ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់រឿងអាស្រូវស្នេហា លើកឡើងថាគូប្រជែងរបស់ខ្លួនកំពុងប្រើប្រាស់យុទ្ធសាស្ត្រដើម្បីកំចាត់ថ្នាក់ដឹកនាំទាំងពីររបស់គណបក្សនេះ រួចបំបែកអ្នកគាំទ្រតាមក្រោយ ដោយលោកហៅយុទ្ធសាស្ត្រនេះថា“កាត់ក្បាលទាំងពីរហើយបំបែកខ្លួន”។
ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការគណបក្សក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃពុធនេះ លោក កឹម សុខា បានថ្លែងថាមានសមាជិកនៅភាគីម្ខាងទៀតដែលទំនងលោកសំដៅទៅគណបក្សប្រជាជនកម្ពុជា បានប្រាប់គណបក្សសង្គ្រោះជាតិថាកន្លងមក គូប្រជែងរបស់ខ្លួនព្យាយាមប្រើប្រាស់យុទ្ធសាស្ត្របំបែកថ្នាក់ដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅដល់ការបំបែកអ្នកគាំទ្ររបស់គណបក្សនេះ។
លោកបន្ថែមថា៖ “ពុះក្បាល បំបែកខ្លួន ពុះក្បាល គឺក្បាលមាន២នាក់ សម រង្ស៊ី និង កឹម សុខា ពុះឲ្យបែកគ្នា។ ពុះបានហើយបានបំបែកខ្លួន បំបែកថ្នាក់ក្រោមតទៀត ដោយគេដឹងថា សង្គ្រោះជាតិគ្រប់មូលដ្ឋានទាំងអស់ចេញពីមូលដ្ឋានពីរ (គណបក្ស) សម រង្ស៊ី និង(គណបក្ស)សិទ្ធិមនុស្ស។ អ៊ីចឹងគេថា បើក្បាលអត់បែកទេ ក្រោមនោះក៏អត់បែកដែរ មែនទេបងប្អូន? ចឹងបានគេថាពុះក្បាលសិន គឺថាពុំក្បាលហើយបំបែកខ្លួនបានយ៉ាងស្រួលនេះជាយុទ្ធសាស្ត្ររបស់គេដំណាក់កាលទី១”។
លោក កឹម សុខា បន្តថាដោយសារតែយុទ្ធសាស្ត្រទី១នេះមិនបានសម្រេច ទើបគូប្រជែងបានផ្លាស់ប្ដូរទៅប្រើប្រាស់យុទ្ធសាស្ត្រកំចាត់ថ្នាក់ដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ រួចទើបបំបែកថ្នាក់ក្រោមជាក្រោយ។ លោកមានប្រសាសន៍៖ “ដោយសារក្បាលយើងគេពុះវាមិនបែក បានគេចាប់ឈានដល់ដំណាក់កាលយុទ្ធសាស្ត្រទី២ យុទ្ធសាស្ត្រទី២មិនមែនត្រឹមពុះក្បាលទេបងប្អូនដើម្បីបំបែកខ្លួននេះ កាត់ក្បាល កាត់ក្បាលទាំងពីរតែម្ដង កាត់ក្បាលហើយបានបំបែកខ្លួន”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែវោហារសាស្ត្រនយោបាយនិងជាការលួងចិត្តអ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ។ លោកបន្តថាគណបក្សប្រជាជនកម្ពុជាមិនមាននយោបាយបំបែកបំបាក់អ្នកដទៃទេ ដោយលោកថា គណបក្សនេះគិតតែខំពង្រឹងខ្លួនឯងដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត។
លោក សុខ ឥសាន បន្ថែមថា៖ “មានតែគេទេដែលចង់បំបែកក្បាលគណបក្សប្រជាជននោះតាំងពី៧៩មករហូតដល់ពេលនេះ ប៉ុន្តែបំបែកវាអត់បាន។ ហើយយើងគ្មានទិសស្លោកថា ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែកទេ អត់មានទេ។ អាហ្នឹងយើងខំពង្រឹងស្មារតីសាមគ្គីភាព ហើយក្នុងគ្រប់វេទិកានយោបាយក៏ដូចជាសន្និបាត ឬមហាសន្និបាតអីគណបក្សបានលើកឡើងហើយ លើកគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុងបក្ស គឺជាអាយុជីវិតរបស់បក្ស។ ហ្នឹងហើយអាហ្នឹងតែប៉ុណ្ណឹងទេ ចឹងទេបានជាគណបក្សប្រជាជនរឹងមាំរហូត អត់មានភ័យព្រួយអ្នកណាមកបំបែកឬអ្នកណាមកទិញដូរអីទេ”។
គួរបញ្ជាក់ថាបច្ចុប្បន្ន លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួន។ លោកត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងចំនួនពីរជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង និងមួយករណីទៀតពាក់ព័ន្ធនឹងការចោទប្រកាន់សមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។
ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ចំនួនពីរ ទាក់ទងនឹងការបង្ហោះឯកសារតាមហ្វេសប៊ុក។
ចំណែកលោក កឹម សុខា កំពុងរងការចោទប្រកាន់រឿងអាស្រូវស្នេហា ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏បានព្រមទទួលយកករណីនេះដើម្បីធ្វើការស៊ើបអង្កេត តាមពាក្យបណ្ដឹងរបស់យុវជនមួយក្រុមដែលចោទលោកថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី។
ពាក់ព័ន្ធនឹងករណីនេះ កាលពីពេលថ្មីៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿងអាស្រូវស្នេហា៕