តារាល្បី​​៣​រូប​ជាប់ជម្រើស​យក​រថយន្ត​​​តម្លៃ​​​១០ម៉ឺន​ដុល្លារ

តារាល្បី​​៣​រូប​ជាប់ជម្រើស​យក​រថយន្ត​​​តម្លៃ​​​១០ម៉ឺន​ដុល្លារ

ក្នុងពិធីខួប២ឆ្នាំរបស់រោងភាពយន្ត Major Cineplex កាលពីថ្ងៃសៅរ៍ថ្មីៗ គេកត់សម្គាល់ថាតារាសិល្បៈនិងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបង្ហាញខ្លួនចូលរួមនៅផ្សារទំនើបអ៊ីអនម៉ល។ ប៉ុន្តែក្នុងចំណោមអ្នកចូលរួមទាំងនោះគឺមានតែតារាសិល្បៈ៣ដួងប៉ុណ្ណោះរួមមានលោក រ៉ូលីន អ្នកនាង គង់ ច័ន្ទស្រីមុំ និងកញ្ញា ព្រីម លីហ្សា ដែលត្រូវបានទទួលឱកាសទៅចាប់យករថយន្ត BMW តម្លៃ១០ម៉ឺនដុល្លារក្នុងពេលខាងមុខ។

លោក សៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត Major បានអះអាងថា ដោយសារតារាទាំងអស់ដែលបានចូលរួមក្នុងខួប២ឆ្នាំរោងភាពយន្តរបស់ខ្លួន សុទ្ធតែបានគាំទ្រភាពយន្តបានបញ្ចាំងនៅរោងភាពយន្ត Major ទើបលោកសម្រេចអោយតារាដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាង ហើយក៏ទទួលលទ្ធផលថាតារាបីនាក់ខាងលើជាអ្នកមានសិទ្ធិទៅផ្សងសំណាងយករថយន្តនោះ។

លោកថាលោក រ៉ូលីន អ្នកនាង គង់ ច័ន្ទស្រីមុំ និងកញ្ញា ព្រីម លីហ្សា ដែលមានសំណាងទៅចាប់យករថយន្តនឹងមានឱកាសច្រើនដោយសារតែក្នុងហិបឆ្នោតដែលរោងភាពយន្តកំណត់អោយចាប់ឆ្នោតបញ្ចប់នៅថ្ងៃទី២៤ ធ្នូខាងមុខ មិនមានសន្លឹកឆ្នោតច្រើនទេ។

លោកថាអតិថិជនដែលចូលមើលកុនមិនសុទ្ធតែបានសន្លឹកឆ្នោតទៅចាប់យករថយន្តនោះទេ ដោយសារតែភ្ញៀវទាំងអស់គឺសុទ្ធតែបានចាប់ឆ្នោតជម្រុះប្រចាំសប្ដាហ៍និងប្រចាំខែមុនបញ្ចូលសន្លឹកឆ្នោតពួកគេទៅហឹបចុងក្រោយជាមួយតារាទាំង៣ដែលទទួលបានសិទ្ធិផ្សងសំណាងយករថយន្តដោយស្វ័យប្រវត្តិ។

លោកនិយាយថា៖ «ជាគោលការណ៍អ្នកចូលមើលកុនមិនសុទ្ធតែបានសន្លឹកឆ្នោតពីយើងទេ ហើយបើបានលុះត្រាតែគាត់បានជាប់ប្រចាំសប្ដាហ៍និងប្រចាំខែទៀត ទើបបានទៅចាប់យករថយន្ត BMW ហ្នឹង! ចឹងហើយទើបខ្ញុំយល់ថាតារាទាំង៣គឺមានសង្ឃឹមច្រើន!»។

លោកថារថយន្តតម្លៃ១០ម៉ឺនដុល្លារនោះសម្រេចផ្ដល់ជូនបន្ទាប់ពីខួប២ឆ្នាំរបស់រោងភាពយន្ត Major ត្រូវបានកំណត់ឡើងកាលពីថ្ងៃទី២៣ កក្កដា កន្លងទៅ។ ក្នុងនោះលោកក៏បានប្រកាន់ជំហរឈប់ទទួលដាក់រឿងដែលខ្វះគុណភាពផងដែរ ដែលលោកចង់សំដៅដល់ភាពយន្តខ្មែរដែលភាគច្រើនលើកផ្លាកបានតែប៉ុន្មានថ្ងៃ ក៏គ្មានអ្នកចូលទស្សនា។ លោកថារយៈពេល២ឆ្នាំ Major ទទួលបានភ្ញៀវទិញមើលកុនជាង២លាននាក់ ដោយក្នុងមួយខែមានរឿងទាំងខ្មែរនិងបរទេសចំនួន១៦រឿងត្រូវបានដាក់បញ្ចាំង។

លោក រ៉ូលីន ដែលបានជាប់បេក្ខភាពម្នាក់ក្នុងចំណោម៣នាក់មានសិទ្ធិចាប់ឆ្នោតយករថយន្ត BMW បានប្រកាសភ្លាមៗថាខ្លួននឹងលក់រថយន្តចាស់ចោល បើការចាប់ឆ្នោងនៅថ្ងៃទី២៤ធ្នូខាងមុនគឺខ្លួនជាអ្នកទទួលបានរថយន្តនោះ។ យ៉ាងណាក៏ដោយលោកថាមួយជីវិតរបស់ខ្លួនមិនធ្លាប់ទទួលបានរង្វាន់ពីការចាប់ឆ្នោតណាមួយនោះទេ បើទោះជាកម្មវិធីនោះមានអ្នកផ្សងសំណាងមិនច្រើនក៏ដោយ។

លោកនិយាយថា៖ «សំខាន់ពេលនេះខ្ញុំសប្បាយចិត្តដែលខ្ញុំបានឱកាសទៅចាប់យករថយន្តហ្នឹង ហើយបើទោះជាខ្ញុំមិនធ្លាប់បានត្រូវរង្វាន់អីពីមុន តែខ្ញុំនឹងចាំអ៊ុតមើល ព្រោះរថយន្តធំចឹងគឺយើងបានសន្លឹកឆ្នោតទៅចាប់ផ្សងសំណាងក៏រំភើបដែរ!»។

មិនខុសគ្នាដែរកញ្ញា ព្រីម លីហ្សា ហាក់មិនសូវមានសង្ឃឹមច្រើនទេ ប៉ុន្តែនាងថាមិនមែនជារឿងធម្មតាដូចគ្នាដែលនាងទទួលបានឱកាសមួយក្នុងចំណោមមនុស្សមិនច្រើនក្នុងការចាប់យករថយន្ត BMW តម្លៃ១០ម៉ឺនដុល្លារ។ កញ្ញាថាបើខ្លួនទទួលបានរថយន្តនោះក្ដីស្រម៉ៃដែលកញ្ញាចង់ប្រើរថយន្តទំនើបដោយបារម្ភរឿងគេចោទថាមានអ្នកនេះចិញ្ចឹមមានអ្នកនោះចិញ្ចឹមនឹងត្រូវបញ្ចប់។

ដោយឡែកអ្នកនាង គង់ ច័ន្ទស្រីមុំ ហាក់មានជំនឿចិត្តខុសពីប្លែកពីតារាទាំងពីរ បន្ទាប់ពីនាងបានក្លាយជាជម្រើសមួយក្នុងចំណោមតារាដែលចូលរួមសម្រាប់ទៅផ្សងយករថយន្ត។

អ្នកនាងថាខ្លួនមនុស្សម្នាក់ត្រូវហ៊ានជឿជាក់នៅលើសំណាងរបស់ខ្លួន ហើយបើទោះជាត្រូវប្រកួតប្រជែងនឹងអ្នកដែលមានសន្លឹកឆ្នោតពី Major មួយចំនួនតូចទៀតក៏នាងនៅតែសង្ឃឹម។ នាងថាអ្វីៗនឹងស្ថិតនៅលើសំណាងប៉ុន្តែក៏ចាត់ទុកថានាងកំពុងមានឱកាសក្នុងដៃ បន្ទាប់ពីបានទទួលសន្លឹកឆ្នោតចាប់យករថយន្តដោយស្វ័យប្រវត្តិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ