អាមេរិកវាយប្រហារតាមអាកាសនៅសូម៉ាលី សម្លាប់ក្រុមសកម្មប្រយុទ្ធអស់ជាង១៥០នាក់

ក្រុម​សកម្មប្រយុទ្ធ​អាល់សាបាប់ (រូប​ភាព​ពី BBC)

មន្ទីរបញ្ចកោណបានឲ្យដឹងថា ការវាយប្រហារតាមអាកាសមួយបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់សាបាប់ (Al-Shabab)អស់ជាង១៥០នាក់នៅក្នុងប្រទេសសូម៉ាលី។

បណ្ដាញផ្សាយព័ត៌មានBBC បានចុះផ្សាយដោយដកស្រង់សម្ដីអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jeff Davis ថា ការវាយប្រហារតាមផ្លូវអាកាសនោះបានវាយចំជំរំហ្វឹកហាត់មួយដែលលោកថា ជាកន្លែងមានគម្រោងក្នុងការវាយប្រហារ “ទ្រង់ទ្រាយធំ” មួយ។

លោក Davis មានប្រសាសន៍ថា៖ “យើងបានដឹងថាពួកគេនឹងត្រូវចាកចេញពីជំរំនេះ ហើយពួកគេបានបង្កការគំរាមកំហែងយ៉ាងខ្លាំងទៅលើអាមេរិក និងកងកម្លាំង[សហភាពអាហ្វ្រិក]”។ លោកបានបន្ថែមថា៖ “ការវាយតម្លៃដំបូងគឺថា ភេរវជនជាង១៥០នាក់ត្រូវបានកំទេច”

លោក Davis បានឲ្យដឹងដែរថា ការវាយប្រហារនោះធ្វើឡើងកាលពីថ្ងៃសៅរ៍ ដោយប្រើទាំងយន្តហោះគ្មានមនុស្សបើកនិងយន្តហោះមានមនុស្សបើក និងបានសំដៅលើជំរំ Raso ដែលជាកន្លែងបណ្តុះបណ្តាលមួយចម្ងាយប្រមាណ១៩៥គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu)។

អ្នកនាំពាក្យរូបនេះឲ្យដឹងទៀតថា ជំរុំនេះបានស្ថិតក្រោមការត្រួតពិនិត្យអស់មួយរយៈពេល ដោយលោកថា ក្រុមសកម្មប្រយុទ្ធនោះជិតនឹងបញ្ចប់ការហ្វឹកហាត់ឯកទេសដើម្បីប្រតិបត្តិការវាយលុក។ ទោះយ៉ាងណា លោក Davis មិនបានប្រាប់ព័ត៌មានលម្អិតពីផែនការនោះទេ។

ក្រុមសកម្មប្រយុទ្ធ Al-Shabab ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមអាល់កៃដា ត្រូវបានរុញច្រានចេញពីទីក្រុងម៉ូហ្គាឌីស្យូ ដោយកងកម្លាំងរក្សាសន្តិសុខរបស់សហភាពអាហ្វ្រិកនៅក្នុងឆ្នាំ២០១១ ប៉ុន្តែបានបន្តធ្វើការការវាយប្រហារជាញឹកញាប់ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច៕

ប្រភព៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ