កម្ពុជា​ប្រ​កាស​មិន​គាំទ្រភាគីណាមួយ​ក្នុង​ជម្លោះសមុទ្រចិន​ខាងត្បូងរវាងចិននិង​ហ្វីលីពីន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនថាកម្ពុជានឹងមិនចូលរួមចេញសេចក្តីថ្លែងការណ៍ណាមួយគាំទ្រសេចក្តីសម្រេចរបស់តុលាការលើជម្លោះសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនប្តឹងប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៣ ដោយថានេះជាជម្លោះទ្វេភាគីនិងមិនមែនជារឿងរបស់អាស៊ាននោះទេ។

ក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាកម្ពុជានឹងមិនគាំទ្រនូវសេចក្តីសម្រេចណាមួយរបស់តុលាការអន្តរជាតិដែលកំពុងពិនិត្យលើបណ្តឹងរបស់ហ្វីលីពីនដែលប្តឹងចិនទាក់ទងជម្លោះសមុទ្រចិនខាងត្បូងនោះទេ។ លោកថ្លែងបែបនេះបន្ទាប់ពីការសែត Cambodia Daily បានចុះផ្សាយថាកម្ពុជាបានធ្វើឲ្យខូចសេចក្តីថ្លែងការណ៍អាស៊ានទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។ កាសែត Cambodia Daily បានដកស្រង់សម្តីរបស់មន្រ្តីហ្វីលីពីនម្នាក់ដែលមិនបញ្ជេញឈ្មោះពីទីភ្នាក់ងារសារព័ត៌មាន AP ថាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មិនបានគាំទ្រសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានដែលថ្កោលទោសចិនចំពោះបញ្ហាសមុទ្រចិនខាងត្បូងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកាលពីសប្តាហ៍មុននៅទីក្រុងគុនមីង ប្រទេសចិននោះទេ។

លោកនាយរដ្ឋមន្ត្រីថ្លែងបន្តទៀតថាជម្លោះសមុទ្រចិនខាងត្បូងគឺជារឿងជម្លោះវាងចិននិងហ្វីលីពីន ដោយលោកថាទុកឲ្យប្រទេសទាំងពីរចរចាគ្នានិងថាអាស៊ានគ្មានសិទ្ធិលូកដៃក្នុងរឿងនេះទេ។ លោកបន្តថាកុំឲ្យប្រទេសដទៃទម្លាក់កំហុសមកលើប្រទេសកម្ពុជា។  លោកបន្ថែមថា៖ “ទុកឲ្យប្រទេសពាក់ព័ន្ធចរចាជាមួយគ្នាទៅ អាស៊ានគ្មានសិទ្ធិ ទោះបីមានCOC (ក្រមប្រតិបត្តិ)ហើយក៏ដោយ ក៏អាស៊ានគ្មានសិទ្ធិវាស់ដីឲ្យអស់លោកទេ អស់លោកវាស់ដីចែកគ្នាទៅ…កម្ពុជាទោះបីជាប្រទេសតូចនិងក្រ តែមិនងងឹងងងល់(ក្នុងការ)ធ្វើនយោបាយការបរទេសមិនដឹងខ្យល់អីនោះទេ”

លោក ហ៊ុន សែន ស្នើឲ្យភាគីពាក់ព័ន្ធបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីសមុទ្រចិនខាងត្បូងបន្តសហការគ្នារៀបចំក្រមប្រតិបត្តិអាស៊ាន-ចិននិងប្រទេសដែលពាក់ព័ន្ធត្រូវបន្តជជែកគ្នាជាទ្វេភាគី។ លោកបន្តទៀតថាមានគេចោទកម្ពុជាថាមិនមានសាមគ្គីជាមួយអាស៊ានដើម្បីគាំទ្រសេចក្តីសម្រេចរបស់តុលាការ តែលោកថាកាលពីពេលដែលហ្វីលីពីនដាក់ពាក្យប្តឹងចិនទៅកាន់តុលាការអន្តរជាតិ ក៏ហ្វីលីពីនមិនបានពិភាក្សាជាមួយសមាជិកអាស៊ានដែរ។

លោកមានប្រសាសន៍ថា៖ “ឥឡូវគេថា បើអ៊ីចឹងកម្ពុជាអត់សាមគ្គីជាមួយអាស៊ានទេ ឥឡូវខ្ញុំសុំសួរបកទៅវិញ ពេលហ្វីលីពីនប្តឹងចិន ទៅតុលាការមានសួរអាស៊ានឬអត់ ខ្ញុំសុំសួរបកទៅវិញ…រឿងតុលាការទុកឲ្យគេដោះស្រាយគ្នាគេទៅ មិនមែនរឿងអាស៊ានទេ រឿងសមុទ្រចិនខាងត្បូងមិនមែនរឿងអាស៊ាន-ចិនទេ គឺរឿងរបស់ប្រទេសដែលពាក់ព័ន្ធទាមទារអធិបតេយ្យ…សាលដីកាតុលាការដែលមិនដឹងថាវាចេញមករបៀបម៉េចនោះ ទោះចេញមកបែបណាក៏ដោយក៏កម្ពុជាមិនចូលរួមដែរ ចេញឲ្យចិនឈ្នះក៏មិនចូលរួម ចេញឲ្យហ្វីលីពីនឈ្នះក៏មិនចូលរួម”។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះគឺបានបង្ហាញពីនិន្នាការរបស់កម្ពុជាទៅរកចិន។ លោកបន្តទៀតថាជំហររបស់កម្ពុជានឹងធ្វើឲ្យកម្ពុជាប្រឈមមុខជាមួយសមាជិកអាស៊ានផ្សេងទៀតដែលលោកថាចង់ឲ្យអាស៊ានមានសំឡេងតែមួយចំពោះបញ្ហាសមុទ្រចិនខាងត្បូង។ លោកស្នើឲ្យរដ្ឋាភិបាលថ្លឹងថ្លែងពីទំនាក់ទំនងរវាងកម្ពុជានិងសមាជិកអាស៊ាននិងទំនាក់ទំនងកម្ពុជាជាមួយចិន ខណៈដែលលោកថាបច្ចុប្បន្ននេះសមាជិកអាស៊ានមាននិន្នាការផ្សេងគ្នារួចស្រេចទៅហើយ។

លោកបន្ថែមថា៖ “ជាការពិតអាស៊ានបានចែកជាពីររួចស្រេចទៅហើយ ដោយអាស៊ានមួយគាំទ្រពួកចិន និងអាស៊ានមួយគាំទ្រពួកសេរី…ការបង្ហាញបែបនេះវាធ្វើឲ្យសេចក្តីសម្រេចឬសេចក្តីថ្លែងការណ៍ណាមួយមិនអាចធ្វើទៅបាន រកឯកភាពរួម អ៊ីចឹងគឺវាធ្វើឲ្យប៉ះពាល់ដល់ដំណើរការចេញសេចក្តីថ្លែងការណ៍គាំទ្ររបស់អាស៊ានដែរបាទ”

កាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឆ្នាំ២០១២ដែលពេលនោះកម្ពុជាជាម្ចាស់ផ្ទះ អាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។ កម្ពុជារងការរិះគន់ថាមាននិន្នាការគាំទ្រប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង។ ការសិក្សាមួយរបស់លោក Carlyle A. Thayer ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៣ ដោយសាកលវិទ្យាល័យThe Johns Hopkins សហរដ្ឋអាមេរិកបានលើកឡើងថានេះជាលើកទីមួយសម្រាប់អាស៊ានដែលមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៤៥ឆ្នាំនេះ។

បើតាមលោក Carlyle A. Thayer ដដែល ភាគីចិនមិនបានទទួលស្គាល់យុត្តាធិការតុលាការមួយនេះនោះទេនិងបានអំពាវនាវឲ្យហ្វីលីពីនងាកមករកយន្តការចរចាជាទ្វេភាគីវិញ។ គួរបញ្ជាក់ថាទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូងនេះ ចិនមានជម្លោះជាមួយប្រទេសជាសមាជិកអាស៊ានចំនួនបួនគឺវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ីនិងហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ