លោក ហ៊ុន សែន ព្រមានមន្រ្តីUNរឿងអភ័យ​ឯកសិទ្ធិនិងថា​មិនអាច​ដោះដូរអ្វីនោះទេ

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិលនិងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យដឹងកាលពីថ្ងៃសុក្រថាអង្គភាពនឹងនាំខ្លួនមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN លោក ស៊ឺន សាលី ទៅសាកសួរពាក់ព័ន្ធនឹងករណីរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បន្ទាប់មន្ត្រីUNរូបនោះមិនបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អង្គភាព។

ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថានឹងមិនមានអ្វីដែលត្រូវដោះដូរនោះទេ តែលោកមិនបានបញ្ជាក់លម្អិតថាតើជាការដោះដូរអ្វី ជាមួយភាគីណានោះទេ។ លោកបន្ថែមថាទោះបីមន្រ្តីUNមានអភ័យឯកសិទ្ធិក៏ដោយ ក៏ប្រឈមនឹងពន្ធនាគារផងដែរ។

លោកបញ្ជាក់ថា៖ “កុំអាងអភ័យឯកសិទ្ធិ…ម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ” មន្រ្តីអង្គការសហប្រជាជាតិក៏ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ។ លោកបញ្ជាក់ថាមន្រ្តីទាំងនោះមានការសូកប៉ាន់សាក្សី តែលោកមិនបានបញ្ជាក់លម្អិតនោះទេ។ លោកមានប្រសាសន៍ថា៖ “ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃទេ”។

ពាក់ព័ន្ធនឹងការលើកឡើងថា លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិដោយសារជាមន្ត្រីរបស់អង្គការសហប្រជាជាតិនោះ លោក ឱម យ៉ិនទៀង មានប្រសាសន៍កាលពីថ្ងៃសុក្រថា លោក ស៊ឺន សាលី ជាមន្ត្រីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលលោកថាបានបញ្ចប់អាណត្តិរបស់ខ្លួននៅកម្ពុជាហើយ។ លោកមានប្រសាសន៍ថា៖ “សួរថា អាណត្តិគាត់(OHCHR) ចប់នៅ? គាត់ចប់បាត់ហើយ។ គាត់នៅរាល់ថ្ងៃអត់មានច្បាប់អីផងហ្នឹង! MOU គាត់ចប់ហើយតើ”

តំណាង OHCHR ប្រចាំប្រទេសកម្ពុជា លោកស្រី Wan-Hea Lee   ប្រាប់វីអូឌី(VOD)តាមអ៊ីម៉េលកាលពីថ្ងៃសុក្រថាអនុស្សរណៈយោគយល់(MOU)រវាងOHCHRនិងរដ្ឋាភិបាលកម្ពុជាពិតជាបានផុតកំណត់មែន។ លោកស្រីបន្តថា OHCHR កំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីបន្តMOU ។ លោកស្រីបន្ថែមថា៖ “ទោះយ៉ាងណាក៏ដោយ MOU នេះមិនមែនជាមូលដ្ឋានសម្រាប់អភ័យឯកសិទ្ធិរបស់លោក ស៊ឺន សាលី ដែលកើតចេញពីតួនាទីរបស់លោកជាមន្ត្រីរបស់អង្គការសហប្រជាជាតិ និងត្រូវបានផ្តល់ជូន ក្រោមអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិឡើយ”

គួរបញ្ជាក់ថាមន្រ្តីអាដហុក៤រូបនិងអគ្គលេខាធិការរងគ. ជ. ប លោក នី ចរិយា ដែលអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួននិងកំពុងរៀបចំបញ្ជូនទៅតុលាការ។ មន្រ្តីអាដហុក៤រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ