គណៈកម្មការរៀបចំបុណ្យសពបានសម្រេចពន្យារពេលដង្ហែសពលោកបណ្ឌិត កែម ឡី ទៅបញ្ចុះនៅខេត្តតាកែវដោយអះអាងថា ការសម្រេចនេះធ្វើតាមការស្នើសុំច្រើនពីសាធារណជនដែលចង់ឲ្យតម្កល់ទុកនៅវត្តចាស់មួយរយៈទៀត។
តាមគម្រោងសពលោក កែម ឡី នឹងដង្ហែចេញពីវត្តចាស់នៅម៉ោង៧ព្រឹកថ្ងៃទី១៧ ខែកក្កដា ទៅបញ្ចុះនៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប៉ុន្តែនៅយប់ថ្ងៃសុក្រនេះព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការប្រកាសធ្វើការពន្យារពេលការដង្ហែសពលោក កែម ឡី តាមការសំណូមពររបស់សាធារណជនដែលចង់ឲ្យតម្កល់ទុកក្នុងវត្តចាស់មួយរយៈ ដើម្បីពលរដ្ឋមកពីតំបន់ឆ្ងាយៗឬក្រៅប្រទេសបានមកគោរព។ ព្រះអង្គបញ្ជាក់ថា ថ្ងៃដង្ហែពិតប្រាកដនឹងត្រូវប្រកាសនៅពេលក្រោយ៕