បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារវិញ នៅព្រឹកនេះ ក្រោយពីវះកាត់ពោះវៀនដុះខ្នែង ខណៈគ្រួសារបារម្ភពីគ្រោះថ្នាក់អាចកើតមានឡើងព្រោះ មុខរបួសមិនទាន់ជាសះ និងកំពុងមានជំងឺផ្សេងៗទៀត។
ភរិយាលោក ចៅ វាសនា អ្នកស្រី វង្ស គិមហុង ឲ្យវីអូឌីដឹងថា ស្វាមីរបស់អ្នកស្រី ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារវិញនៅព្រឹកមិញនេះ។ អ្នកស្រីថ្លែងថា ស្វាមីរបស់គាត់ សុខភាពទ្រុឌទ្រោម ដោយសារ មុខរបួសកន្លែងវះកាត់មិនទាន់ជា និង មានជំងឺមួយចំនួនទៀត ដូចជាជំងឺថ្លើម គ្រួសក្នុងម៉ាត់ និង ឡើងជាតិអាស៊ីតជាដើម។ អ្នកស្រីថ្លែងថា៖ «គ្រួសារខ្ញុំនៅទន់ជ្រាវដើរ បានតិចៗ នៅក្នុងបន្ទប់អ្នកទោស មិនមែនដេកស្រួលទេ។ បន្ទប់អ្នកទោសដេក ដល់២០នាក់ ហើយអ្នកខ្លះរមាស់ពេញខ្លួន ហើយគាត់ទើបវះកាត់ថ្នេរកាលពីម្សិលមិញ ស្រាប់តែព្រឹកឡើងគេយកគាត់ទៅពន្ធនាគារវិញ។ មិនដឹងគេគិតយ៉ាងម៉េចទេ ខ្ញុំមិនដឹងទេ! ប៉ុន្តែក្នុងចិត្តគ្រួសាររបស់គាត់ហ្នឹងគឺកើតទុក្ខណាស់។»
មន្ត្រីការពារសិទ្ធមនុស្សនៃសមាគម អាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ំ ចាន់គា បានសម្ដែងការព្រួយបារម្ភថា មុខរបួសលោក ចៅ វាសនា មិនទាន់ជាសះ ពេលចូលពន្ធនាគារអាចឆ្លងមេរោគផ្សេងៗ។ លោក អំពាវនាវឲ្យតុលាការអនុញ្ញាតឲ្យលោក ចៅ វាសនា ទទួលការព្យាបាលនៅខាងក្រៅពន្ធនាគារមួយរយៈទៀត។ លោកថ្លែងថា៖ «អ្វីដែសំខាន់ តុលាការហ្នឹង គួតែឲ្យ លោកចៅ វាសនា នៅក្រៅឃុំដើម្បីបានព្យាបាល បើសិនជានៅក្នុងឃុំវាឃើញថា រោគទាក់ទងនឹងពោះវៀនដុះខ្នែងមានស្នាម មានអីចឹង ក្រែងត្រូវមិនមានអនាម័យនឹងអាចមានមេរោគកាន់តែខ្លាំង អីញ្ចឹងយើងមានការព្រួយបារម្ភដែរ»។
ជុំវិញបញ្ហានេះ វីអូឌី មិនទាន់បានសុំការពន្យល់ពីមន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យនៅឡើយ។
លោក ចៅ វាសនា ត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៦ខែកុម្ភះ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីខែឧសភាឆ្នាំ២០១៥ ក្នុងហេតុកម្មករអូសរទេះតវ៉ា ហើយប៉ះទង្គិចជាមួយសមត្ថកិច្ច។ រាយការណ៍បន្ថែមដោយ លោក ហូរ តុងហាន់ ([email protected])