បក្សប្រឆាំងថានឹងបន្តសួរក្រសួងយុត្តិធម៌ពីនីតិវិធីលើអ្នកតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិ

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ

គណបក្សប្រឆាំងអះអាងថាមន្ត្រីរបស់ខ្លួនចំនួន៥រូបដែលមានតួនាទីសំខាន់ក្នុងសភានឹងចូលប្រជុំនៅមន្ទីររដ្ឋសភានៅដើមសប្តាហ៍ក្រោយនេះ ដើម្បីសួរដេញដោលក្រសួងយុត្តិធម៌ពីនីតិវិធីដែលខ្លួនគិតថាបានរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្តាលគណបក្សនាថ្ងៃទី១៥ខែកក្កដានេះថានៅព្រឹកថ្ងៃទី១៨ខែកក្កដា រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍។លោកថាគណបក្សសង្គ្រោះជាតិនឹងបញ្ជូនប្រធានគណៈកម្មការសភារបស់ខ្លួនទាំង៥រូបទៅចូលរួមក្នុងកិច្ចប្រជុំនោះ។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថាក្នុងកិច្ចប្រជុំនោះគណបក្សសង្គ្រោះជាតិនឹងសួរដេញដោលករណីក្រសួងយុត្តិធម៌ស្នើប្រធានរដ្ឋសភាឲ្យតុលាការអាចបន្តនីតិវិធីលើតំណាងរាស្ត្រ លោក តុ វ៉ានចាន់ និងលោក ពិន រតនា ទាំងមានអភ័យឯកសិទ្ធសភា។

លោកថា៖ «ជាឱកាសមួយនៅថ្ងៃទី១៨ខែកក្កដានេះគឺយើងមានការតស៊ូមតិដើម្បីពន្យល់គ្នាឲ្យយល់ទៅលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញក៏ដូចមាត្រាដទៃៗទៀតនៅក្នុងលក្ខន្តិកនៃអ្នកតំណាងរាស្ត្រ»។

ក្រោយពីមានការរិះគន់ថាតុលាការប្រើអំណាចរំលោភសិទ្ធិតំណាងរាស្រ្តបក្សប្រឆាំងទាក់ទិននឹងអភ័យឯកសិទ្ធិ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានសម្រេចក្នុងកិច្ចប្រជុំមួយកាលពីខែមិថុនាប្រកាសបើកផ្លូវឲ្យតុលាការបន្តនីតិវិធីលើតំណាងរាស្ត្របក្សប្រឆាំងរួមទាំងប្រធានស្តីទីលោក កឹម សុខា ផងដែរ។

ប៉ុន្តែបក្សប្រឆាំងចាត់ទុកថាការសម្រេចនោះមានចរឹតនយោបាយរំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០និងលក្ខន្តិកតំណាងរាស្ត្រនិងបានដាក់លិខិតជំរុញឲ្យប្រធានរដ្ឋសភាលោក ហេង សំរិន បកស្រាយពន្យល់ ។

បើតាមលោក យ៉ែម បុញ្ញឫទ្ធិ គិតត្រឹមថ្ងៃសុក្រនេះគ្មានលិខិតឆ្លើយតបផ្លូវការណាមួយពីប្រធានរដ្ឋសភាទេ។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន តាមសំណើរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលស្នើឲ្យក្រសួងយុត្តិធម៌ចាត់នីតិវិធីបន្តក្នុងការស្នើសុំលើកអភ័យឯកសិទ្ធិសភាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល លោក តុ វ៉ាន់ចាន់ និងតំណាងរាស្រ្តមណ្ឌលបាត់ដំបងលោក ពិន រតនា។

បើតាមលិខិតរបស់ក្រសួងយុត្តិធម៌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសង្ស័យតំណាងរាស្ត្រទាំងពីរនោះថាបានប្រព្រឹត្តអំពើសញ្ចារកម្ម និងបានស្នើប្រធានរដ្ឋសភាចាត់នីតិវិធីបន្តលើសំណើសុំដកឬព្យួរអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តទាំងពីររូបនោះ ដែលតំណាងអយ្យការចោទថាបានប្រព្រឹត្តអំពើសញ្ចារកម្ម។

ប៉ុន្តែអ្នកតំណាងរាស្ត្រទាំងពីររូបនោះមិនបានចូលខ្លួនតាមដីកាកោះ ដោយសំអាងថាចំណាត់ការតុលាការរំលោភអភ័យឯកសិទ្ធិ។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ចាត់ទុកថាការសម្រេចចូលប្រជុំរបស់តំណាងរាស្ត្របក្សប្រឆាំងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ លោកថាជាកាតព្វកិច្ចក្នុងនាមខ្លួនជាតំណាងរាស្ត្រ។ លោកថាចម្ងល់របស់បក្សប្រឆាំងដែលបានចោទសួរក្នុងលិខិតកន្លងទៅ នឹងដាក់ក្នុងរបៀបវារៈសម្រាប់សួរដេញដោលក្នុងកិច្ចប្រជុំនោះ។

លោកថា៖ «ការងាររបស់គាត់ជាតំណាងរាស្ត្រជាសមាជិកគណៈអចិន្ទ្រៃយត្រូវតស៊ូមតិអញ្ចឹងហើយ អាហ្នឹងវាអត់មានអីប្លែកទេ [ហើយ] សំនួរបស់គណបក្សសង្គ្រោះជាតិពីរហ្នឹងគឺថាដាក់ចូលក្នុងរបៀបវារៈក្នុងគណៈអចិន្ទ្រៃយហើយ អញ្ចឹងគណៈអចិន្ទ្រៃយនឹងពិនិត្យពីសំនួររបស់គាត់ ពិភាក្សា និងឆ្លើយសំនួររបស់គាត់»

អ្នកវិភាគនយោបាយធ្លាប់លើកឡើងថាភាពចម្រូងចម្រាស់នៃការអនុវត្តច្បាប់នៅកម្ពុជាពួកគេថា ដោយសារតែមន្ត្រីសំខាន់ៗភាគច្រើនជាកម្លាំងស្នូលរបស់គណបក្សកំពុងគ្រប់គ្រងអំណាច ដូចនេះបក្សកាន់អំណាចតែងទទួលបានផលច្រើនពីឥទ្ធិពលនៃការអនុវត្តច្បាប់នេះ។

អ្នកវិភាគគិតថារដ្ឋសភាខ្មែរគួរស្វែងរកបទពិសោធន៍ប្រទេសប្រជាធិបតេយ្យមួយចំនួន ដើម្បីពង្រឹងឯករាជ្យភាពរបស់តុលាការជំរុញការអនុវត្តច្បាប់ឲ្យមានតម្លាភាពផ្តល់ទំនុកចិត្តដល់ពលរដ្ឋឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ