ព្រះសង្ឃនិងពលរដ្ឋស្នើឲ្យអាជ្ញាធរ​បណ្ដេញស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចសម័យអង្គរ

ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចសម័យអង្គរ

ព្រះសង្ឃនិងពលរដ្ឋរាប់រយនាក់ ស្នើឲ្យអាជ្ញាធរជាតិអប្សរាបណ្ដេញស្ដ្រីម្នាក់ចេញពីវត្ដ ដោយអះអាងថាស្ដ្រីរូបនោះតាំងខ្លួនជាអគ្គមហេសីស្ដេចសម័យអង្គរនិងស្ដេចព្រះជង្គនាគ ដែលថាធ្វើប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនានិងព្រលឹងបុព្វបុរសខ្មែរ។

ក្នុងលិខិតស្នើសុំអន្ដរាគមន៍ដែលមានស្នាមព្រះហស្តព្រះសង្ឃនិងមេដៃពុទ្ធបរិស័ទផង ដែលVODទទួលបាននៅថ្ងៃនេះឲ្យដឹងថាស្ដ្រីម្នាក់វ័យ៦០ឆ្នាំបានធ្វើខ្ទមរស់នៅក្នុងវត្ដ ហើយភូតកុហកថាខ្លួនជាអ្នកមានបុណ្យក្នុងចេតនាទទួលលាភសក្ការៈពីពលរដ្ឋដែលទៅបូជាបច្ច័យនិងអុចធូបទៀននៅលើប្រាសាទព្រះវិហារ៧ល្វែងក្បែរវត្ដក្នុងតំបន់អង្គរ។លិខិតដដែលបានសរសេរថា ពេលខ្លះស្ដ្រីរូបនោះបានតាំងខ្លួនជាអគ្គមហេសីព្រះថោងនិងព្រះនាងឥន្ទ្រទេវី អគ្គមហេសីស្ដេចជ័យវរ្ម័នទី៧ ពីជាតិមុនផងដែរ ដែលពុទ្ធបរិស័ទថាធ្វើឲ្យប៉ះពាល់ដល់ព្រលឹងបុព្វបុរសខ្មែរពីសម័យមុននិងប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

ព្រះចៅអធិការវត្ដប្រាសាទប្រាំ៧ល្វែង ក្នុងបរិវេណប្រាសាទអង្គរធំ ក្រុងសៀមរាប ព្រះតេជគុណ ឌី សុវណ្ណ មានថេរៈដីកាថាករណីនេះព្រះអង្គបានស្នើទៅអាជ្ញាធរជាតិអប្សរានិងសមត្ថកិច្ចបេតិកភណ្ឌឲ្យចាត់វិធានការជាច្រើនលើក ប៉ុន្ដែគ្មានវិធានការលើស្ដ្រីរូបនោះទេ ដែលព្រះអង្គថាស្ដ្រីរូបនោះមានមន្រ្តីផ្កាយបីនៅពីក្រោយ។ ព្រះអង្គបន្ដថាស្ដ្រីវ័យចំណាស់រូបនោះបានស្លៀកសំលៀកបំពាក់ក្នុងមួយថ្ងៃ៧ពណ៌និងយកឈ្មោះវត្ដរៃអង្គាសលុយ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។

ព្រះតេជគុណ ឌី សុវណ្ណ មានថេរៈដីកាថាស្រ្តីរូបនោះក៏បានយកសមាជិកគ្រួសារជាច្រើននាក់រស់នៅក្នុងវត្ដនិងប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យសណ្ដាប់ធ្នាប់ក្នុងវត្តនិងតំបន់ទេសចរណ៍។ ព្រះអង្គបន្ដថា៖ “បំផ្លាស់ទីឲ្យគាត់ទៅណាផ្សេងពីមុខវត្ដអីចឹងទៅ ព្រោះអនាធិបតេយ្យណាស់សាងសង់ផ្ទះគ្មានផ្ទះគ្មានច្បាប់គ្មានទម្លាប់ហើយវាស្មោគរោគតំាងខ្លួនជាច្រើនតាំងខ្លួនភូតកុហកបោកប្រាស់ថាគាត់ហ្នឹងព្រះនាងកែវប្រាំពីរពណ៌ថាឋានលើហ្នឹងគេចាត់ឲ្យមកប្រោសសត្វថាសត្វហ្នឹងកំពុងវិលវុលនៅក្នុងវត្ដសង្សាហ្នឹងហើយតាំងខ្លួនហ្នឹងជាប្រពន្ធជ័យវ័រ្មនទី៧ចឹងអគ្គមហេសីហើយគាត់អ្នកមានបុណ្យចុះមកប្រោសសត្វអីចឹងទៅ“។

ករណីនេះ ស្ដ្រីម្នាក់ក្នុងសំលៀកបំពាក់ពណ៌ត្រួយចេកដែលរងការចោទប្រកាន់នោះ អះអាងថារូបគាត់ឈ្មោះ តយ មានស្រុកកំណើតភូមិពាមជីកង ស្រុកកងមាស ខេត្ដកំពង់ចាម និងបានមករស់នៅតំបន់អង្គរធំនោះជាង២០ឆ្នាំមកហើយ។ ស្ដ្រីរូបនោះបន្ដថា ការធ្វើតូបក្នុងវត្ដនោះដោយមានការអនុញ្ញាតពីរដ្ឋអំណាចនិងមានការឧបត្ថម្ភម៉ាស៊ីនភ្លើងពីកងអង្គរក្សលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលអ្នកស្រីប្រាប់ថាឈ្មោះ ”ឯកឧត្ដមដា”។ស្ដ្រីរូបនោះបន្ដថា ចំណែកបច្ច័យដែលបានមកពីអបិយជំនឿផ្សេងៗ ចំណាយលើមន្ដ្រីអប្សរានិងការទិញវត្ថុដាក់ឲ្យពលរដ្ឋគោរពបូជា។ ស្ដ្រីរូបនោះបន្ដថា៖ “បានបច្ច័យទៅ ខ្ញុំជូយទៅអប្សរា បើមានទៅខ្ញុំឲ្យទៅបើគ្មានក៏អត់ទៅអប្សរាក៏គាត់មានជំនួយដែរ ប៉ុន្ដែលុយខ្ញុំអត់មានច្រើនទេមានចឹងឯង ខ្ញុំសន្សំដល់ពេលខ្ញុំធ្វើកុដិឲ្យអប្សរារួចទៅ ខ្ញុំសន្សំទិញសំពត់ម្ដង១០ម៉ឺនម្ដង២០ម៉ឺន ៣០ម៉ឺន២០ម៉ឺនទៅ៦០ម៉ឺនទៅ ប៉ុន្ដែខ្ញុំអត់លុយឲ្យគេទាំងដុលទេ ឲ្យម្ដង៥ម៉ឺន៤ម៉ឺន៣ម៉ឺនឲ្យតែខ្ញុំឡើងសល់ខ្ញុំឲ្យហើយ៥ម៉ឺន“។

VODបានព្យាយាមសាកសួរប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរាជុំវិញបញ្ហានេះ ប៉ុន្ដែលោក ឡុង កុសល អះអាងថាលោកមិនដឹងរួចបិទទូរស័ព្ទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ