ទស្សនៈ​ពិភព​លោក​៖ កុមារ​កម្ពុជា​ជាង៧៥​%​រង​អំពើ​ហិង្សា ខាត១៦១​លាន​ដុល្លារ​មួយ​ឆ្នាំ

ឯកសារមគ្គុទេសក៍គាំទ្រកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌

អង្គការ​មួយ​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​​កុមារ​កម្ពុជា​ បាន​អះ​អាង​ថា កុមារកម្ពុជាជាង ​៧៥ភាគរយ សុទ្ធ​តែ​​ធ្លាប់​​រង​អំពើ​ហិង្សាទាំង​នៅ​ផ្ទះ និងសាលា​រៀន ខណៈដែល​កម្រិត​នៃ​ការ​យល់​ដឹង​របស់​ឳពុក​ម្តាយ​​កម្ពុជាអំពី​​​អំពើ​ហិង្សា​​លើកុមារ ​នៅមាន​កម្រិត​នៅ​ឡើយ។

​អង្គការ​ទស្សនៈពិភព​លោក បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ​ថា កុមារ​ប្រមាណ ១.៧​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក បាន​រង​អំពើ​ហិង្សា​នៅ​រៀង​រាល់​ឆ្នាំ។

អង្គការ​នេះ បាន​អះ​អាង​ថា កុមារ​កម្ពុជា​ដល់​ទៅ​ជាង ៧៥​ភាគរយ ជួប​ប្រទះ​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​មួយ​ទម្រង់ មុន​ពេល​ពួកគេ​ឈាន​ដល់​វ័យ ១៨​ឆ្នាំ ក្នុង​នោះ កុមារ​កម្ពុជា​ជាង ៥០​ភាគរយ​រង​អំពើ​ហិង្សា​លើ​រាងកាយ ២៥​ភាគរយ​រង​អំពើ​ហិង្សា​ផ្លូវ​ចិត្ត និង ៥​ភាគរយ​ទៀត រង​អំពើ​ហិង្សា​ផ្លូវ​ភេទ។

ដោយផ្អែក​តាម​​របាយការណ៍​មូលនិធិ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កុមារ ហៅ​កាត់​ថា UNICEF អង្គការ​ទស្សនៈ​ពិភព​លោក បាន​បង្ហាញ​ថា អំពើ​ហិង្សា​លើ​កុមារ​កម្ពុជា បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ថវិកា​ដល់​ទៅ ១៦១​លាន​ដុល្លារ ឬ​ស្មើ​នឹង ១.១​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស។

ថ្លែង​ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ It Takes a World ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​នោះ អ្នកស្រី ជា លីដា អ្នក​ដឹកនាំ​យុទ្ធនាការ​នេះ បាន​លើក​ឡើង​ថា អំពើ​ហិង្សា​ទាំង​អស់​នេះ​ ត្រូវ​បាន​អនុវត្តន៍​ជា​យូរ​ណាស់​មក​ហើយ​នៅ​កម្ពុជា ​ហើយ​វា​បានបង្អាក់​ដំណើ​រ​​រីក​ចំរើននៃ​ផ្លូវ​ចិត្ត​របស់​កុមារ​ ព្រម​ទាំង​​បង្អាក់​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ។

លោក​ស្រីថា៖ «ដូច​ខ្ញុំ​រាល់​ថ្ងៃ​ ទម្រាំ​តែ​ខ្ញុំ​អាចមាន​ឱកាស​អាច​ឈរ​ចេះ​និយាយ​នៅ​ទី​សារធារណៈហ្នឹង ​ខ្ញុំប្រឹង​ប្រែង​ខ្លាំង​ណាស់​ ពីព្រោះកាលពី​នៅ​តូច ​ឪពុក​ម្តាយ​ខ្ញុំ​ច្រើន​តែ​ប្រាប់​គេ​ប្រាប់​ឯង​ថា ​កូន​ខ្ញុំ​វា​គ្មាន​ចេះ​អី​ទេ កុំ​អួត​សរសើរ​វា​ពេក ​នាំ​ឲ្យ​វា​បាន​ចិត្ត។ អញ្ចឹង​ពាក្យ​ហ្នឹងត្រូវ​បាន​យើង​ស្រូប​ទុក។ អញ្ចឹង​នៅ​ពេល​​ដែលយើង​ធំ​ឡើង​យើង​ក្លាហាន​អត់​? យើង​អត់​ក្លាហាន​ទេ! … គាត់(ក្មេង)​​ត្រូវ​តែ​ជា​មនុស្ស​ដែល​រួស​រាយ​រាក់​ទាក់​ ជា​មនុស្ស​ដែលចូល​រួម​យ៉ាង​សកម្ម​ ជា​មនុស្ស​ដែល​មាន​មតិ​យោ​បល់​ច្រើន ជា​មនុស្ស​ដែល​មាន​បញ្ញា​ច្រើន។ ប៉ុន្តែ​ ដូច​ការ​សម្ដែង​មិញ​ចឹង បើ​សិន​ជា​ក្មេង​ម្នាក់​ហ្នឹង​ទទួល​តែ​ការ​បំបាក់​ទឹក​ចិត្ត សួរ​ថា​ ក្មេង​ម្នាក់​ហ្នឹង គាត់​ហ៊ានផ្តួច​ផ្តើម​ធ្វើ​អ្វី​ថ្មី​អត់? អត់! ពីព្រោះ​គាត់​ខ្លាច​ខុស​ទៀត»។ ​

​ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ ដូច​ជា​ ការ​​វាយ​ដោយ​ប្រើ​ដៃ ឬរំពាត់ និង​ការ​ដាក់ទណ្ឌកម្ម​លើ​ផ្លូវ​ចិត្ត​ ដូច​ជា​ ការហៅ​ឈ្មោះ​អាក្រក់ៗ និង​ការ​ស្រែកគំហក​ដាក់​កុមារ គឺ​ជា​សកម្មភាព​ដែល​​ឪពុក​ម្តាយ និង​គ្រូ​បង្រៀនចាត់​ទុក​ថា​ អប់​រំ​ទូន្មាន​ប្រៀន​ប្រដៅ​​។

អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អភិវឌ្ឍសង្គម​ នៃ​ក្រសួង​កិច្ច​ការ​នារី លោកស្រី ញាណ សុចិត្រា បាន​ទទួល​ស្គាល់​ពី​បញ្ហា​​នេះ ដោយ​ថា បញ្ហាចំណេះ​ដឹង និង​ផ្នត់​គំនិត​របស់​ពល​រដ្ឋ​កម្ពុជា​ ​គឺ​ជា​ឧបសគ្គ​ដែលអំពើ​ហិង្សា​លើ​កុមារ​នៅ​តែ​កើត​មាន។ ​លោកស្រី​បញ្ជាក់​បន្ថែម​ថា ​ដោយ​សារ​មើល​ឃើញ​ពី​បញ្ហាទាំង​នេះ​ហើយ​ ទើប​រាជរដ្ឋាភិបាល​បាន​បង្កើត​យុទ្ធ​សាស្ត្រ​មួយ​ដើម្បី​កែ​ប្រែ​ផ្នត់​គំនិត​នៃ​ការ​ចិញ្ចឹម​អប់​រំកូន​តាម​មធ្យោបាយ​ថ្មី។

លោក​ស្រីថា៖ «យើង​អប់​រំ​គាត់​ឲ្យ​គាត់​ចូល​រួ​ម​តាម​ការ​អប់​រំ​ ហើយ​ក្នុងនោះ​ យើង​មាន​កម្ម​វិធី​យើង​ជា​មេរៀនសម្រាប់​អប់​រំអ្នក​ផ្សព្វផ្សាយ​បន្ត ហើយ​យើង​បាន​បង្កើត​ជា​ក្រុម​គ្រូ​បង្គោល​ ហើយ​ជ្រើសភ្នាក់​ងារ​របស់​យើង​នៅ​តាម​ឃុំសង្កាត់​ហ្នឹង ​ដើម្បី​ធ្វើ​ជា​ភ្នាក់​ងារ​បន្ត​​»។

បើតាម​អង្គការ​ទស្សនៈ​ពិភព​លោក អំពើ​ហិង្សា​លើ​កុមារ​អាច​បញ្ឈប់​ទៅ​បាន​ដោយ​មាន​ ការ​អនុវត្តច្បាប់តឹង​រឹង លើក​កម្ពស់​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន បង្កើត​ឲ្យ​មាន​បរិស្ថានដែល​មាន​សុវត្ថិភាពទាំង​នៅ​ផ្ទះ​ សាលា​រៀន​ និង​សហគមន៍ ការ​ប្រើ​ប្រាស់​មធ្យោបាយ​ផ្សេង​ពី​អំពើ​ហិង្សា​ក្នុង​ការ​អប់រំ​កូន បង្កើន​ចំណូល និង​សេដ្ឋ​កិច្ច បង្កើត​ឲ្យ​មាន​កិច្ច​គាំពារ​សង្គម និង​ការ​អប់​រំ​បំណិន​ជិវិតសម្រាប់​កុមារ​ និង​យុវជនទាក់​ទង​ទៅ​នឹង​សមភា​ព​យេន​ឌ័រ និង​ផ្លូវ​ភេទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ