បទយកការណ៍ខ្នាតវែង៖ ទស្សនៈពលរដ្ឋនៅខេត្តពោធិ៍សាត់ ពាក់ព័ន្ធតម្លៃសេវាសាធារណៈ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 11:14 AM | បទយកការណ៍ | 0 | 1261

«ខ្ញុំអត់ធ្វើ ខ្ញុំទៅធ្វើ លឺទារសព្វគ្រប់ពេកខ្ញុំ ថាខ្ញុំអត់លុយអត់សិនទៅ គេ​ទារ អាតាស៊ីវិលទារ អីសព្វគ្រប់អាញ៉េអាញៃពេក មកផ្ទះសិនទៅ រហូតប្ដីខ្ញុំដល់រកស៊ីរហូត ដល់ពេលអាណត្តិនេះ លឺថាអត់លុយ គេមកពីធ្វើការថ្ងៃមុន​ ធ្វើឲ្យហើយរបស់កូននៅសៀវភៅគ្រួសារ ចាំគេចុះមកវិញចាំទៅចុះអេតាស៊ីវិលទៅធ្វើឲ្យហើយ»។

នេះជារៀងរាប់របស់ប្រជាពលរដ្ឋរស់ នៅស្រុកក្រវាញ់ ក្នុងខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីរដ្ឋាភិបាលប្រកាសលុបចោលការយកថ្លៃសេវាសធារណៈសម្រាប់ការងាររដ្ឋបាល ។

ឋិតក្នុងវ័យជាង៣០ឆ្នាំ អ្នកស្រី សែម លីម ជាប្រជាពលរដ្ឋរស់នៅភូមិអូររំចង់ ឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រៀបរាប់ថា កន្លងមក អ្នកស្រីធ្លាប់តែលឺគេថា ការដែលយើងធ្វើ លិខិតអត្រានុកូដ្ឋាន​ និងលិខិតបញ្ជាក់ផ្សេងៗ ត្រូវបង់សេវាសាធារណៈ១ម៉ឺនរៀល ក្នុងច្បាប់ ប៉ុន្តែនៅក្នុងអាណត្តិថ្មីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ មិនតម្រូវឲ្យមានការបង់ថ្លៃសេវាសាធារណៈ ចំពោះលិខិតអត្រានុកូដ្ឋាន និងលិខិតបញ្ជាក់ផ្សេងៗឡើយ។

អ្នកស្រីថា «កាលយើង គេហៅថតចុះឈ្មោះបោះឆ្នោតអាណត្តិមុន ខ្ញុំលឺគេថា គេយកថ្លៃ ខ្ញុំមិនទៅធ្វើទេណាខ្ញុំអត់លុយ។ ដូចខ្ញុំ អស់ម្នាក់១០ម៉ឺនរៀល ខ្ញុំមានលុយណា! ធ្វើបាន ខ្ញុំចេះតែអត់ នៅទាល់តែសព្វថ្ងៃហ្នឹងទៅ»។

ស្ត្រីរូបនេះ និយាយថា កាលពីមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាជ្ញាធរមូលដ្ឋាន បានប្រកាសថា ឈប់យកថ្លៃសេវាសាធារណៈទៀតហើយ ក្រោយពីបានលឺអាជ្ញាធរប្រកាស ដូចនេះ អ្នកស្រីក៏បានធ្វើទៅសំបុត្រកំណើតឲ្យកូន។

អ្នកស្រីថា «ខ្ញុំលឺគេប្រកាស កាលពីបោះឆ្នោតថា បើធ្វើសៀវភៅគ្រួសារ សំបុត្រកំណើត ផ្លាស់ទីលំនៅ! គេអត់យកទេ គេសម្រាប់តែអ្នកលក់ដី អ្នកទិញដីទេ ប៉ុណ្ណឹងទេ ដល់យើង​ទៅធ្វើ គឺដូចគេផ្សាយចឹង គេអត់យកទេ យើងលួចឲ្យគេក៏គេអត់យកដែរ»។

អ្នកស្រី សែម លីម និយាយទៀតថា បន្ទាប់ពីអាជ្ញាធរប្រកាសឈប់យកថ្លៃសេវាសាធារណៈមក ក៏មានប្រជាពលរដ្ឋ ជាច្រើនបាននាំគ្នាទៅធ្វើ ប៉ុន្តែអ្នកស្រី ហាក់នៅមានភាពយឺតយ៉ាវ ដោយសារ មន្ត្រីអត្រានុកូដ្ឋាន មានតែពីរនាក់។ យ៉ាងក៏ដោយ ដើម្បីកុំឲ្យមានភាពយឺតយ៉ាវ អ្នកស្រី ស្នើទៅអាជ្ញាធរឃុំបន្ថែមមន្ត្រីអត្រានុកូដ្ឋានឲ្យបានច្រើនជាងនេះ។

ពលរដ្ឋម្នាក់ទៀត ដែលរស់នៅ ក្នុងភូមិឃុំដដែល បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការធ្វើលិខិតអត្រានុកូដ្ឋាននិងលិខិតផ្សេងៗ មិនតម្រូវឲ្យបង់ថ្លៃសេវាសាធារណៈទេ ហើយពាក់ព័ន្ធនឹងការផ្ដល់សេវាវិញក៏មានភាពល្អប្រសើរច្រើន​ដែរ។

អ្នកស្រីថា «អត់បានយកផង អត់មានយកទេ គេប្រកាសថា ឥឡូវធ្វើអត្រានុកូលដ្ឋានអីចឹង ​អត់មានយកលុយ យកអីទេប្រជាពលរដ្ឋចង់ទៅធ្វើ យើងទៅធ្វើទៅអត់មានចាំបាត់បង់លុយបង់អីដូចមុន! ចឹងគេប្រាប់យើងចឹងដែរ។ សប្បាយចិត្តទៅធ្វើបានភ្លាមៗ ចឹងនឹកឃើញថា កូនមិនបានរៀនទេ ធ្វើអីយូរ ទៅខ្លាចគ្រូគេអត់ទទួល ដល់ពេលទៅធ្វើបានភ្លាមៗ នឹកក្នុងចិត្តអរដែរ»។

អ្នកស្រី ទូច យាន រៀបរាប់ទៀតថា នៅក្នុងឃុំរបស់អ្នកស្រី អាជ្ញាធរបានបិទសេចក្ដីប្រកាសព័ត៌មាន និងចុះផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពាក់ព័ន្ធនឹងការឈប់យកថ្លៃសេវាសាធារណៈនេះ។

បន្ទាប់ពីយើង បានជួបសម្ភាស៍ជាមួយប្រជាពលរដ្ឋ យើងធ្វើដំណើរទៅជួបសម្ភាស៍ ជាមួយអាជ្ញាធរឃុំបាក់ជញ្ជៀន ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈនេះ។

ជំទប់ទី១ នៃឃុំបាក់ជញ្ជៀន មកពីគណបក្សប្រជាជនកម្ពុជា លោក ម៉ម រិន បានផ្ដល់បទសម្ភាស៍ដល់អ្នកសារព័ត៌មានវីអូឌីថា កន្លងមក អាជ្ញាធរបានយកថ្លៃសេវាសាធារណៈពីប្រជាពលរដ្ឋពិតមែន ប៉ុន្តែការយកថ្លៃនេះ លោកថា គឺយកទៅតាមការកំណត់របស់ច្បាប់តែប៉ុណ្ណោះ។

លោកថា «ក្នុងដំណាក់កាល ដែលយើងយកលុយ គឺយើងមិនដែលយកលើសពីនេះទេ! បើសិនជាគាត់ឲ្យ យើងថា យើងអត់យកទេ! ជួនកាល គាត់យកមកឲ្យយើងទៀត។ គាត់ថា អានេះ ខ្ញុំ ឲ្យផ្សេងទេ។ ទាក់ទងនឹងរឿងលុយកាត់នេះ កាលណាប្រជាពលរដ្ឋបង់លុយមក ​ក៏យើងចេញវិក័យបត្រឲ្យដែរ មិនមែនអត់ទេ ហើយក៏មិនអាចយកលើសពីច្បាប់កំណត់បានដែរ»។

លោកបន្តថា កាលពីឆ្នាំ២០១៦ ការធ្វើលិខិតអត្រានុកូដ្ឋានរដ្ឋាភិបាល បានតម្រូវឲ្យបង់ថ្លៃសេវាសាធារណៈ ប៉ុន្តែចាប់ពីដើមឆ្នាំ២០១៧ រដ្ឋាភិបាល បានប្រកាសលុបចោល ការយកថ្លៃសេវាសាធារណៈពីប្រជាពលរដ្ឋវិញ។ ក្រោយពីរដ្ឋាភិបាល ប្រកាសលុបចោលដូចនេះ លោកថា ក៏មានប្រជាពលរដ្ឋជាច្រើនបានទៅធ្វើលិខិតអត្រនុកូដ្ឋាន និងលិខិតបញ្ជាក់ផ្សេងៗ ករណីនេះ ធ្វើឲ្យមានការយឺតយ៉ាវ។

លោកថា «ចំណុចខ្វះខាតរបស់យើង ជួនកាល ដាច់ក្បាល​ (ឯកសារ) ដាច់ក្បាល ទៅយកស្រុកអត់ទាន់មាន ជូនកាល ខ្វះចុងសន្លឹក ដល់ខ្លះចុងសន្លឹក ទៅស្រុកក៏អត់ទាន់មាន ចឹងយើងអាចស្ទះ។ ពាក់ព័ន្ធឯកសាររបស់ គាត់ជួនកាល គាត់សំខាន់បំផុត គាត់មកអត់មានឯកសារ។ ឧទាហរណ៍ ខ្ញុំមកធ្វើចឹង ត្រូវមានប្រវត្តិរូបឪពុក និងម្ដាយមកជាមួយ មានឈ្មោះឪពុកម្ដាយ ថ្ងៃខែឆ្នាំកំណើត​​ ឪពុកម្ដាយ ទីលំបច្ចុប្បន្នឪពុកម្ដាយ! ពាក់ព័ន្ធ នឹងឯកសារដើម​ អ្នកខ្លះ មកឈ្មោះកូនគាត់ ក៏គាត់អត់មានសំបុត្រពេទ្យ ក៏មានផង»។

លោក ម៉ម រិន បន្ថែមថា ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ ធ្វើលិខិតអត្រានុកូដ្ឋាន និងលិខិតបញ្ជាក់ផ្សេងៗ មានចំនួនជិត៥០០នាក់ ខណៈឆ្នាំ២០១៦ មានតែជាង២០០នាក់ ប៉ុណ្ណោះ។

ងាកទៅសង្កាត់មួយទៀត នៅក្នុងខេត្តេពោធិ៍សាត់ដដែល ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ក៏បានលើកឡើងដូចៗគ្នាដែរ ពាក់ព័ន្ធការឈប់យកថ្លៃសេវាសាធារណៈ ដោយថា បានជួយកាត់បន្ថយការចំណាយ របស់ពួកគាត់។ បើតាមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លកលស ក្រុងពោធិ៍សាត់ ក៏បានលើកឡើងប្រហាក់ប្រហែលគ្នា នឹងប្រជាពលរដ្ឋរស់នៅភូមិអូររំចង់ ឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញ់។

អ្នកស្រី ស៊ិន ស្វាយ រស់នៅភូមិដំណាក់អំពិល សង្កាត់លកលស ក្រុងពោធិ៍សាត់ ប្រាប់អ្នកសារព័ត៌មានថា ក្នុងភូមិអ្នកស្រី មានប្រជាពលរដ្ឋ ដែលមិនទាន់ទៅធ្វើលិខិតអត្រានុកូដ្ឋាន និងលិខិតបញ្ជាក់ផ្សេងៗនោះ គឺនៅមានច្រើន ដោយសារ គ្រួសាររបស់ពួកគេ ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។

ស្រ្តី ដែលទើបសម្រាលមាតុភាពរូបនេះ និយាយទៀតថា កាលពីមុន ពេលដែលគ្រួសាររបស់អ្នកស្រីទៅធ្វើសំបុត្រកំណើតឲ្យកូន គឺត្រូវបង់ថ្លែសេវា​១ម៉ឺនរៀល ប៉ុន្តែនៅពេលទៅធ្វើថ្មីៗនេះ មិនមានការបង់ថ្លែសេវាដូចកាលពីមុននោះទេ ។

អ្នកស្រីថា «កាលកំណើតកូនខ្ញុំ មុនមីស្រីបង អស់ត្រឹម១ម៉ឺនរៀល ដល់ត្រឹមអាអូនក្រោយ អត់អស់ទេ ខ្ញុំមិនសូវដឹងដែរ ព្រោះសំបុត្រកំណើតកូនមួយៗ ខ្ញុំអត់ដែលបានទៅធ្វើទេ ប្ដីខ្ញុំទៅធ្វើ»។

កំពុងអង្គុយបរិភោគបាយ ជាមួយចៅ នៅក្នុងរោងមុនផ្ទះ បន្ទាប់មកពីស្រែវិញ អ្នកស្រី ឱ គឹមឡាយ កាលពីលើកមុនពេល ដែលលោកយាយ ធ្វើសៀវភៅគ្រួសារត្រូវបង់ថ្លែសេវាទៅឲ្យអាជ្ញាធរ ប៉ុន្តែនៅពេលធ្វើថ្មីៗនេះមិន មានការបង់ថ្លៃសេវាទាំងអស់នោះទេ។ អ្នកស្រី និយាយទាំងត្រេកអរ ដោយសារតែអាជ្ញាធរមិនយកសេវាដូចមុន ហើយថែមទាំងលឿនទៀតផង។

អ្នកស្រីថា «អត់យូរថ្ងៃផង តែ២ថ្ងៃ គឺលឿន ហើយបើសៀវភៅក២ ព្រឹកល្ងាច បានសៀវភៅ គ្រួសារស្អែកបាន។ សប្បាយចិត្ត តើអត់យកលុយ យើងសប្បាយចិត្ត! យើងកំពុងតែខ្វះខាតផង»។

អ្នកស្រី បន្តថា ប្រសិនបើរដ្ឋាភិបាល មានគោលការណ៍ផ្ដល់សេវាសាធារណៈឆាប់រហ័យ ហើយថែទាំឥតគិតថ្លៃ បន្តទៅអាណត្តិក្រោយៗ ដូចជាពេលនេះ ពួកគាត់ ពិតជាសប្បាយចិត្ត ដោយសារ ពួកគាត់មានជីវិតភាពក្រីក្រ។

ប្រជាពលរដ្ឋម្នាក់ទៀត ដែលរស់នៅក្នុងសង្កាត់ដដែល បានលើកឡើងថា អ្នកស្រីនៅមិនទាន់ធ្វើសំបុត្រកំណើតឲ្យកូនៗ របស់គាត់នៅឡើយទេ ដោយសារ កន្លងមក គាត់ទៅធ្វើហើយមិនបាន ករណីនេះ ធ្វើឲ្យ អ្នកស្រីមិនចង់ទៅធ្វើទៀត។

អ្នកស្រី «កាលនោះ ខ្ញុំនៅស​រសៃខ្ចី ​​ប្ដីខ្ញុំទៅធ្វើបួនដង មិនបានទេ !​ មុនដំបូង គេថា អត់មានបញ្ជាក់ពីភូមិ មក ទាល់តែបញ្ជាក់ពីភូមិហើយ គ្រាន់តែពេទ្យឆ្មបគេប្រាប់ថា គ្រាន់តែចុះហត្ថលេខាពីគាត់ទៅហើយ ទៅឲ្យស្មៀន! គេសរសេរ ឲ្យបានបាត់ហើយ ដល់ពេលទៅបួនដងអត់បាន! ខ្ញុំឈប់ឲ្យប្ដីទៅ។ ពាក់ព័ន្ធអត់ពីភូមិ​ទៅ ហើយបញ្ជាក់ពីភូមិទៅ ក៏អត់បានទៀត»។

ពាក់ព័ន្ធទៅនឹងការយកថ្លៃសេវាសាធារណៈនេះ អ្នកស្រី ឈឹម សម្បត្តិ និយាយថា កន្លងមក អ្នកស្រីធ្លាប់លឺគេនិយាយតៗគ្នា ពេលធ្វើសំបុត្រកំណើត ត្រូវបង់ថ្លៃសេវាចំនួន១ម៉ឺនរៀល ឬ អាចលើសពី១ម៉ឺនរៀល ក៏មាន ហើយនៅពេលលឺដូចនេះ អ្នកស្រី ក៏ឈប់ទៅធ្វើ ខណៈដែលគ្រួសាររបស់អ្នកស្រី មានជីវិភាពក្រីក្រ។ អ្នកស្រី ឈឹម សម្បតិ្ត និយាយថា អ្នកស្រី មិនបានដឹងព័ត៌មាន ពីការឈប់យកថ្លៃសេវាធារណៈនោះទេ។

អ្នកស្រីថា «ខ្ញុំចង់ឲ្យទៅធ្វើបានឆាប់ៗ កុំឲ្យទៅពីរបីដង ពិបាកអត់មានអីជិះទៅ ជួលម៉ូតូឌុបម៉ូតូ អីគេទៅ។ ការយកលុយសូមកុំឲ្យដូចពាក្យគេថា ខ្ញុំលឺតែពាក្យគេថាយកលុយៗ ខ្ញុំវាពិបាកចិត្តដែរ»។

បន្ទាប់ពីបានជួបសម្ភាស៍ជាមួយប្រជាពលរដ្ឋរួចមក យើងបាន ធ្វើដំណើរទៅជួបលោក ជុំ ធឿង ប្រធានក្រុមប្រឹក្សាសង្កាត់លកលស ក្រុងពោធិ៍សាត់។

លោក ជុំ ធឿង បានផ្ដល់បទសម្ភាស៍ថា កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ លោកថា ពិតជាមានការយកថ្លៃសេវាសាធារណៈមែន ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧នេះមក នៅក្នុងសង្កាត់របស់លោក មិនមានការយកថ្លៃសេវាសាធារណៈទៀតឡើយ។

លោកបន្តថា ទាក់ទងទៅនឹងព័ត៌មានពីការមិនយកថ្លែសេវាសាធារណៈ អាជ្ញាធរសង្កាត់បានធ្វើការសហការជាមួយអង្គការ API ដើម្បីធ្វើការផ្សព្វផ្សាយយ៉ាងលំទូលាយដល់ប្រជាពលរដ្ឋ និងដើម្បីលុយបំបាត់ការប្រព្រឹត្តិអំពើពុករលួយពីការយកថ្លៃសេវាសាធារណៈ។

លោកថា «មិនឲ្យមានពាក់ព័ន្ធ នឹងការចុះអត្រានុកូដ្ឋាន ហើយយកលុយយកកាក់ទេ! យើង បានផ្ដល់ សេវាដល់គាត់ទី១ សំខាន់លេខទូរស័ព្ទ លេខទូរស័ព្ទរបស់ API យើងបានបិទប្រកាសគ្រប់កន្លែង គ្រប់ភូមិ ហើយរហូតដល់លោកមេភូមិ រហូតដល់ប្រជាពលរដ្ឋ។ ក្នុងនោះក្រុមប្រឹក្សាឃុំ គឺពេលប្រជុំក្រុមប្រឹក្សាឃុំ១ខែម្ដង គឺយើង បានផ្សព្វផ្សាយ​តាមភូមិ ហើយលោកមេភូមិ ដែលចូលមកប្រជុំ ដែលយើងបានផ្សព្វផ្សាយ។ ព័ត៌មាន ដែលយើងត្រឡប់ទៅឲ្យគាត់វិញ យើងមានវិធីសាស្រ្តច្រើនណាស់! ទី១ ការប្រជុំរបស់ក្រុមប្រឹក្សា! ទី២ ការបិទប្រកាសរបស់អង្គការ APIដែលលោកធ្វើវេទិកា នៅក្នុងសង្កាត់ហ្នឹង»។

លោក ជុំ ធឿង ​បានពន្យល់ ចំពោះករណី ដែលប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរ ពីការធ្វើលិខិតអត្រានុកូដ្ឋាន ហើយមិនបាន ឬក៏មានការយឺតយ៉ាវ។

លោកថា «កាលមុន មួយក្បាលជិតអស់អីចឹង យើងធ្វើសំណើទៅទម្រាំធ្លាក់មកយ៉ាងតិច មួយអាទិត្យ ហើយដែលគាត់មកម្ដងពីរដង យើងអត់បានធ្វើឲ្យគាត់នោះគាត់ថាមិនងាយចឹងខាតពេលវេលាគាត់ ចឹងគាត់ខ្ជិលមកចឹងទៅ។ ប៉ុន្តែឥឡូវ គឺយើងត្រៀមបើថាជិតអស់៥០ទៅ៦០ភាគរយទៅ ដាក់សំណើទៅមុន ដើម្បីត្រៀមឲ្យទាន់ពេលវេលា»។

អ្នកសម្របសម្រួលគម្រោង លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃអង្គការអនាគតកុមារ ប្រចាំខេត្តពោធិ៍សាត់ លោក ឡុញ សុឃឿន មានប្រសាសន៍ថា កាលពីពេលកន្លងមក ប្រជាពលរដ្ឋ ដែលទៅរកសេវាសាធារណៈពីអាជ្ញាធរឃុំសង្កាត់ ពិតជាមិនមានការបង់ថ្លែ បន្ទាប់ពីរដ្ឋាភិបាលប្រកាលលុយចោលការយកថ្លៃសេវាសាធារណៈ ចាប់តាំងពីដើមឆ្នាំ២០១៧ ហើយការផ្ដល់សេវា ក៏មានភាពល្អប្រសើរច្រើន។

លោកថា «ភាគច្រើន ដែលខ្ញុំជួបជាក់ស្ដែង ខ្ញុំចុះទៅស្រុកក្រគរ ក្រុងពោធិ៍សាត់ ក៏ដូចជា​ភ្នំក្រវាញ។ ថ្មីៗនេះ គេបញ្ជាក់អត្រាកូនុដ្ឋាន ចម្លងអត្រានុកូដ្ឋាន។ ពីដើម គេថតចម្លង ហើយបាន គេយកមកបញ្ជាក់។ ឥឡូវ គេអត់ចឹងទេ គេហៅថា ចម្លងអត្រានុកូដ្ឋាន គេលែងបញ្ជាក់ ដូចមុន។ កូនសិស្សឲ្យលុយគាត់ម្នាក់ ១ម៉ឺនរៀល ម្នាក់៥ពាន់រៀល កូនគេធូធារគេឲ្យដល់២ម៉ឺនទៀត។ ខាងរដ្ឋបាលស្រុក អ្នកបញ្ជាក់ អ្នកចម្លងគាត់ថា អត់យកទេ ខ្ញុំអត់យកទេ ដោយសារការងារនេះ វាកាតព្វកិច្ច ជាតួនាទីរបស់អ្នកផ្ដល់សេវាដូចជា ខាងរដ្ឋបាលអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ចឹងគាត់អត់ទេ»។

លោកបន្តថា កន្លងមក ពិតជាមានប្រជាពលរដ្ឋមួយចំនួន បានត្អូញត្អែរ​ពីការយឺតយ៉ាវក្នុងការផ្ដល់សេវារដ្ឋសាធារណៈរបស់អាជ្ញាធរឃុំសង្កាត់ ប៉ុន្តែក្រុមប្រឹក្សាឃុំសង្កាត់ បានលើកឡើងថា ការយឺតយ៉ាវនេះ ដោយសារ អស់សៀវភៅអត្រានុកូដ្ឋាន ឬក៏ក្រុមប្រឹក្សាជាប់ប្រជុំជាដើម។ លោក មើលឃើញថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗ នៅក្នុងខេត្តពោធិ៍សាត់ កំពុងធ្វើការសហការជាក្រុម អង្គការសង្គមស៊ីវិល ដើម្បីចុះផ្សព្វផ្សាយព័ត៌មានការឈប់យកថ្លៃសេវាសាធារណៈ រួមទាំងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។

កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៥ រដ្ឋាភិបាល បានចេញសេចក្ដីប្រកាសមួយស្ដីពីការផ្ដល់សេវារដ្ឋបាល។ នៅក្នុងសេចក្ដីប្រកាសនោះក្រសួងមហាផ្ទៃ បានកំណត់ការផ្ដល់តម្លៃសេវារដ្ឋបាលមួយចំនួនរាប់ចាប់ពីសំបុត្រអាពាហ៍ពិពាហ៍ រហូតដល់សៀវភៅស្នាក់នៅ។

ក៏ប៉ុន្តែ កាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ ក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងថ្មី ដោយសម្រេចលុបចោល​ថ្លៃ​សេវារដ្ឋបាលទាំងនោះ ហើយឲ្យអនុវត្តចាប់ពីដើមឆ្នាំ២០១៧តទៅ។ ថ្លៃសេវារដ្ឋបាល ដែលរដ្ឋាភិបាលលុបចោលសម្រាប់ការងាររដ្ឋបាលនោះមាន​ដូចជា​ (១) ការធ្វើសំបុត្រអាពាហ៍ពិពាហ៍របស់ជនបរទេសជាមួយប្រជាពលរដ្ឋខ្មែរ (២) ការផ្តល់សៀវភៅស្នាក់នៅ (៣)ទុតិយតា ឬ តតិយតាសៀវភៅស្នាក់នៅ (៤) ការស្នើសុំបន្ថែមឬបន្ថយសមាជិកក្នុងសៀវភៅស្នាក់នៅ (៥) ការផ្តល់សៀវភៅគ្រួសារ  (៦) ទុតិយតានិងតតិយតាសៀវភៅគ្រួសារ  (៧) ការស្នើសុំបន្ថែមឬបន្ថយសមាជិកគ្រួសារក្នុងសៀវភៅគ្រួសារ (៨) ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជតិខ្មែរ និង (៩) ទុតិយតា ឬតតិយតា អត្តសញ្ញាណប័ណ្ណសញ្ជតិខ្មែរ។

យ៉ាងក៏ដោយ ប្រជាពលរដ្ឋបង្ហាញការត្រេកអរ ពីការឈប់យកថ្លៃសេវាសាធារណៈ ហើយស្នើទៅ រដ្ឋាភិបបាលបន្តឈប់ថ្លៃសេវាសាធារណៈទៅអាណត្តិក្រោយទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពរដ្ឋ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required