រដ្ឋាភិបាលជម្រុញវិស័យសារព័ត៌មានឲ្យផ្សាយគោរពសិទ្ធិស្ដ្រី

រដ្ឋមន្ត្រី​ក្រសួង​ពត៌មាន លោក ខៀវ កាញារីទ្ធ និងរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី

រាជរដ្ឋាភិបាល បានចុះហត្ថលេខាអនុម័តលើក្រមប្រតិបត្តិមួយ ដែលនឹងជម្រុញបណ្ដាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ពីរបៀបសរសេរ និងការប្រើប្រាស់ពាក្យសម្ដីសមរម្យ គោរពដល់សិទ្ធិស្ដ្រី និងទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ដ្រី។

ក្នុងពិធីចុះហត្ថលេខាលើ «ប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ដី្រ» នៅថ្ងៃព្រហស្បតិ៍ នារាជធានីភ្នំពេញ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានចុះហត្ថលេខារួមគ្នា លើក្រមប្រតិបត្តិមួយនេះ ដោយថា ដើម្បីទប់ស្កាត់ការយកករណីអំពើហិង្សាលើស្ដ្រី ទៅធ្វើជាការកម្សាន្ដ លុបបំបាត់អំពើហិង្សាលើស្ដ្រី និងអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ថ្លែងថា ទម្រាំចុះហត្ថលេខា លើក្រមប្រតិបត្តិនេះ គឺត្រូវចំណាយអស់រយៈពេលជិត៦ខែ ដោយមានការសហការពីក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។

លោកស្រីថ្លែងបន្ថែមថា​ វិស័យសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជម្រុញការគោរពសិទ្ធិស្ដ្រី សមភាពយែនឌ័រ ការលុបបំបាត់អំពើហិង្សាលើស្ដ្រី និងការរាយការណ៍ព័ត៌មានពីករណីហិង្សាលើស្ដ្រី ដោយលក្ខណៈសមរម្យ។

ថ្លែង​នៅ​ក្នុង​សន្និសីទនេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ពត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំដល់ក្រុមអ្នកសារព័ត៌មាន ឲ្យចេះសរសេរអត្ថបទព័ត៌មាន ដែលមិនទម្លាក់កំហុសទៅលើស្ដ្រី កុំបង្ហាញរូបភាពស្ដ្រីរងគ្រោះជាសាធារណៈ និងត្រូវផ្សាយព័ត៌មាន ដែលជម្រុញការគោរពសមភាពយែនឌ័រ។​

​បើតាមរបាយការណ៍ក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៤ ឲ្យដឹងថា ស្ដ្រីភាគច្រើននៅតែទទួលរងអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយច្រើនកើតទៅលើស្ដ្រីពិការ ស្រីផ្ទុកមេរោគអេដស៍ ស្ដ្រីស្រឡាញ់ភេទដូចគ្នា និងស្រ្ដីបម្រើការនៅកន្លែងកម្សាន្ដជាដើម។

បើតាមរបាយការណ៍អង្គការមូលនិធិអាស៊ី ឲ្យដឹងថា បើធៀបនឹងត្រីមាសមុន ករណីហិង្សាលើស្ដ្រីមានការថយចុះតិចតួចគឺចំនួន៤ភាគរយសម្រាប់ហិង្សាលើស្ដ្រី និងថយចុះ៣ភាគរយ សម្រាប់ហិង្សាលើដៃគូស្និទស្នាលជាស្ដ្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ