បទយកការណ៍៖ ពលរដ្ឋមួយចំនួន​មិន​ចាប់អារម្មណ៍ពីការប្រើប្រាស់ថវិកាជាតិ

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

រដ្ឋាភិបាលដែលជាប់ឆ្នោតគឺជាអ្នកដឹកនាំក្នុងមួយមានអាណត្តិ៥ឆ្នាំ។ នាយករដ្ឋមន្រ្តីគឺជាអ្នកដឹកនាំរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រងថវិកាជាតិដែលប្រមូលបានពីបង់ពន្ធអាករនានាពីប្រជាពលរដ្ឋនៅក្នុងប្រទេស។

រដ្ឋាភិបាលជាអ្នកយកថវិកានោះទៅបែងចែកទៅតាមក្រសួងនីមួយៗធ្វើការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ស្រុក ខេត្ត ក្រុង និងរាជធានីជាដើម។ លើសពីនេះទៀត ថវិកាជាតិក៏ប្រមូលបានពីម្ចាស់ជំនួយបរទេសផងដែរ។

នៅពេលសួរប្រជាពលរដ្ឋមួយចំនួនថា តើប្រភពថវិកាជាតិប្រមូលបានមកពីណា? ប្រជាពលរដ្ឋតិចណាស់ដែលថា ពួកគេបានដឹងពីប្រភពថវិកានិងការចាយវាយរបស់រដ្ឋាភិបាល ខណៈខ្លះទៀតនិយាយថាការប្រើថវិកាជាតិស្ថាបនាផ្លូវនៅតែមិនមានគុណភាព។

វ័យជាង៤០ឆ្នាំ អង្គុយក្រោយសំយ៉ាបមុខផ្ទះ ស្ថិតនៅរាជធានីភ្នំពេញ លោក សំ ផល្លី បានរៀបរាប់ថាពួកគេបានបង់ពន្ធឲ្យទៅរដ្ឋជារៀងរាល់ឆ្នាំ ប៉ុន្តែពួកគេមិនដឹងថារដ្ឋាភិបាលយកថវិកានោះទៅអភិវឌ្ឍន៍លើផ្នែកអ្វីខ្លះនោះទេ។

បើតាមអ្នកជំនាញសេដ្ឋកិច្ច ការប្រមូលពន្ធមានពីរប្រភេទគឺពន្ធប្រយោលនិងពន្ធផ្ទាល់។ ពន្ធប្រយោលគេហៅថាអាករ រួមមានការទិញស្រានិងបារី ពោលអ្នកលក់ជាអ្នកយកទៅបង់ពន្ធ។  រីឯពន្ធផ្ទាល់រួមមានពន្ធលើប្រាក់ចំណូល ប្រាក់ចំណេញ ពន្ធប្រថាប់ត្រា ពន្ធផ្ទេរកម្មសិទ្ធិជាដើម ពោលអ្នកដែលរកចំណូលបានត្រូវយកទៅបង់ពន្ធជូនរដ្ឋ ដូចជាការបង់ពន្ធប្រាក់ខែជាដើម។

ពលរដ្ឋម្នាក់ទៀតលោក ចាន់ ណា បានលើកឡើងលោកសង្កេតឃើញថា ការចំណាយផ្សេងៗរបស់រដ្ឋាភិបាលលើគម្រោងអភិវឌ្ឍន៍ដូចជាជួសជុលផ្លូវតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ មិនទាន់ធ្វើឲ្យល្អប្រសើរនៅឡើយ ដោយលោកថាផ្លូវនៅតែបន្តខូច ហើយរាជធានីភ្នំពេញនៅតែបន្តលិចទឹក។

បុគ្គលិកនៅក្រុមហ៊ុនឯកជន ក្នុងរាជធានីភ្នំពេញ លោក មាន សុភ័ក្តិ ស្នើទៅរដ្ឋាភិបាលគួរតែបង្ហាញរបាយការណ៍ជាសាធារណៈពីការប្រមូលពន្ធពីប្រជាពលរដ្ឋជារៀងរាល់ឆ្នាំឲ្យប្រជាពលរដ្ឋបានដឹង ជៀសវាងមានការសង្ស័យថារដ្ឋាភិបាលយកថវិកានោះចាត់ចែងមិនមានតម្លាភាព។

អង្គការភាពជាដៃគូថវិកាអន្ដរជាតិបានវាយតម្លៃបង្ហាញថាកម្ពុជាទទួលបានពិន្ទុ៨លើពិន្ទុ១០០សម្រាប់សន្ទសន៍តម្លាភាពថវិកាជាតិ ដែលអង្គការនេះបង្ហាញថាពលរដ្ឋកម្ពុជាមានលទ្ធភាពតិចតួចក្នុងការទទួលបានព័ត៌មានពីការប្រើប្រាស់ថវិកាជាតិដោយរដ្ឋាភិបាលដែលពួកគេត្រូវយល់ដឹង។

អាជីវករនៅម្តុំផ្សារថ្មី អ្នកស្រី ថុង ចន្តា ដៃម្ខាងបីកូន និយាយថាគាត់មិនដឹងថាថវិកាជាតិនោះរដ្ឋាភិបាលប្រមូលបានមកពីណានោះទេ ដោយអ្នកស្រីថាជាប់រវល់រកប្រាក់ចិញ្ចឹមគ្រួសារ។

បណ្ឌិតសេដ្ឋកិច្ចនិងជាមន្ត្រីផ្នែកស្រាវជ្រាវនៅបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ពន្យល់ថាប្រភពថវិកាជាតិដែលរដ្ឋាភិបាលប្រមូលបានពីប្រជាពលរដ្ឋរួមមានការបង់ពន្ធដីធ្លី ផ្ទះ ពន្ធប្រថាប់ត្រា ពន្ធលើប្រាក់ខែមន្ត្រីរាជការ និងបុគ្គលិកអង្គការ រួមទំាងពន្ធនាំចេញ និងពន្ធនាំចូលទំនិញជាដើម។

ដោយឡែកលោកថាកម្ចីពីបរទេសរួមមានជំនួយឥតសំណងនិងជំនួយមានសំណងនោះ មិនមែនជាថវិកាជាតិទេ។ ប៉ុន្តែលោកថា រដ្ឋាភិបាលយកថវិកានោះទៅបន្ថែមលើគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ករណីពន្ធដែលប្រមូលបានក្នុងស្រុកមិនគ្រាប់គ្រាន់តាមតម្រូវការ។

លោក គី សេរីវឌ្ឍន៍ យល់ថាចំណូលនិងចំណាយថវិកាជាតិ ដែលរដ្ឋាភិបាលប្រមូលបានពីប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ រដ្ឋាភិបាលគួរតែផ្សព្វផ្សាយឲ្យបានទូលំទូលាយពីថវិកាជាតិជាពិសេសឲ្យតំណាងរាស្ត្របានដឹងនិងងាយស្រួលពំានាំយកព័ត៌មានពីការចំណូលនិងចំណាយថវិកាជាតិយកទៅផ្សព្វផ្សាយបន្ថែមឲ្យប្រជាពលរដ្ឋបានដឹងពីករណីនោះ។

តាមរបាយការណ៍អង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០១៥របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឲ្យដឹងថា ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹងពីថវិកាជាតិ រដ្ឋាភិបាលត្រូវបង្ហាញឯកសារថវិកាដោយសាមញ្ញ មិនមានភាពបច្ចេកទេសដើម្បីពួកគេយល់ដឹងអំពីហិរញ្ញវត្ថុសាធារណៈ យល់ដឹងកាន់តែច្បាប់នូវផែនការរដ្ឋាភិបាលក្នុងការបង្កើនចំណូលនិងចំណាយថវិកាសាធារណៈ។

របាយការណ៍ដដែលបន្តថាចាប់តំាងពីឆ្នាំ២០១៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយ “ថវិកាសង្ខេប” ដែលមានតួលេខចំណូល ចំណាយ និងការវាស់វែងម៉ាក្រូសេដ្ឋកិច្ចសរុបមួយចំនួន ប៉ុន្តែថវិកាសង្ខេបនោះមិនត្រូវបានចាត់ទុកជាឯកសារថវិកាសម្រាប់ប្រជាពលរដ្ឋដ៏ល្អនោះទេ៖ ”ផ្អែកតាមការអនុវត្តល្អរបស់អន្តរជាតិ ព្រោះឯកសារថវិកាសង្ខេបមិនមានភាពទូលំ ទូលាយឬមិនបានផ្សព្វផ្សាយឲ្យទូលាយជាសាធារណៈនៅឡើយ”។

ពីឆ្នាំមួយទៅមួយឆ្នាំ រដ្ឋាភិបាលចំណាយថវិកាជាតិមានកើនឡើងជាបន្តបន្ទាប់។

កាលពីឆ្នាំ២០១១ រដ្ឋាភិបាលចំណាយថវិកាជាតិ២៤៦៣លានដុល្លារ ឆ្នាំ២០១២ចំណាយអស់២៧៧៥លានដុល្លារ ឆ្នាំ២០១៣ចំណាយអស់៣១០០លានដុល្លារ ឆ្នាំ២០១៤ចំណាយអស់៣៣៥៧លានដុល្លារ និងឆ្នាំ២០១៥ចំណាយអស់៣៩០០លានដុល្លារ។

ក្នុងឆ្នាំ២០១៦នេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រហែលជា៤៣០០លានដុល្លារដែលកើនលើសឆ្នាំ២០១៥ចំនួន១៦ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ