អគ្គនាយកដ្ឋានពន្ធនាគារអនុញ្ញាត​តំណាងរាស្រ្ត​បក្ស​ប្រឆាំងចូលសួរ​សុខទុក្ខ​អ្នកជាប់ឃុំ​

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះចូលសួរសុខទុក្ខសកម្មជនគណបក្សដែលកំពុងជាប់ពន្ធនាគារ តែមិនអនុញ្ញាតឲ្យសួរសុខទុក្ខសមាជិកព្រឹទ្ធសភាបក្សសម រង្ស៊ី លោក ហុង សុខហួរនិងតំណាងរាស្រ្ត លោក អ៊ុំ សំអាន នោះទេ។

តំណាងរាស្រ្តដែលរងការវាយដំនៅក្បែរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០១៥ លោក គង់ សភា បានដាក់លិខិតមួយច្បាប់ទៅអគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី១៦ ខែមិថុនា សុំចូលជួបសួរសុខទុក្ខសកម្មជននិងសមាជិកបក្សដែលកំពុងជាប់ពន្ធនាគារ។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២០ ខែមិថុនា អគ្គនាយកពន្ធនាគារ លោក ចាន់ គីមសេង បានបញ្ជាក់ថាអគ្គនាយកដ្ឋានអនុញ្ញាតឲ្យលោក គង់ សភានិងតំណាងរាស្រ្តមួយចំនួនទៀត រួមមានលោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ចាន់ ចេង លោក ជា ប៉ូច លោក ងឹម ញេង លោក គឹមសួរ ភិរិទ្ធនិងលោកស្រី ពត ពៅ រួមទាំងសហការីរូបរូបទៀត ចូលសួរសុខទុក្ខអ្នកជាប់ឃុំ១៥នាក់ នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩និង៣០នាទីព្រឹក។ អគ្គនាយកដ្ឋានបញ្ជាក់ថាចំពោះជនជាប់ឃុំឈ្មោះ ហុង សុខហួរ ដែលត្រូវបានចោទប្រកាន់រឿងក្លែងឯកសារសាធារណៈ លោក អ៊ុំ សំអាន ដែលត្រូវចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយនិងលោក ស៊ាង ចែត ដែលត្រូវបានចោទប្រកាន់រឿងសូកសាក្សី ស្ថិតនៅដំណាក់កាលស៊ើបសួររបស់តុលាការ ដោយពន្ធនាគារស្នើសុំការអនុញ្ញាតពីអាជ្ញាធរតុលាការជាមុនសិន។

អ្នកជាប់ឃុំទាំងនោះរួមមានលោក មាជ សុវណ្ណារ៉ា លោក ឃិន ជំរឿន លោក ស៊ុំ ពុទ្ធីនិងអឿ ណារិទ្ធ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ