លោក នី សុខា សុំព្យាបាលជំងឺនៅក្រៅពន្ធនាគារ

មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកលោក នី សុខា

មន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ ស្នើសុំចេញទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារ បន្ទាប់ពីដួលនៅក្នុងបន្ទាប់​ទឹកកាលពីពេលថ្មីៗ។

នេះជាការលើកឡើងរបស់ប្អូន​ប្រុស លោក នី សុខា មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ដែលបាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ បងប្រុសរបស់លោកដែលដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ នៅ​ពន្ធនាគារ កាលពីថ្ងៃអាទិត្យ។

លោក នី លីហេង ប្អូនប្រុស លោក នី សុខា ឲ្យដឹងថា គិតត្រឹមថ្ងៃនេះ បងប្រុសរបស់លោកនៅមិនទាន់ធូរស្បើយនៅឡើយ ហើយស្នើតុលាការអនុញ្ញាតឲ្យ លោក នី សុខា ចេញទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ ដោយថា គ្រួរពេទ្យប្រចាំពន្ធនាគារមិនមានសមត្ថភាពគ្រប់គ្រាន់។

លោកថា «គាត់ខ្សោយគឺវាបណ្ដាលពីជំងឺច្រើនមុខណាស់ ដូចជាក្រពះ ក៏ជាបញ្ហាដែរ ដែលត្រូវការឲ្យមានពេទ្យជំនាញដែលគេព្យាបាល មិនមែនគ្រាន់តែបញ្ជូនមួយភ្លេតហើយយកទៅ​វិញនោះទេ គាត់ត្រូវការតាមដាន ពីពេទ្យច្បាស់លាស់ណាស់ ព្រោះអីជំងឺក្រពះគាត់ធ្ងន់ធ្ងរ និងជំងឺផ្សេងៗទៀត ដូចជា តំរងនោម ក៏កាត់មានបញ្ហាដែលលូវ តាមគាត់ប្រាប់។ ជាសំណូមពរ របស់គាត់ដែលខ្ញុំទៅជួបគាត់នោះគឺគាត់សុំឲ្យតុលាការធ្វើម៉េចអនុញ្ញាតបាននៅឃុំទៅដើម្បីគាត់មានលទ្ធភាពក្នុងការស្វែងរកពេទ្យដែលមានជំនាញព្យាបាលជំងឺក្រពះគាត់ ព្យាបាលអាការៈគាត់ដែលជាមូលហេតុធ្វើឲ្យគាត់ហូប មិនបាន គាត់ដេកមិនលក់ ធ្វើឲ្យគាត់ចុះខ្សោយ ជាក់ស្ដែងដូចថ្ងៃ១៨ គាតខ្សោយរហូតដល់គាតសន្លប់បញ្ហាវាអាចប្រឈមនឹងគ្រោះថ្នាក់»។

លោកបន្តថា ​នៅ​ថ្ងៃ​ទី​១៩ មិថុនា គ្រូពេទ្យរបស់អង្គការលីកាដូបានទៅព​ន្ធនាគារ ដើម្បីចូលទៅពិនិត្យអាការៈលោក នី សុខា ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ​។

ទោះបីជាគ្រូពេទ្យនៅពន្ធនាគារយកចិត្តទុកដាក់ព្យាបាលជំងឺស្វាមីអ្នកស្រីក៏ដោយ ប៉ុន្តែអ្នកស្រីនៅតែមិនមានជំនឿទៅលើការព្យាបាលនោះ ដោយសាររយៈពីរថ្ងៃនេះស្ថានភាពជំងឺនៅមិនបានធូ។ អ្នកស្រីបន្តថា នៅម៉ោង២ រសៀលនេះ មន្ត្រីពន្ធនាគាអនុញ្ញាតិឲ្យគ្រូពេទ្យអង្គការលីកាដូ ចូលទៅពិនិត្យអាការៈស្វាមីអ្នកស្រីហើយ ។ អ្នកស្រីបន្តថា ប្រសិនបើអាការៈស្វាមីអ្នកស្រីមិនធូស្រាលទៀតនោះ អ្នកស្រីនឹងស្នើសុំតុលាការយកស្វាមីមកព្យាបាលនៅមន្ទីរខាងក្រៅ។

អ្នកស្រីថា «ខ្ញុំត្រូវការយកចេញមកក្រៅដើម្បីងាយស្រួល មើលពីស្ថានភាពជំងឺធម្មតាយើងបានទៅមើលមួយភ្លេតៗគេមិនបានឲ្យយើងនៅមើល២៤ម៉ោងណា ដូចយើងនៅក្រៅណា។ នៅក្រៅយើងបានមើលគាត់ថាតើស្ថានភាពគាត់អីយ៉ាងម៉េចៗយើងដឹង បើនៅក្នុងនឹងយើងអត់ដឹង ដល់ចឹងខ្ញុំពិបាកណាស់ ហូបមិនបាន គេងមិនបាន ពិបាកចិត្តណាស់និយាយមិនចេញ ភ្លេចមើលកូនមើលចៅអស់ហើយ។ ខ្ញុំភ័យពីគាត់ពេក បើយើងបានថែដោយខ្លួនយើងវាអស់ចិត្ត ហើយណាមួយ យើងបានជួបពេទ្យដូចថាមានឧបករណ៍ត្រឹមត្រវ ច្បាស់លាស់ក្នុងនឹងគេមានមិនមានក៏ខ្ញុំមិនហ៊ានថា ប៉ុនខ្លាចថាខ្ញុំមើលទៅពីថ្ងៃដូចអត់មានធូអីបន្តិចផង»។

មេធាវី​ការពារ​ក្តី​របស់​លោក នី សុខា គឺ​លោក ឡោ ជុនធី មានប្រសាសន៍ថា ប្រសិនបើមន្ត្រីពន្ធនាគារនៅមិនអនុញ្ញាតិឲ្យគ្រូពេទ្យអង្គការលីកាដូចូលព្យាបាលជំងឺកូនក្ដីរបស់លោកទៀត លោកនឹងដាក់លិខិត​ទៅ​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ ដើម្បីស្នើសុំយកកូនក្ដីរបស់លោក​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ។

លោកថា «​ខ្ញុំមិនទាន់បានដាក់លិខិតទេ ខ្ញុំគ្រាន់តែបានជម្រាបថា ពីម្សិលមិញប្រសិនបើគ្រូពេទ្យមិនបានចូលជួបទេ ខាងខ្ញុំនឹងដាក់លិខិតទៅតុលាការ ប៉ុន្តែព័ត៌មានព្រឹកមិញខាងខ្ញុំបានជួបចៅក្រមថាគេនឹងឲ្យពេទ្យចូលទៅពិនិត្យចឹងព័ត៌មានបន្តទៀតយើងនឹងតាមដាន»។

 

មន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។

អ្នកទាំង៥រូបនោះ ត្រូវបានឃុំបណ្តោះអាសន្នជាងមួយឆ្នាំហើយ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿង ខុម ចាន់តារាទី ហៅ “ស្រីមុំ” ប៉ុន្តែតុលាការថា មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ