អ្នកឃ្លាំមើលជំរុញ​ គ.ជ.ប ឲ្យបង្កើនវិធានការធានាភាពត្រឹមត្រូវនៃដំណើការបោះឆ្នោត

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA ជំរុញ គ.ជ.ប ឲ្យពង្រឹងអំណាចឯករាជ្យរបស់ខ្លួន បែងចែកទី​តាំងស​ម្រាប់​ឃោសនា ដោះស្រាយវិវាទ និងបែងចែកថវិកាសម្រាប់គណបនយោបាយឲ្យមាន​ត​ម្លាភា​ព ​ដោ​យ​​​​ថា​​ដើ​ម្បី​ធា​នា​ភាព​ត្រឹ​ម​ត្រូវនៃដំណើរការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់​នាពេលខាងមុខ។​

កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

ការបោះឆ្នោតខាងមុខនេះ មានអ្នកទៅចុះឈ្មោះជាង៧លាននាក់ ក្នុងចំណោមពលរ​ដ្ឋជាង៩លាន​៦​សែន​នា​​ក់ ដែលមានអាយុគ្រប់បោះឆ្នោត។

ក្នុងកម្មវិធីនៃកិច្ចពិភាក្សាតុមូលស្តីពីការផ្តល់អនុសាសន៍ទៅលើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការ បោះ​ឆ្នោតជ្រើសរើសឃុំ-សង្កាត់ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែធ្នូនេះ សមា​​ជិក ​ERA បា​ន​​លើ​​​​​កឡើងប្រហាក់ប្រហែលគ្នាថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅមានតម្លាភាព គ.ជ.ប ត្រូវបែង​ចែ​​​ក​​​ឲ្យ​ស្មើ​​ភា​​​ព​គ្នា​ដល់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងដូចជាទីតាំងសា​ធារណៈស​ម្រា​​ប់​ឃោសនា ថវិកាសម្រាប់ឃោសនា នីតិវិធីដោះស្រា​យវិវាទទាំង​​មុ​​ននិង​​ក្រោយ​ការ​បោះឆ្នោត។

នាយកប្រ​តិប​​ត្តិ​អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលនិងជាសមាជិក ERA លោក គល់ បញ្ញា លើក​ឡើ​​​​ងថា គ.ជ.ប គួធ្វើលិខិតជាផ្លូវការទៅអាជ្ញាធរដែនដី ដើម្បីបញ្ជាក់ថាទីតាំងសាធាណៈរបស់រ​ដ្ឋ​​​​ណាខ្លះ ដែលអាចឲ្យ​គណ​​បក្សនយោបាយយកធ្វើជាទីតាំ​ងស​ម្រា​​​ប់​ឃោស​នាបានដោយស្មើភាពគ្នា។

លោកថា៖ «យើងចេះតែមានការមិនសប្បាយចិត្តថា គណបក្សធ្វើការហែក្បូនតាមដងផ្លូវនឹងវារញេរញ៉ៃ ចុះហេតុ​អីបានជាទីធ្លាធំៗរបស់ឯកជននិងរដ្ឋ ឬក៏សាធារណៈរបស់រដ្ឋហ្នឹង បើកចំហឲ្យគណ​បក្ស​ន​យោ​បាយហ្នឹង ជួលក្នុងតម្លៃថោកឬប្រើប្រាស់ស្មើៗគ្នាកន្លែងដែលសម្រាប់ឃោសនាបោះឆ្នោត។ ព្រោះ​ដូច​ជា​ស្តាត ជួនកាលគេគណបក្សគេអាចប្រមូលផ្តុំសមាជិកគេមកឃោសនានៅកន្លែងហ្នឹងក៏ថាបាន ដើម្បីធ្វើ​ជា​កិ​ច្ចប្រជុំ ឬពន្យល់ទៅអ្នកគាំទ្រគេបានទំហំវាធំ។ ហើយរឿងអស់នេះ គ.ជ.ប គួរស្នើទៅអាជ្ញាធរ គួរធ្វើបញ្ជីតែម្តង​ ឧទាហរណ៍ខេត្តណា ក្រុងណាជាសាធារណៈឬមហោស្រព មណ្ឌលកីឡា ឬក៏ជាឧទ្យានដាក់ក្នុងបញ្ចីហ្នឹង ដើម្បីបញ្ជាក់ថា គណ​បក្សន​យោបា​យអាច​ប្រើ​ប្រាស់ឬក៏ជួលបានក្នុងតម្លៃថោក តាមគោលការណ៍សមធម៌ អ្នកណាជួលមុនបានមុន អ្នក​ណាម​កក្រោ​យ​បានក្រោយ។ បើធ្វើត្រង់ហ្នឹងបាន ខ្ញុំគិតថាអាហ្នឹងអាចពង្រឹងរបៀបរៀបរយនិងអាចពង្រឹង​សិទ្ធិ​គណ​ប​ក្សន​យោ​​បាយដែលធ្វើកិច្ចការឃោសនាបោះឆ្នោត»។

សមាជិក ERA ម្នាក់ទៀត លោកមេធាវី សុក សំអឿន លើកឡើងដែរថា ច្បាប់បោះឆ្នោ​តកន្លង​ទៅមិ​នបាន​ដា​ក់​​ទោសទណ្ឌដល់អ្នកដែលបានប្រើសារគំរាមអំឡុងយុទ្ធនាការឃោសនាយបោះឆ្នោតទេ ដែលលោ​កថា​ករ​​​ណីនេះអាចជំរុញឲ្យដែលធ្លាប់ប្រព្រឹត្ត ធ្វើទង្វើនេះដដែលៗ ដែលលោកថា​ធ្វើឲ្យប៉ះពា​ល់ដ​ល់​ដំ​​ណើ​ការ​បោះ​ឆ្នោត។

មេធាវីរូបនោះអះអាងទៀតថា ច្បាប់បោះឆ្នោតថ្មីនេះក៏មិនបានផ្តល់អំណាចពេញលេញដល់ គ.ជ.ប ដើ​ម្បីចាត់វិធានការលើបទល្មើសណាមួយ ដោយមិនឆ្លងកាត់ក្រសួងមហាផ្ទៃឬក្រ​សួ​ង​ការពារជាតិដែរ។

លោក សុក សំអឿន ជំរុញឲ្យ គ.ជ.ប គួរប្រើអំណាចឯករាជ្យរបស់ខ្លួនរៀបចំដំណើរការបោះឆ្នោតនេះ​ជាវិ​ធា​ន​ការដាច់ដោយឡែក ជាជាងប្រើអំណាចមួយតម្រូវឲ្យឆ្លងកាត់ស្ថាប័នរបស់រដ្ឋាភិបាល ដែលលោកថាដើម្បី​ប​ង្ហាញជំនឿទុកចិត្ត ដល់គណបក្សនយោបាយផ្សេងទៀតដែលមិនកាន់អំណាច។

លោកថា៖ «នៅក្នុងច្បាប់បោះឆ្នោតមាននិយាយអំពីហាមមិនឲ្យយកអាវុធចូល ប៉ុន្តែ គ.ជ.ប គ្រាន់តែស្នើ​សុំ​ដា​ក់ទៅ​ស្ថា​ប័នសាមីហ្នឹង ដាក់វិន័យតែប៉ុណ្ណោះ។ ដូច្នេះអ្នកដែលយកអាវុធចូលក៏អ​ត់ខ្លាចដែរមិនអញ្ចឹង។ ប៉ុន្តែបើយើងចែងថា បើយកអាវុធចូលខុសច្បាប់ អញ្ចឹងតើ គ.ជ.ប គួរធ្វើយ៉ាងម៉េច? យើងអត់មានចែង? ហាក់ដូចជាភ្លេច ដូចជាអត់​ហ៊ា​នដាក់តែ​ម្តង។ ហេតុដូច្នេះ ERA ក្តី គ.ជ.ប ក្តី គួរតែយើងបញ្ចូលទៅក្នុងច្បាប់បែបម៉េច​ ដើម្បីកុំឲ្យមានរឿងហ្នឹងកើតឡើង បើ​​យក​​អាវុធខុសច្បាប់ចូលមិនមែនគ្រាន់តែដាក់វិន័យទេ គឺត្រូវមានទណ្ឌកម្មណាមួ​យ​ឲ្យបានច្បា​ស់លាស់។ បើ​​គ្រាន់តែដាក់វិន័យ អត់មានយន្តការតាមដាន ច្បាប់របស់យើងក៏វាអត់ច្បាប់លាស់ វាអត់​ប្រសិទ្ធភាព​ដែរ​។​ សូ​ម​ប​ញ្ជាក់ថា ច្បាប់បើអត់មានទណ្ឌកម្មច្បាស់លាស់ទេ មិនមែនច្បាប់ទេ គ្រាន់តែជាសីលធម៌»។

ប៉ុន្តែអគ្គលេខាធិការរង គ.ជ.ប លោក សោម​ សូរីដា បញ្ជាក់ថា ការគ្រប់គ្រងនិងការពារសន្តិសុខ សណ្តាប់ធ្នាប់អំឡុងពេលបោះឆ្នោត លោកថា គ.ជ.ប មិនអាចដកខ្លួនចេញ​ពីកា​រទំ​នាក់​ទំនង​ជាមួ​យ​ក្រសួង​ម​ហា​ផ្ទៃ​​​និ​​ង​ក្រសួងការពារជាតិបានទេ។ ចំណែកឯការប្រើអំណាចបែងចែកទីតាំងសារធារណៈរបស់រដ្ឋ សម្រាប់​ធ្វើជាទី​​​​តាំងឃោសនាបោះឆ្នោត ក៏ គ.ជ.ប នៅតែបន្តកិច្ចសហការ​ជាមួយអាជ្ញាធ​រដែនដី​ដដែល។ ​ប៉ុ​ន្តែ​លោកហាក់មានការជឿជាក់ថា ចំណាត់ការ គ.ជ.ប នៅពេលនេះ អាចមានប្រសិទ្ធភាពជាងមុនទេ។

លោកថា៖ «អញ្ចឹងពាក្យថាម៉ៅដាច់ប្រហែលជាពុំមាននៅក្នុងក្បាលម៉ាស៊ីន៤-៤-១ទៀតទេ។ ខ្ញុំ​និយាយ​នេះមិនមែនអះអាងជំនួស គ.ជ.ប ទេ ប៉ុន្តែក្នុងស្មារតី គ.ជ.ប បច្ចុប្បន្ន ដែលរៀបចំដោយរូបមន្ត៤-៤-១នេះ ប្រ​ហែ​លជាគ្មានការម៉ៅដាច់ទេ គឺត្រូវតែផ្តល់អទិភាព ផ្តល់ការប្រើប្រាស់ អ្វីទៅដែលហៅថាសមភាព សមធ​ម៌​នៅក្នុ​ង​ការប្រើប្រាស់ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត អាហ្នឹងត្រូវតែពិចា​រណាឲ្យបានច្បាស់»។

យ៉ាងណាក៏ដោយ សម្ព័ន្ធកំណែងទម្រង់ការបោះឆ្នោតជំរុញឲ្យ គ.ជ.ប ត្រូវផ្សព្វផ្សាយ​ពីរបា​យ​ការណ៍​​រាប់​ស​ន្លឹកឆ្នោត ឬហៅថាទម្រង់១១០២ លើវេបសាយរបស់ខ្លួន ភ្លាមៗក្រោយបិទ​បញ្ចាប់ការរាប់​ស​ន្លឹក​ឆ្នោត ដើ​ម្បី​​បង្ហាញតម្លាភាព។

ពោលបើ​ការបោះ​ឆ្នោត​នៅ​​ពេលព្រឹក គ.ជ.ប ត្រូវបង្ហាញលទ្ធផលរា​ប់ស​ន្លឹក​ឆ្នោតនៅតាមការរិ​​យា​ល័យ​​និ​​មួ​យៗ នៅ​ទូ​ទាំងប្រ​ទេសលើវេបសា​យរ​បស់ខ្លួននៅពេ​លល្ងាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ