនេះដីពីច្រាំងមកផ្ទះអ្នកស្រុកនៅសល់ប្រហែលជាបួនម៉ែត្រទៀតប៉ុណ្ណោះ និងពិបាកដល់អ្នកធ្វើដំណើរតាមផ្លូវ។

លោកថា៖ «សុំសំណូមពររដ្ឋាភិបាលជួសជុលច្រាំងហ្នឹងវិញ ​​ដូចនៅវៀតណាមចឹង វៀតណាមគេធ្វើស្អាត គេបាក់ដូចយើងដែរ ប៉ុន្តែគេធ្វើស្អាតឲ្យប្រជាជនគេរស់នៅស្រួលណាស់»។

អ្នកស្រី នី អាយុ៥៩ឆ្នាំ មានកូន៨នាក់ ឲ្យដឹងថា កូនគាត់ធ្លាប់រើផ្ទះចំនួន៥ដងរួចមកហើយ ពីខាងកើតផ្លូវជាប់មាត់ទន្លេមកនៅជុំគ្នានៅផ្ទះរបស់គាត់ខាងលិចផ្លូវវិញ។ អ្នកស្រីបារម្ភថែមមួយទៀត បើសិនជាគេធ្វើផ្លូវវៀងដែលអាចប៉ះពាល់ដីរបស់គាត់។

អ្នកស្រីថា៖ «សំណូមពររដ្ឋាភិបាលឲ្យជួយធ្វើផ្លូវមុខឲ្យជាប់ទៅ ផ្លូវក្រោយធ្វើមិនធ្វើហីទៅឲ្យតែជាប់មុខ បើជាប់មុខផ្ទះយើងមាននៅ ហើយតែធ្វើផ្លូវក្រោយយើងរុះរើផ្ទះហើយ អត់មានដីនៅ បានអីនៅ?»។

អភិបាលរងស្រុកលើកដែក ខេត្ដកណ្ដាល លោកស្រី គូ មុនី ឲ្យដឹងថា ធា្លប់មានវិធានការដោះស្រាយកន្លងមកដូចជាការត្រៀមបំរុងត្រៀមបង្ការ និងជួយឧបត្ថម្ភជាហូរហែរ។

លោកស្រីបន្តថា ករណីទើបបាក់ច្រាំងបន្តទៀតនេះ ខាងជំនាញក្រសួងសាធារណៈការនិងធនធានទឹកកំពុងសិក្សារកដំណោះស្រាយ។

លោកស្រីមានប្រសាសន៍ថា៖ «មើលចន្លោះកន្លែងណាដែលជាផ្លូវវៀងមិនសូវប៉ះពាល់ជាមួយផលប្រយោជន៍ប្រជាជនខ្លាំង យើងកំពុងសិក្សាកន្លែងហ្នឹងដើម្បីដោះទាល់ចរាចរណ៍…»។

បើតាមពលរដ្ឋបញ្ជាក់ឲ្យដឹងដែរថា កាលពីប្រាំពីរទៅប្រាំបីឆ្នាំមុនរដ្ឋាភិបាលធ្លាប់បានបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់លែងឲ្យដំណើរការនៅតំបន់នេះ។

ពលរដ្ឋបញ្ជាក់ទៀតថា ច្រាំងបាក់នេះកើតឡើងបីបួនដងហើយ ហើយកាលពីបួនប្រាំឆ្នាំមុនក៏មានផ្ទះប្រជាជននៅខាងកើតថ្នល់ជាប់មាត់ទន្លេដែរ ប៉ុន្តែពួកគេប្រហែល២០គ្រួសារបានរុះរើចេញអស់។

ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្ដកណ្ដាល មានចម្ងាយប្រហែល១៨គីឡូម៉ែត្រ ពីព្រំដែនវៀតណាម។

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required