ក្រសួងការបរទេសរិះគន់​​សេចក្តីសម្រេច​របស់សភាអឺរ៉ុប​រឿងស្ថានភាព​នយោបាយ​នៅកម្ពុជា

ក្រសួងការបរទេសកម្ពុជានៅថ្ងៃចន្ទនេះបានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលបានសម្តែងពីការព្រួយបារម្ភស្ថានភាពនយោបាយនៅកម្ពុជា ដោយថាការសម្រេចនេះផ្អែកលើព័ត៌មានខុស។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ ក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គមួយនៅក្នុងប្រទេសបារាំង សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៣ ខែឧសភា ក្រសួងការបរទេសបានឲ្យដឹងថាក្រសួងពិតជាមានការភ្ងាក់ផ្អើលទៅនឹងសេចក្តីអនុម័តរបស់សភាអឺរ៉ុប ដោយថាសេចក្តីសម្រេចផ្អែកលើ«ព័ត៌មានមិនពិតជាច្រើន»ហើយថាការវិនិច្ឆ័យមួយធ្វើទៅបាន មិនមែនសម្អាងលើប្រភពលម្អៀង ពាក្យចចាមអារ៉ាមនិងព័ត៌មានបំភាន់នយោបាយនោះឡើយ។ ក្រសួងការបរទេសបញ្ជាក់ថាប្រទេសកម្ពុជាមិនស្ថិតនៅក្រោមអភិបាលកិច្ចរបស់ស្ថាប័នបរទេសឡើយហើយរដ្ឋាភិបាលមិនទទួលយកការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនិងប្រឆាំងនឹងការច្បិចយកតែវិធីសាស្រ្តដែលមានលក្ខណៈរើសអើង នៅពេលលើកបញ្ហាសិទ្ធិមនុស្សមកពិភាក្សាឬយកករណីមួយចំនួនធ្វើជារឿងនយោបាយ។

ក្រសួងបញ្ជាក់ថា៖ “យើងសោកស្តាយដែលសភាអឺរ៉ុបមិនបានវាយតម្លៃចំពោះកិច្ចការទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើដើម្បីទ្រទ្រង់នីតិរដ្ឋនិងថែរក្សាសន្តិភាពនិងស្ថិរភាពដែលប្រជាជនកម្ពុជាត្រូវការចាំបាច់ដើម្បីភាពសុខដុម ឯកភាពនិងវិបុលភាពជាតិ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ