កូរ៉េ​ខាង​ជើង​អះអាង​ថា​ជោគជ័យ​ក្នុង​ការ​សាក​ល្បង​រ៉ុកកែត​បាញ់​បញ្ជូន​ផ្កាយ​រណប

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន (រូបភាពពី BBC)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយថា ក្រុងព្យុងយ៉ាងបានទទួលជោគជ័យក្នុងការសាកល្បងម៉ាស៊ីនគ្រាប់រ៉ុកកែតថ្មីសម្រាប់បាញ់បញ្ជូនផ្កាយរណប។

សារព័ត៌មាន BBC ដែលបានដកស្រង់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ទៅក្រុមអ្នកវិទ្យាសាស្ត្រនិងវិស្វករឲ្យត្រៀមរៀបចំការបាញ់បញ្ជូនផ្កាយរណបឲ្យបានឆាប់រហ័ស។

យោងតាម BBC នេះគឺជាការវិវត្តថ្មីបំផុតនៅក្នុងដំណើរការសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ។

BBC បានឲ្យដឹងបន្ថែមថា ខណៈពេលនេះដែរអាមេរិកនិងចិនបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនៅឯអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៥របស់ក្រុងព្យុងយ៉ាង។

កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួននៅក្រោមដីកាលពីដើមខែកញ្ញានេះ ដែលគេចាត់ទុកជាគ្រាប់បែកមានថាមពលខ្លាំងបំផុតដែលប្រទេសឯកោមួយនេះសម្រេចបាន។

កូរ៉េខាងជើងតែងតែអះអាងពីជោគជ័យនៃកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការសាកល្បងភាគច្រើនសុទ្ធតែមិនអាចបញ្ជាក់ឲ្យបានច្បាស់លាស់។

ក្រុមមន្ត្រីអាមេរិកនិងចិនបានចាប់ផ្ដើមកិច្ចពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់អង្គការសហប្រជាជាតិ ទៅលើក្រុងព្យុងយ៉ាង។

ប៉ុន្តែក្រុងប៉េកាំងមិនទាន់និយាយដោយផ្ទាល់ថា ខ្លួននឹងគាំទ្រវិធានការតឹងរឹងបន្ថែមទៀតប្រឆាំងនឹងក្រុងព្យុងយ៉ាងនៅឡើយទេ។

ចិនគឺជាសម្ព័ន្ធនិងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង ប៉ុន្តែចិនកាន់តែមិនអាចអត់ឱនឲ្យសកម្មភាពដ៏គឃ្លើនរបស់លោក គឹម ជុងអ៊ុន បាននោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ