សង្គមស៊ីវិលថាការយឺតយ៉ាវចុះបញ្ជីដីសមូហភាពជនជាតិដើមដោយសារតម្លៃចុះបញ្ជីថ្លៃពេក

ម្ចាស់ជំនួយនិងអង្គការសង្គមស៊ីវិលមួយចំនួនព្រួយបារម្ភថា ជនជាតិដើមភាគតិចប្រឈមនឹងបាត់ដីនិងប្រពៃណីដូនតារបស់ពួកគេបន្ថែមទៀត បើយន្តការចុះបញ្ជីដីធ្លីនៅតែបន្តអូសបន្លាយ ដោយអះអាងថាការចុះបញ្ជីដីធ្លីជាសមូហភាពដែលបានធ្វើកន្លងទៅ សហគមន៍មួយប្រើប្រាស់ថវិកាអស់៧ម៉ឺនដុល្លារ។

ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីគំហើញថ្មីៗទាក់ទិននឹងដំណើការចុះបញ្ជីដីសមូហភាពរបស់ជនជាតិដើមភាគតិចដែលធ្វើឡើងក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនាថ្ងៃទី៤ខែសីហានេះ លោកស្រី គ្រីស្ទាន រ៉ាមូសសិន (Christian Rasmusen) តំណាងម្ចាស់ជំនួយ ឌីស៊ីអេដ (DanCurchAid) ឲ្យដឹងតាមរយៈអ្នកបកប្រែថា ថ្វីបើកម្ពុជាបានបង្កើតច្បាប់និងយន្តការជាច្រើនសម្រាប់ទប់ស្កាប់ជម្លោះដីធ្លីក៏ដោយ ប៉ុន្តែលោកស្រីថាការអនុវត្តនៅមានកម្រិត។

លោកស្រី Christian Rasmusen បន្តថាពិសេសការចុះបញ្ជីដីធ្លីជាសមូហភាពរបស់ជនជាតិដើមភាគតិចនេះ មានភាពស្មុគស្មាញច្រើនអន្លើ ដោយឆ្លងកាត់ការពង្រឹងសមត្ថភាពសហគនម៍ជាមុន ហើយត្រូវឆ្លងកាត់ក្រសួងសំខានចំនួន៣ទៀតដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មុនបានជាកម្មសិទ្ធិស្របច្បាប់ជាសហគមន៍ឬហៅថាការចុះបញ្ជីដីធ្លីជាសមូហភាព ដែលលោកស្រីថា សហគមន៍មួយបានចំណាយថវិការហូតដល់ទៅ៧ម៉ឺនដុល្លារ។

លោកស្រីថា៖ «ដោយសារតែការចុះបញ្ជីនេះវាមានតម្លៃថ្លៃ ឧទាហរណ៍យើងឃើញថាការចុះបញ្ជីសហគមន៍មួយសរុបជាធម្យម រហូតដល់៧ម៉ឺនដុល្លារ អញ្ចឹងហើយយើងពិបាកនឹងធ្វើការស្រមើប្រម៉ៃថា តើធនធាននៃថវិការនេះ យើងទៅរកវានៅឯណា ចម្លើយទាំងនេះយើងនឹងរងចាំមើល ប៉ុន្តែអ្វីមួយដែលវាច្បាស់លាស់ វាស្ថិតក្នុងដំណាក់កាលធ្វើតែស»

ទោះជាយ៉ាងណា លោកស្រី Christian Rasmusen មិនបានបញ្ជាក់ថា តើលុយ៧ម៉ឺនដុល្លារនេះបានចំណាយទៅលើអ្វីខ្លះ ទើបទទួលបានការចុះបញ្ជីជាសមូហភាពសម្រាប់សហគមន៍ជនជាដើមភាគតិចនោះទេ។

នាយកប្រតិបត្តិអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិចហៅកាត់ថា ICSO លោក សៅ វ៉ាន់សី លើកឡើងថាថវិកានោះអាចចំណាយទៅលើវគ្គបណ្តុះបណ្តាលពង្រឹកសមត្ថភាពសហគមន៍មួយចំនួន។

មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងដែរថាជនជាតិដើមភាគតិចមានប្រមាណជាង៤០០សហគមន៍ តែលោកថា មកដល់ពេលនេះមានតែសហគមន៍១៣ប៉ុណ្ណោះដែលបានចុះបញ្ជីដីធ្លីជាសមូហភាព ដែលគិតថាសហគមន៍ច្រើនរយទៀតកំពុងប្រឈម ខណៈរដ្ឋាភិបាលមានផែនការចុះបញ្ចីដីធ្លី១ឆ្នំា១០សហគមន៍ប៉ុណ្ណោះ។

ករណីនេះលោក សៅ វ៉ាន់សី ថារដ្ឋាភិបាលប្រើពេលជាង៤០ឆ្នាំទៀត ទើបអាចសម្រេចផែនការបាន ។

បើតាមលោក សៅ វ៉ាន់សី ដើម្បីបញ្ចៀសកុំឲ្យជនជាតិដើមបន្តបាត់បង់ដីស្រែចំការវិលជុំនិងប្រពៃណីដូចតា ទាក់ទិននឹងដីព្រៃកប់សព ដូនតា និងព្រៃអារក្សជាដើមនោះក្រុមការងារមានតែសម្របសម្រួលគ្រប់ភាគីពាក់ព័ន្ធ ស្វែងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ លោកថាទើបអាចទប់ស្កាត់ការរំលោភបំពានបាន។

លោកថា៖ «ក្នុងសិក្ខាសាលាថ្ងៃនេះខ្ញុំគិតថា យើងនឹងរួមគ្នាពិភាក្សាកិច្ចការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យរាល់បញ្ហាទាំងអស់ត្រូវបានដោះស្រាយ ជាពិសេសគឺការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រសើជាជាងការប្រឈមដាក់គ្នា ជាការប្រឈមដាក់បណ្តឹងទៅតុលាការ អញ្ចឹងយើងគិតថា ជាជំហានមួយចូលរួមទប់ស្កាត់»

អនុប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយរបស់ក្រសួងមហាផ្ទៃលោក អំា វាសនា ដែលចូលរួមសិក្ខាសាលានោះដែរ សុំមិនធ្វើអត្ថាធិប្បាយពីការលើកឡើងថាបានចំណាយថវិការរហូត៧ម៉ឺនដុល្លារ សម្រាប់បានចុះបញ្ជីដីធ្លីជាសមូហភាពក្នុងមួយសហគមន៍នោះទេ។ ប៉ុន្តែលោកថាផែនការចុះបញ្ជីដីធ្លីជាសមូលហភាពចំនួន១០សហគមន៍ លោកថាជាផែនការមួយសមរម្យទៅនឹងពេលវេលានិងការបំពេញបែបបទនានា របស់ក្រសួងពាក់ព័ន្ធនិងការរៀបចំខ្លួនរបស់សហគមន៍។

តំណាងជនជាតិដើមភាគតិចមួយរូបនៅខេត្តរតនគីរី លោក តេវ ត្វែល អះអាងថា បើការចុះបញ្ជីដីធ្លីកាន់តែយូរលោកថាការបាត់បង់់ដីស្រែនិងធនធានធម្មជាតិលើដីរបស់ជនជាតិដើមភាគតិចប្រឈមនឹងការបាត់បង់កាន់តែខ្លាំង។

លោកថា៖ «ក្នុងនាមខ្ញុំផ្ទាល់ជាជនជាតិដើមភាគតិច ខ្ញុំសំណូមពរឲ្យក្រសួងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងក្រសួងដែនដីនឹងធ្វើយ៉ាងណាដោះស្រាយបញ្ហាចុះបញ្ជីដីធ្លីឲ្យបានលឿន ហើយកុំពន្យាពេលឲ្យយូរ បាទ ដើម្បីធានាពីការគ្រប់គ្រងរបស់ជនជាតិដើមភាគតិច បាទ!»

បើតាមតាមរបាយការណ៍ជនជាតិដើមភាគតិតនៅលើពិភពលោកមានប្រមាណជា៣៧០លាននាក់ក្នុងចំណោម១៤៣ប្រទេស។ ក្នុងនោះកម្ពុជាមានប្រមាណជា២សែននាក់ក្នុង១៥ខេត្តពួកគេភាគច្រើនរស់នៅភូមិភាគឦសាននៃប្រទេសដូចជាខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី និងរតនគីរី។

របាយការណ៍បញ្ជាក់ថា ជនជាតិដើមភាគតិចនៅកម្ពុជាមាន២៤អំបូរ មានគ្រឹង ទំពូន ចរាយ គួយ ភ្នោងជាដើម ពួកគេប្រកបរបរចិញ្ចឹមជីវិត ធ្វើចំការវិលជុំ ស្វែងរកអនុផលព្រៃឈើក្នុងព្រៃសហគមន៍ជាប្រចាំ មានជំនឿសាសនាបែបអរូបិយ និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ដូចពលរដ្ឋដែលមានវប្បធម៌ជឿនលឿនដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ