លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍នេះ បានសម្រេចផ្តល់ឲ្យអាជីវករសល់ដូរនៅក្នុងផ្សារស្ទឹងសែន អាចកាន់កាប់តូបលក់ដូរឥវ៉ាន់របស់ខ្លួនអស់មួយជីវិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានចេញដំណើរពីខេត្តសៀមរាប ទៅកាន់ខេត្តកំពង់ធំ ជាផ្នែកមួយនៃ ការចុះពិនិត្យស្ថានភាពតាមបណ្តារាជធានីខេត្តទាំង២៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសំណេះសំណាលជាមួយអាជីវករនៅផ្សារស្ទឹងសែន និងបានសម្រេចឲ្យអាជីវករនៅផ្សារនេះ អាចលក់ដូនៅតូបរបស់គាត់អស់មួយជីវិតដោយមិនចាំបាច់មានអាណត្តិ។ នេះបើតាមអ្វីដែលលោកបានសរសេរនៅលើទំព័រហ្វេសប៊ុកនៅព្រឹកនេះ។
លោកនាយករដ្ឋមន្ត្រីសរសេរទៀតថា៖ “ផ្សារនេះ គឺខ្ញុំបានផ្តល់ថវិកាជួសជុលដំបូលផ្សារដល់អាជីវករនៅទីនេះ។ តាមការសំណេះសណាលកាលពីព្រឹកនេះ ខ្ញុំមានការភ្ញាក់ផ្អើលដែលមានបងប្អូនមួយចំនួនធំមិនទាន់បានដឹងច្បាស់អំពីអាណត្តិនៃការលក់ដូរក្នុងផ្សារនេះ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនអាជីវករផ្សារស្ទឹងសែនទាំងមូលអោយ(បាន)ជ្រាបថា ចាប់ពីថ្ងៃនេះផ្សារនេះនឹងផ្តល់ជូនបងប្អូនអាជីវករលក់ដូរអស់មួយជីវិត”។
អាជីវករម្នាក់នៅផ្សារស្ទឹងសែន ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ផ្សាយនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជនមួយកាលពីឆ្នាំ២០០៧ មុននឹងវាត្រូវភ្លើងឆាបឆេះអស់មួយផ្នែកធំនៅចុងឆ្នាំ២០១០។ អាជីវករដដែលនេះ បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយប្រាក់ទៅលើថ្លៃជួសជុលដំបូលផ្សារ ក្រោយហេតុការណ៍អគ្គិភ័យនោះ៕