បក្សប្រឆាំងរៀបចំ​​ប្តឹងក្រុម​យុវជ​នពីការ​​ប្រើប្រាស់​សញ្ញាសម្គាល់គណបក្ស ពេល​តវ៉ា​ប្រឆាំង​លោក កឹម សុខា

ក្រុមយុវជន​ដែល​តវ៉ាទាមទារ​ឲ្យ​លោក កឹម សុខា បក​ស្រាយ​ការចោទប្រកាន់រឿងអាស្រូវស្នេហា(រូបថតពីហ្វេសប៊ុ​ក​របស់​យុវជន ស្រី ចំរើន)

គណបក្សសង្រ្គោះជាតិបាន​ប្រកាសថា​ខ្លួន​កំពុង​រៀបចំសំណុំ​ឯកសារប្តឹងក្រុម​យុវជន​ដែល​ដឹកនាំដោយលោក ស្រី ចំរើន​ ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមាន​សញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំ​លោភលើកម្មសិទ្ធបញ្ញា។

នៅរសៀលនេះ លោក ស្រី ចំរើន បាន​ដឹកនាំយុវជនមួយក្រុមហែក្បួន​ដាក់ញ្ញតិទៅកាន់​រដ្ឋសភា ស្នាក់ការ​អង្គ​ការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិង​ផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទា​រឲ្យ​​​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេង ដែលក្រុមនេះ​សង្ស័យថា​ជា​សំឡេង​លោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។​

ក្នុង​សេចក្តីប្រកាសព័ត៌មានមួយ​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ គណបក្ស​សង្គ្រោះជាតិបាន​​ថ្កោលទោសចំពោះ​ទង្វើរបស់យុវជន ស្រី ចំរើន ដែលបាន​យកទង់ អាវ និង​មួក មាន​សញ្ញាសម្គាល់គណបក្សសង្គ្រោះ “ទៅធ្វើ​សកម្មភាព​អនាធិបតេយ្យ” នៅរាជធានីភ្នំពេញ។

គណបក្សសង្រ្គោះជាតិចាត់ទុកការយកសម្ភារដែលមាន​សញ្ញាសម្គាល់​គណបក្សសង្គ្រោះជាតិទៅធ្វើការ​ហែក្បួន នឹងប្រមូល​ផ្តុំដោយ​ក្រុម​លោក ស្រី ចំរើន នេះថា​ជា​ការរំលោភច្បាប់ស្តីពីកម្មសិទ្ធិបញ្ញានិងច្បាប់ព្រហ្មទណ្ឌ។ គណបក្សនេះ ចាត់ទុកក្រុមនេះ​ថាមានចេតនាបង្កឲ្យមានភាពអនាធិបតេយ្យនៅក្នុងសង្គម។ គណបក្សនេះក៏បាន​ស្នើឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ចដកហូតអាវ មួក និងទង់​ ដែល​មានសញ្ញាសម្គាល់គណបក្សសង្គ្រោះជាតិពីក្រុម​លោក ស្រី ចំរើន នោះវិញ។

អ្នកនាំពាក្យគណបក្សសង្គ្រោះលោក យឹម សុវណ្ណ ប្រាប់វីអូឌីថាលោក​មិន​ដឹង​​ក្រុម​របស់​លោក​ ស្រី ចំរើន ​ចេញ​​មកពីប្រភពណានោះទេ ហើយលោកថាទង្វើរបស់ក្រុមនេះ​មិន​មាន​ការអនុញ្ញាតពីគណបក្សនោះដែរ។ លោក​បន្ថែមថា៖​ “មានមនុស្សមួយក្រុម​ប្រើទង់បក្ស ខោអាវគណបក្ស ដោយគ្មានការអនុញ្ញាតពីគណបក្ស​ ហើយមិន​ដឹងចេញពីណាពីណីមក ហើយធ្វើសកម្មភាពល្មើសច្បាប់ព្រហ្មទណ្ឌ កម្មសិទ្ធិបញ្ញា ហើយយើង​ឃើញ​បែបហ្នឹង​មិន​គួរទុកឲ្យនៅបែបនេះ ព្រោះគណបក្សមិន​បាន​ឲ្យរៀបចំអ្វីផង ហើយយក​ផ្លាកសញ្ញា​គណបក្សដោយគ្មានការអនុញ្ញាត”

បើតាម​លោក យឹម សុវណ្ណ គណបក្សលោក​កំពុង​ពិភាក្សា​គ្នាពី​ពាក្យ​បណ្តឹងនេះ តែ​មិនទាន់កំណត់ពេលដាក់ប្តឹងនៅឡើយទេ។

លោក ស្រី ចំរើន ប្រាប់វីអូឌីនៅល្ងាច​ថ្ងៃអង្គារនេះថា​ក្រុមយុវជន​ដែល​ពាក់​អាវ​និងកាន់ទង់គណបក្ស​សង្រ្គោះជាតិ​ជា​អតីត​អ្នក​គាំទ្រ​និង​អ្នក​ចូល​រួម​ឃោសនា​ឲ្យ​គណបក្ស​ប្រឆាំង។ លោក​បន្តថា​ការ​ដែលប្រើ​សញ្ញាសម្គាល់​និង​ពាក់អាវ​គណបក្ស​សង្រ្គោះជាតិ គឺ​ចង់​ឲ្យ​លោក កឹម សុខា ទទួល​ខុសត្រូវ​ចំពោះអ្នកគាំទ្រ​របស់​គណបក្ស​ខ្លួន។ ទាក់ទង​នឹង​ពាក្យ​បណ្តឹង លោក ស្រី ចំរើន ចាត់ទុក​ថានេះ​ជា​សិទ្ធិ​របស់​គណបក្ស​សង្រ្គោះជាតិ តែ​លោកថា​ទុក​ឲ្យ​តុលាការ​ជា​អ្នក​ចាត់ការរឿងនេះ។​

បើតាម​លោក ស្រី ចំរើន យុវជនប្រមាណជា៣០០ចូល​រួ​មហែញ្ញតិ ដែល​ក្នុងនោះ​មាន​២០០នាក់​ជា​យុវជននិងនិស្សិតមកពីសាកលវិទ្យាល័យនិង១០០នាក់ផ្សេងទៀតជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ