ក្លឹប​អ្នក​កាសែត​បរទេស​អំពាវ​នាវ​ឲ្យ​ដោះ​លែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី

អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ធ្វើដំណើរចេញពីតុលាការ (ជន ចាន់រ៉ែន)

ក្រុម​អ្នក​កាសែត​អន្តរជាតិ​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា OPCC បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ២​រូប ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន​ទាំង ២​រូប​នោះ ជា​ការ​បន្ត​បង្ក្រាប​ទៅ​លើ​សេរីភាព​នៃ​សារព័ត៌មាន​នៅ​កម្ពុជា។

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុជាសុធារិន ហៅ យាង សុជាមេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ហើយ ៣​ថ្ងៃ​ក្រោយ​មក ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ​តាម» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

អ្នក​ទាំង​ពីរ អាច​នឹង​ត្រូវ​ប្រឈម​ទោស​​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៥​ឆ្នាំ នៅ​ក្រោម​ការ​ចោទ​ប្រកាន់​បែប​នេះ។

ទោះជាយ៉ាងណា ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ ហើយ​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា ជា​ការ​បន្ត​បង្ក្រាប​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

OPCC បាន​​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ ២​រូប​នេះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ក៏​ទាម​ទារ​ឲ្យ​សារព័ត៌មាន​ដំណើរការ​ដោយ​សេរី​គ្មាន​ការ​បំភិត​បំភ័យ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ។

ក្រៅ​ពី​ក្រុម​អ្នក​កាសែត​បរទេស ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា ក៏​បាន​អំពាវ​នាវ​ផង​ដែរ​ទៅ​តុលាការ ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នេះ ដោយ​ថា ការ​ចោទ​ប្រកាន់​នោះ «ធ្ងន់​ធ្ងរ» និង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ