មេ​បក្ស​ប្រឆាំង​ថា ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​យុវជន តែ​មន្ត្រី​រដ្ឋាភិបាល​ថា ភូតភរ​កុហក

មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងនៅថ្ងៃនេះថា បំណងរបស់លោក និងលោក កឹម សុខា គឺគ្រាន់តែត្រួសត្រាយបើកផ្លូវឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយបានស្គាល់លទ្ធិប្រជាធិបតេយ្យ នៅលើទឹកដីកម្ពុជា ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល បានចាត់ទុកសម្ដីមេដឹកនាំបក្សប្រឆាំងរូបនេះ ជាការភូតភរ និងបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរអស់ច្រើនទសវត្សរ៍។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេសនោះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ ដោយនិយាយថា លោក នឹងលោក កឹម សុខា នឹងទម្លុះទម្លាយរាល់ឧបសគ្គ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។

លោកថ្លែងថា៖ «បំណងរបស់លោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី គឺគ្រាន់តែត្រួសត្រាយបើកផ្លូវឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លើទឹកដីប្រទេសកម្ពុជា»។

លោកថ្លែងបន្តថា៖ «យើងទាំងពីរនាក់ មិនមានបំណងក្រាញអំណាច ហើយផ្ទេរអំណាចទៅឲ្យកូនយើង ដើម្បីឲ្យក្រុមគ្រួសារយើងកាន់អំណាចតពូជនោះទេ»។

ឆ្លើយតបនឹងការលើកឡើងរបស់មេបក្សប្រឆាំង អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចាត់ទុកលោក សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត ដែលបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរអស់រយៈរាប់ទសវត្សរ៍មកហើយ។

លោកថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា៖ «ការលាបពណ៌ និងភូតភររាស្ត្រខ្មែរ វាហួសសម័យហើយ ហើយការភូតភរនេះ ក៏ពុំទទួលបានលទ្ធផលក្នុងរយៈកន្លងមកដែរ»។

លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាល នឹងចាត់គ្រប់វិធានការតាមច្បាប់ ដើម្បីប្រឆាំងនឹងចលនាខុសច្បាប់ដែលដឹកនាំដោយ លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់មេបក្សប្រឆាំងរូបនេះ។

ប្រទេសកម្ពុជា បានស្ថិតក្រោមរបបគ្រប់គ្រងសង្គមនិយមចាប់តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម នៅដើមឆ្នាំ១៩៧៩ មុននឹងឈានមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូង ដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ