បណ្ណារក្ខហុងកុង​​ជាប់​​ឃុំឃាំង​បរិហារ​ទង្វើ​អាជ្ញាធរ​ចិន

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 9:37 AM | អន្តរជាតិ | 0 | 1706 (រូបភាពពី BBC)

បណ្ណារក្ខហុងកុងម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនខែកាលពីឆ្នាំមុននោះបាននិយាយថាលោកគិតចង់បញ្ចប់ជីវិតខ្លួនឯងជាច្រើនលើកហើយអំឡុងពេលជាប់ឃុំឃាំងនៅចិនដីគោក។

សារព័ត៌មាន BBC បានរាយការណ៍ថា លោក ឡាំ វីងគី អាយុ៦១ឆ្នាំគឺជាអ្នកគ្រប់គ្រងបណ្ណាគារដ៏ល្បីមួយកន្លែង ដែលលក់សៀវភៅនានាដែលនិយាយរិះគន់មេដឹកនាំចិន។

លោក ឡាំ គឺជាបណ្ណារក្ខម្នាក់ក្នុងចំណោមបណ្ណារក្ខ៥នាក់ដែលត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនអស់ជាច្រើនខែ នៅក្នុងករណីនានាដែលត្រូវបានចុះផ្សាយនៅលើបណ្ដាសារព័ត៌មានអន្តរជាតិ។

លោក ឡាំ ជឿថាមនុស្សទាំង៥នាក់នោះក៏ត្រូវបានក្រុមមន្ត្រីសន្តិសុខចិនចាប់ខ្លួនផងដែរ។

ក្នុងចំណោមអ្នកទាំង៥នាក់នោះលោក គុយ មីនហៃ កំពុងជាប់ឃុំឃាំងនៅឡើយ។

លោក ឡាំ ដែលត្រូវបានគេដោះលែងមកវិញកាលពីថ្ងៃអង្គារសប្ដាហ៍មុននោះគឺជាម្ចាស់បណ្ណាគារ Causeway Bay មុនពេលលោក គុយ ទិញយកបណ្ណាគារនៅឆ្នាំ២០០៤។

លោក ឡាំ ប្រាប់ថា លោកត្រូវបានគេចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន និងចោទប្រកាន់ថាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលចិនតាមរយៈការបញ្ជូនសៀវភៅទៅចិនដីគោក។

លោក ឡាំ ត្រូវបានសន្តិសុខចិនចាប់ខ្លួននៅអំឡុងពេលធ្វើដំណើរទស្សនាទីក្រុងស៊ិនជិន។ លោកប្រាប់ថាសន្តិសុខចិនបានយកកំណាត់បិទភ្នែកលោកនិងនាំលោកយកទៅឃុំខ្លួននៅភាគខាងកើតទីក្រុងណីងបូរហូតដល់ខែមីនាកន្លងមក។

លោក ឡាំ ត្រូវបានគេផ្ទេរទៅបន្ទប់មួយក្នុងទីក្រុងសៅគួន ស្ថិតក្នុងខេត្តក្វាងទុង ជាទីដែលលោកនិយាយថា លោកអាចមានសេរីភាពជាងមុន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required