លោក​ សុខ ទូច ចង់ឲ្យធ្វើច្បាប់ពិនិត្យលើការប្រើពាក្យ «សង្គ្រោះ និង បដិវត្តន៍»

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

អនុប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក សុខ ទូច លើកឡើងថា បច្ចុប្បន្នមានការប្រើប្រាស់ពាក្យមួយចំនួនខុសនឹងស្ថានភាពនយោបាយដូចជា ពាក្យសង្គ្រោះ និង បដិវត្តន៍ជាដើម។​

នៅក្នុងវេទិកាតុមូលស្តីពីទស្សនៈជុំវិញ​ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីម្សិលមិញ លោក សុខ ទូច លើកឡើងថា​ កម្ពុជាបច្ចុប្បន្នមិនស្ថិតនៅក្នុងស្ថានភាពសង្គ្រោះ ឬ ត្រូវធ្វើបដិវត្តន៍អ្វីនោះទេ គឺត្រូវប្រើពាក្យការធ្វើកំណែទម្រង់។ លោកបន្តថា លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីពិនិត្យលើការប្រើប្រាស់ពាក្យសម្តីទាំងអស់នេះ បន្ថែមទៀត។​ លោកថ្លែងថា៖ «កន្លែងខ្លះខ្ញុំចង់ឲ្យមានការធ្វើវិសោធនកម្មលើការប្រើប្រាស់ពាក្យទៀត។ ពាក្យបដិវត្តន៍ ពាក្យសង្គ្រោះ សូម្បីតែសម័យតេជោហ្នឹង សម្តេចនាយកបើលោកប្រើពាក្យសង្គ្រោះគឺខុសតែម្តង តែបើសម្តេចតេជោ និយាយពីសមមិត្ត ហ៊ុន សែន និយាយពីសង្គ្រោះអាហ្នឹងត្រូវ ព្រោះសម័យសមមិត្ត ហ៊ុន សែន និយាយពីសាមគ្គីសង្គ្រោះ ព្រោះសង្គ្រោះ កំពុងតែគ្រោះងាប់ទាំងអស់គ្នា»។

លោក សុខ ទូច បន្តថា បើបច្ចុប្បន្នច្បាប់មិនរីកចម្រើនត្រូវកែទម្រង់ច្បាប់ វិស័យកសិកម្មមិនរីកចម្រើន ធ្វើកំណែទម្រង់ រួមទាំងការអភិវឌ្ឍន៍ពង្រីកផ្លូវជាដើម លោកថា គេមិនប្រើប្រាស់ពាក្យបដិវត្តន៍ឬសង្គ្រោះនោះទេ។​

បច្ចុប្បន្នពាក្យបដិវត្តន៍ គេសង្កេតឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា កំពុងប្រើ ដូចជា​ពាក្យបដិវត្តន៍ផ្នត់គំនិត ចំណែកពាក្យសង្គ្រោះ គឺគណបក្សសង្គ្រោះជាតិកំពុងប្រើដូចជា សង្គ្រោះប្រទេសជាតិ​ ឬ ប្រើពាក្យសង្គ្រោះ បម្រើ ការពារជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ