ក្រ​សួង​ណែនាំ​ម្ចាស់ការ​ដ្ឋានឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច​ កុំឲ្យ​ប៉ះពាល់​ផ្លូវ​សាធារណៈ​

សំណង់អគារនៅរាជធានីភ្នំពេញ (ដោយ ទូច សុខា)

ក្រសួងរៀបចំដែនដីណែនាំឲ្យម្ចាស់សំណង់ឬប្រធានម៉ៅការសំណង់ពិនិត្យលើកការប្រើប្រាស់ម៉ាស៊ីនស្ទូចលើកដាក់សម្ភារៈក្នុងការដ្ឋានសំណង់ ដោយថាមិនត្រូវឲ្យគងឬគ្របលើផ្លូវសាធារណៈ ដើម្បីការពារកុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុពេលកំពុងប្រើប្រាស់ម៉ាស៊ីនស្ទូច។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បានចេញជាសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ឬអ្នកទទួលខុសត្រូវការដ្ឋានសំណង់ពីការប្រើប្រាស់ម៉ាស៊ីនស្ទូចនៅក្នុងការដ្ឋាន។ ក្រសួងសរសេរថាដើម្បីថែរក្សា សណ្តាប់ធ្នាប់សាធារណៈនិងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុក្នុងការប្រើប្រាស់ម៉ាស៊ីនស្ទូចនោះ ក្រសួងហាមដាច់ខាងមិនឲ្យប្រើប្រាស់ម៉ាស៊ីនស្ទូច ឬឧបករណ៍លើកដាក់ផ្សេងទៀតគង ឬគ្រប់លើផ្លូវសាធារណៈ។

ដោយឡែក ករណីការដ្ឋានតូចចង្អៀត ក្រសួងតម្រូវឲ្យអ្នកទទួលខុសត្រូវក្នុងការដ្ឋានសំណង់ត្រូវដាក់ផ្លាកសញ្ញាឬភ្លើងសញ្ញា ឲ្យបានត្រឹមត្រូវបើសិនជាដងស្ទូច ឬឧបករណ៍លើកដាក់សំភារៈសំណង់ទាំងនោះប៉ះពាល់ដល់ផ្លូវសាធារណៈ។ ក្រសួងបន្តថាក្នុងករណីទីតាំងការដ្ឋានតូចចង្អៀតដដែលនេះ អ្នកទទួលខុសត្រូវក៏ត្រូវរៀបចំកំណត់ម៉ោងពេលប្រតិបត្តិការនិងសម្រួលចរាចរណ៍សាធារណៈនៅពេលលើកដាក់ ឬស្ទូចសម្ភារៈសំណង់របស់ខ្លួន។

វីអូឌី មិនទាន់អាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងដែនដីបាននៅឡើយ។

ទាក់ទងនឹងសុវត្ថិភាពក្នុងការសាងសង់នេះដែរ កាលបីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានក៏ក្រើនរំឭកប្រជាពលរដ្ឋឲ្យសុំការអនុញ្ញាតពីក្រសួងក្នុងការសាងសង់សំណង់ អគារ ដោយសារដើម្បីចៀសវាងការសាងសង់សំណងខុសច្បាប់។ បើតាមសេចក្តីជូនដំណឹង ក្រសួងអំពាវនាវដល់សាធារណជនដែលមានបំណងសាងសង់អគារគ្រប់ប្រភេទ ទាក់ទងមកក្រសួងដើម្បីសុំការអនុញ្ញាតសាងសង់និងអនុលោមតាម ការតម្រូវផ្នែកបច្ចេកទេសពាក់ព័ន្ធទាំងឡាយ ដើម្បីធានាបាននូវសុវត្ថិភាពនិងភាពសុខដុមក្នុងពេលកំពុងសាងសង់ ព្រមទាំងធានានូវសុខមាលភាពរបស់អ្នករស់នៅ អ្នកប្រើប្រាស់ក្រោយពីការសាងសង់រួច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ