អង្គការលើកកម្ពស់តម្លាភាព​ជំរុញថ្នាក់ដឹកនាំបក្សប្រកាសទ្រព្យសម្បត្តិជាសាធារណៈមុនការបោះឆ្នោត​

អង្គការសង្គមស៊ីវិល​ធ្វើការលើកផ្នែកលើកកម្ពស់តម្លាភាពនៅក្នុងសង្គម ជំរុញឲ្យគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ ត្រូវប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បីឲ្យម្ចាស់ឆ្នោតមានសេចក្តីទុកចិត្ត និងជាផ្នែកមួយសំខាន់ក្នុងការចូលរួម​ទប់ស្គាត់អំពើពុករលួយ។​

ប្រធានអង្គការគណនេយ្យភាពកម្ពុជាលោក គុយ មាសសំណាង ថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះថា លោកនឹងធ្វើយុទ្ធនាការនៅដើមឆ្នាំក្រោយនេះ ដើម្បីជំរុញឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ។ លោកបន្តថា កន្លងមកលោក​បានដាក់លិខិតទៅកាន់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិនិង គណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាពីការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ប៉ុន្តែគណបក្សទាំងពីរមិនឆ្លើយតបទេ។​

លោក គុយ មាសសំណាង មានប្រសាសន៍ថា ការប្រកាសទ្រព្យជាសាធារណៈរបស់​ថ្នាក់ដឹកនាំបក្ស ពិសេសគណបក្សធំៗដែលមានសំឡេងនៅក្នុងសភា មានផលប្រយោជន៍ច្រើន​ ដូចជាការបង្ហាញភាពជាគំរូក្នុងការប្រឆាំងអំពើពុករលួយ លើកកម្ពស់​តម្លាភាពសង្គម និងផ្តល់ទំនុកចិត្តឲ្យពលរដ្ឋជាដើម៖ «ជួយបង្កើនជំនឿទុកចិត្តលើអ្នកនយោបាយ គណបក្សនយោបាយថា គាត់​មានឆន្ទៈក្នុងការចាប់ផ្តើម​ប្រឆាំងអំពើពុករលួយចាប់ពីខ្លួនគាត់ទៅ ទី២គាត់អនុញ្ញាតិឲ្យឲ្យពលរដ្ឋចូលរួមតាមដានថា ទ្រព្យសម្បត្តិដែលគាត់ប្រកាសតាមអនឡាញនិង ទ្រព្បសម្បត្តិជាក់ស្តែងនោះដូចគ្នាឬអត់​»។

សម្រាប់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា គណបក្សរបស់លោកទាមទារឲ្យមានការប្រកាសទ្រព្យសម្បត្តិជាសាធារណៈតាំងពីច្បាប់ប្រឆាំងអំពើពុករលួយទើបបង្កើតឡើង ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនព្រម​។ លោកន្តថា ពេលនេះគណបក្សសង្គ្រោះជាតិ​បានដាក់គោលនយោបាយរបស់ខ្លួនរួចហើយថា អ្នកពាក់ព័ន្ធត្រូវប្រកាសទ្រព្យសម្បត្តិ គឺប្រកាសជាសាធារណៈ ហើយគោលនយោបាយនេះ នឹងដាក់ឲ្យអនុវត្តន៍ពេលគណបក្សឈ្នះការបោះឆ្នោត​៖ «យើងក៏ចូលរួមដើម្បីកែច្បាប់ឲ្យអ្នកនយោបាយប្រកាសទ្រព្យសម្បត្តិជាសាធារណៈដែរ គឺគណបក្សសង្គ្រោះជាតិអត់មានជំទាស់អីទេ ដឹងតែធ្វើឲ្យបាន ហើយឲ្យបានឆាប់ទៀតផង​»។

ប៉ុន្តែពេលសួរថា តើថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះជាតិ​អាចប្រកាសជាសាធារណៈដោយស្ម័គ្រចិត្តជាមួយអង្គការគណនេយ្យភាពកម្ពុជាដែរឬទេ? លោក យឹម សុវណ្ណ ថាគណបក្សលោករង់ចាំមានច្បាប់សិន ទើបអនុវត្តន៍។​

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទាំងបីរូប គឺលោក សុខ ឥសាន លោក សួស យ៉ារ៉ា និងលោក ឈឹម ផលរវុន បានទេ ដោយទូរសព្ទអ្នកទាំងបីខ្លះហៅមិនចូល និងខ្លះទៀតចូលតែមិនមានអ្នកទទួល។​

ទោះយ៉ាងណា កន្លងទៅអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលធ្លាប់បកស្រាយថា ការប្រកាសទ្រព្យសម្បត្តិដោយអសាធារណៈនៅពេលបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ហើយក្នុងការប្រឆាំងអំពើពុករលួយ ហើយថាការប្រកាសជាធារណៈ បារម្ភពីសុវត្ថិភាពរបស់ម្ចាស់ទ្រព្យសម្បត្តិទាំងនោះ។​

របាយការណ៍អង្គការគណនេយ្យភាពកម្ពុជាឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៦នេះ បុគ្គលិកអង្គការសង្គមស៊ីវិល បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋ មន្ត្រីគណបក្សមានចំនួន​ជាង៤០នាក់ បាន​ស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិខ្លួនជាសាធារណៈ។ លោក គុយ មាសសំណាង បញ្ជាក់ថា សាធារណជនពិសេសថ្នាក់ដឹកនាំគណបក្សនយោបាយ​អាចប្រកាសទ្រព្យជាសាធារណៈជាមួយគេហទំព័ររបស់អង្គការគណនេយ្យភាពកម្ពុជាឬអាចប្រកាសលើគេហទំព័រផ្ទាល់ខ្លួនក៏បាន ដើម្បីឲ្យសាធារណជន​បានដឹង បង្ហាញតម្លភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ