រដ្ឋាភិបាលរំឭកអ្នកបង្កើតបក្សថ្មីឲ្យបំពេញបែបបទខណៈ CPP ថា CNRP នឹងចុះខ្សោយបើបក្សថ្មី​កើត​ច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

ក្រសួងមហាផ្ទៃ រំឭកគណបក្សនយោបាយ ឲ្យទៅបំពេញបែបបទ ដើម្បីបានធ្វើសកម្មភាព ស្របច្បាប់ តាមរាជធានី ខេត្ត សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ខណៈបក្សកាន់អំណាចគិតថា ការកើនឡើងគណបក្សថ្មី ជាដើមចមមួយ អាចកាត់បន្ថយឥទ្ធិពលបក្សប្រឆាំង។

លិខិតជូនដំណឹងចុះថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្ននេះ មានគណបក្សនយោបាយចំនួន៦៧។ ក្រសួងថាក្នុងចំណោមគណបក្សទាំងនោះមាន៤៤ បានចុះបញ្ជីហើយ ប៉ុន្តែនៅ២៣ទៀតមិនទាន់ចុះបញ្ជី ដើម្បីបំពេញលក្ខខណ្ឌ សម្រាប់ប្រកួតប្រជែងនៅឡើយ។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ដើម្បីមានសិទ្ធិស្របច្បាប់ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៧និង២០១៨ ខាងមុខ ក្រសួងរំឭកឲ្យស្ថាបនិកគ្រប់គណបក្សនយោបាយ ដែលបានសុំបង្កើតរួចហើយ និងមានបំណងធ្វើសកម្មភាព ត្រូវរួសរាន់ទៅបំពេញបែបបទ និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងច្បាប់។

លិខិតរំឭករបស់ក្រសួងមហាផ្ទៃនេះ បានជូនដំណឹងដល់ស្ថាបនិកបង្កើតគណបក្សថ្មីនេះ បានធ្វើឡើង ក្រោយពីរថ្ងៃ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានចេញរបាយការណ៍កំណត់ទិសដៅភារកិច្ច សម្រាប់ឆមាសទី២ឆ្នាំ២០១៦។

របាយការណ៍កំណត់ទិសដៅ របស់បក្សកំពុងគ្រប់គ្រងអំណាចចេញថ្ងៃទី១៩ខែកក្កដានោះ អះអាងថា បក្សប្រឆាំងពេលនេះ កំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំ  និងប្រឈមបញ្ហាផ្ទៃក្នុងជាច្រើន។

របាយការណ៍ដដែលបញ្ជាក់ថា ទិសដៅនិងភារកិច្ច បន្តឲ្យបក្សប្រឆាំងកាន់តែចុះខ្សោយ គឺតាមរយៈបន្តយុទ្ធសាស្ត្រ លើកទឹកចិត្តឲ្យ គណបក្សនយោបាយដទៃទៀតចូលរួមការបោះឆ្នោតឲ្យបានកាន់តែច្រើន និងជំរុញអនុវត្តនីតិវិធី របស់តុលាការ រាល់សកម្មភាពល្មើសច្បាប់ របស់ថ្នាក់ដឹកនាំ មន្ត្រី និងសកម្មជន របស់គណបក្សប្រឆាំង។

ច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៩ចែងថា ប្រជាពលរដ្ឋខ្មែរយ៉ាងតិច៨០នាក់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយមានលំនៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា មានសិទ្ធិបង្កើតគណបក្សនយោបាយបាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខអក្សរទៅក្រសួងមហាផ្ទៃ។ហើយក្រសួងមហាផ្ទៃមានរយៈពេល១៥ក្នុងការឆ្លើយតប ។មាត្រានោះចែងទៀតថា បើហួសកំណត់១៥ថ្ងៃនេះ ត្រូវចាត់ទុកថាបានទទួលសេចក្តីជូនដំណឹងនេះ។

មាត្រា២០ចែងដែរថា ដើម្បីបានចូលរួមប្រកួតប្រជែងការបោះឆ្នោត គណបក្សត្រូវមាន បញ្ជីឈ្មោះដោយមានអាយុ អាស័យដ្ឋាននិងស្នាមមេដៃ របស់សមាជិក៤ពាន់នាក់ ដោយមានបញ្ជាក់លេខប័ណ្ណសមាជិកគណបក្ស និងកាលបរិច្ឆេទនៃការចូលជាសមាជិកភាពគណបក្សនយោបាយ ។

ត្រូវមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលរបស់គណបក្សនយោបាយ។ជីវប្រវត្តិសង្ខេបរបស់ប្រធានឬសមាជិកស្ថាបនិចំនួន ៣នាក់យ៉ាងតិច ក្នុងម្នាក់ចំនួនមួយច្បាប់ដោយមានបិទរូបថតទំហំ៤គុណ៦ ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ