អូស្ត្រាលី​ផ្អាក​ប្រតិបត្តិការ​សឹក​តាម​ផ្លូវ​អាកាស​ ក្រោយ​អាមេរិក​បាញ់​ទម្លាក់​យន្តហោះ​ស៊ីរី

ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​បាន​ប្រកាស​ថា ខ្លួន​បាន​សម្រេច​ផ្អាក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​ប្រទេស​ស៊ីរី ក្រោយ​ពី​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​ស៊ីរី និង​មាន​ការ​គំរាម​កំហែង​ពី​រុស្ស៊ី​ប្រឆាំង​នឹង​យន្តហោះ​ចម្បាំង​របស់​កង​ទ័ព​សម្ព័ន្ធ​​មិត្ត​ដឹកនាំ​ដោយ​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​បន្ត​ថា រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ខ្លួន​​ចាត់​ទុក​យន្តហោះ​ចម្បាំង​របស់​កង​ទ័ព​សម្ព័ន្ធ​មិត្ត​ដឹកនាំ​ដោយ​អាមេរិក​ដែល​ហោះ​ហើរ​នៅ​ភាគ​ខាង​លិច​ទន្លេ​អឺហ្វ្រាត​ក្នុង​ប្រទេស​ស៊ីរី​ ជា​គោលដៅ​ចម្បង ហើយ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​មីស៊ីល​ និង​យន្តហោះ​ចម្បាំង​យោធា សម្រាប់​តាម​ដាន​យន្តហោះ​ទាំង​នោះ ប៉ុន្តែ មិន​បាន​និយាយ​ថា ខ្លួន​នឹង​បាញ់​ទម្លាក់​ពួកគេ​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី បាន​ប្រកាស​ថា ជា​វិធានការ​បង្ការ​ខ្លួន ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​កង​ទ័ព​អូស្ត្រាលី​នៅ​ក្នុង​ប្រទេស​ស៊ីរី ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន។

រុស្ស៊ី​បាន​បញ្ជាក់​ច្បាស់​ថា ខ្លួន​នឹង​ផ្លាស់​ប្ដូរ​កង​ទ័ព​របស់​ខ្លួន ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អាមេរិក ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​របស់​ស៊ីរី កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ការ​វាយ​ប្រហារ​របស់​អាមេរិក​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីរី ចាត់​ទុក​ជា​រឿង​កើត​ឡើង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ប្រទេស​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​២០១១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ