អង្គការអន្តរជាតិ៤០សុំឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស

អង្គការអន្តរជាតិចំនួន៤០អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរឹតត្បិតសំឡេងអ្នករិះគន់ ដើម្បីធានាការអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

អង្គការតំបន់នោះមានដូចជា បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស បណ្តាញលទ្ធិប្រជាធិបតេយ្យអាស៊ី និងវេទិកាតំបន់អាស៊ីជាដើម។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំងនោះដែលចេញផ្សាយនៅថ្ងៃទី២០ តុលា ឆ្នាំ២០១៦ នេះឲ្យដឹងថា រយៈពេល២៥ឆ្នាំក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាមិនទាន់អនុវត្តឲ្យបានពេញលេញដូចមានចែងក្នុងព្រមព្រៀងនោះទេ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោត និងឯករាជ្យភាពរបស់តុលាការ។

សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំកន្លះចុងក្រោយនេះ មានការកើនឡើងនូវការរំលោភបំពានលើគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងការធានាឲ្យមានរបបនយោបាយសេរីពហុបក្សនិងសិទ្ធិមនុស្ស។

នាយកផ្នែកតស៊ូមតិនៃបណ្តាញប្រជាធិបតេយ្យអាស៊ី លោក Yap Swee Seng មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្សតិ៍នេះថា អ្វីដែលអង្គការទាំង៤០មើលឃើញថាមានការរំលោភបំពានលើគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះគឺ រដ្ឋាភិបាលបានប្រើប្រព័ន្ធតុលាការចាប់សមាជិកមន្រ្តីបក្សប្រឆាំងមន្រ្តី មន្រ្តីសិទ្ធិមនុស្ស មន្រ្តី គជប និងសកម្មជនដីធ្លី ដាក់ពន្ធធានាគារទាំងមិនបានបង្ហាញភស្ភុតាងច្បាស់លាស់។

លោកបន្ថែមថាលើសពីនេះទៀតនោះ គឺការប្រើអំពើហិង្សារលើអ្នកកាសែត មន្រ្តីសិទ្ធិមនុស្ស ការបាញ់សម្លាប់អ្នកការពារបរិស្ថាន និងអ្នកវិភាគបញ្ហាសង្គម ដោយអាជ្ញាធរមិនបានចាប់ជនដៃដល់មកដាក់ទោសនោះទេ។

លោកបន្ថែមថា៖ “សមាជិកសង្គមស៊ីវិលមួយចំនួនត្រូវបានគេចោទប្រកាន់ទៅតុលាការនិងដាក់ជាប់ឃុំ យើងឃើញថាមានទាំងព្រះសង្ឃ សិស្ស សកម្មជនសិទ្ធិមនុស្ស ក៏ដូចជាសមាជិកសភាមកពីគណបក្សប្រឆាំង ត្រូវបានគេឃុំ ដោយសារតែមានការបង្រ្កាបពីរដ្ឋាភិបាលកម្ពុជា។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបានធានាពីឯករាជ្យភាពប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ប៉ុន្តែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅតែប្រើប្រាស់ដើម្បីគៀបសង្កត់សកម្មជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកាន់អំណាច ដែលយើងមិនអាចធានានូវយុត្តិធម៌ក៏ដូចជានីតិរដ្ឋ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋណាម្នាក់នោះទេ ហើយលោកថាកម្ពុជាបានគោរព្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីសយ៉ាងត្រឹមត្រូវ។

លោកបន្ថែមថា ការឃុំខ្លួនមន្រ្តីបក្សប្រឆាំង មន្រ្តីសិទ្ធិមនុស្ស និងអ្នកជាប់ឃុំផ្សេងទៀត នោះគឺដោយសារពួកគេប្រព្រឹត្តិរឿងខុសច្បាប់។

លោកបន្ថែមថា៖ “រាជរដ្ឋាភិបាលតាំងពីអាណត្តិទី១រហូតមកអាណត្តិទី៥នេះ គឺអនុវត្តត្រឹមត្រូវ តាមស្មារតី តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។  អញ្ចឹងទេ គាត់ចង់និយាយសំដៅមន្រ្តីគណបក្សប្រឆាំងមួយចំនួនដែលល្មើសច្បាប់ ហើយគាត់មិនចង់ឲ្យទទួលទន្ទកម្ម ទទួលទោសទាន់ទៅតាមផ្លូវច្បាប់ អាហ្នឹងគាត់ចង់យកវប្បធម៌និទ្ទនភាពមកជំនួសឲ្យវប្បធម៌នីតិរដ្ឋនៅកម្ពុជា អាហ្នឹងមិនអាចទៅនោះរួចទេ”។

បើតាមសេចក្តីថ្លែងការណ៍ អង្គការទាំង៤០នោះក៏បានទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ផ្សេងៗនិងដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងអស់ដែលកំពុងជាប់ឃុំនិងស្នើឲ្យរដ្ឋាភិបាលត្រូវធ្វើការស៊ើបអង្កេតដោយឯករាជ្យពាក់ព័ន្ធនឹងករណីឃាត់កម្មលើកលោកបណ្ឌិត កែម ឡី ផងដែរ។

សូមរំឭកថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ មានការទទួលស្គាល់ដោយប្រទេសចំនួន១៨ ក្នុងនោះមានប្រទេសមហាអំណាចទាំង៥ ដែលធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ហើយមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាមបែបប្រជាធិបតេយ្យដំបូងនៅកម្ពុជា ពិសេសគឺបញ្ចប់ការត្រួតត្រារបស់កងទ័ពវៀតណាមលើកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ