ស្រូវប្រាំង​​រាប់ពាន់​ហិកតា​នៅ​សៀមរាប​ក្រៀម​ស្វិត​ដោយសារ​ខ្វះ​ទឹក​

ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប(រូបថត៖ បូ សាវី)

ប្រជា​កសិករ​មួយចំនួននៅ​ខេត្ដ​សៀមរាបឲ្យដឹងថា ស្រូវ​ស្រែប្រាំង​រាប់ពាន់​ហិកតានៅក្នុង​សង្កាត់​៣នៃ​ក្រុង​សៀមរាប បាន​ក្រៀម​ស្វិតដោយសារ​ខ្វះ​ទឹក​ស្រោចស្រពដោយ​អះអាង​ថា ប្រភពទឹក​ពី​ស្ទឹង​សៀមរាប និង​បារាយ៍​ទឹកថ្លា​ខាងលិច ពុំ​មាន​ទឹក​គ្រប់គ្រាន់។​

​ពលរដ្ឋ​នៅ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​លោក យ៉ាំង រី ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​នេះ​ថា ស្រូវប្រាំង​ប្រជាកសិករ​ជា​ច្រើន​ពាន់​ហិកតា ស្ថិតនៅ​ខាងត្បូង និង​ខាងលិច ក្នុង​ក្រុង​សៀមរាប ប្រឈម​នឹងការ​ខូចខាតដោយសារ​ខ្វះ​ទឹក​ស្រោចស្រព។ លោក​បន្ដថា ជា​រៀងរាល់ឆ្នាំ ស្រូវប្រាំង​ពួកគាត់ មាន​ទឹក​ទន្លេសាប ហូរ​ចូល​អាង​ស្ដុក​ទឹកដែល​អាច​ស្រោចស្រព​ដំណាំ​កសិកម្ម​នោះ​បាន​គ្រប់គ្រាន់ ប៉ុន្ដែ​ឆ្នាំ​នេះ លោក​ថា​គ្មាន​ភ្លៀង​គ្រប់គ្រាន់ ខណៈ​ដែល​ទឹកស្ទឹង​សៀមរាប​ត្រូវបាន​អាជ្ញា​ធរជាតិ​អប្សរា​បិទទ្វា​រទឹក ដើម្បី​រក្សា​ទឹក​បន្សើម​គ្រឹះ​ប្រាសាទបុរាណ​។ លោក​បារម្ភ​ថា ពួកគាត់​ប្រឈម​នឹង​ដាច់បាយ បើសិន​អាជ្ញាធរ​គ្មាន​ការជួយ​សង្គ្រោះ​ស្រូវប្រាំង​ទាំងនោះ​ទេ​។​

​ពលរដ្ឋ​មួយរូប​ទៀតនៅ​សង្កាត់​សំបួរ លោក ហ៊ីង ម៉ៅ ឲ្យដឹងថា ស្រូវប្រាំង​ទាំងនោះបាន​ខូចខាត​ប្រហែល​៥០%​ទៅហើយ ដែល​លោក​ថា មិនទាន់​មាន​ការដោះស្រាយ​ពី​មន្ដ្រី​ជំនាញ​នៅឡើយ​ទេ​។​ លោក​បញ្ជាក់​ថា ​ដំណាំ​ស្រូវ​នោះ​អាច​ប្រឈម​នឹង​ការខូចខាត​ទាំងស្រុង ដោយសារ​តែ​តំបន់​មួយចំនួន​គ្មាន​ប្រឡាយទឹក​ឆ្លងកាត់​។ ​លោក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ឬ​មន្ដ្រី​ជំនាញ រក​ដំណោះស្រាយ​លើ​ករណី​នេះ ដើម្បី​ទទួលបាន​ពូជ​ខ្លះ​សម្រាប់​ឆ្នាំ​ក្រោយ​។ លោក​បន្ថែមថា​៖​ហួសពេល​បាត់ទៅហើយ​ខ្ញុំ​ចុះ​ទៅ​មើល​អា​ខ្លះ​ខ្លោច​ឆេះ​សុំ​ជំនួយ​សុំ​ពូជ​សំ​អី​គេ​ទប់ស្កាត់​ឆ្នាំក្រោយ ព្រោះ​ពេល​នេះ​វា​ហួសពេល​ទៅ​ហើយ​យើង​ទៅ​ដោះស្រាយ​ក៍​ដោះ​មិន​ចេញ​ដែរ ប៉ុន្ដែ​បើ​យើង​រៀបចំ​ទំនប់​ប្រឡាយ​ស្ដារ​ប្រឡាយ​ពី​ពេល​នេះ​ទៅ​អត់​មិច​ក៍​យើង​ស្រួល​ដែរ​។​

ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប(រូបថត៖ បូ សាវី)
ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប(រូបថត៖ បូ សាវី)

​ករណីនេះ អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុ​ង មានប្រសាសន៍ថា ស្រូវប្រាំង​ដែល​ខ្វះ​ទឹក​នោះ​មាន​តិចតួច ពោល​មិន​ដល់​រាប់ពាន់​ហិកតា​នោះ​ទេ​។​លោក​បន្ដថា អាជ្ញាធរ​គ្រោង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បើកទឹក​បញ្ចូល​ទំនប់ទឹក​៧៨ និង​ដើម្បី​បន្ដ​បញ្ចូល​ស្រូវប្រាំង​ពលរដ្ឋ​ទាំង​បី​សង្កាត់​នោះ​។​ លោក​បន្ដថា​៖​ស្រូវ​នៅ​ខាងក្រោមៗ​នោះ​ជា​ទូទៅ​មាន​៣​រយ​ហិកតា​២​រយ​ហិកតា ប៉ុន្ដែ​នៅ​ខាងលើ​ដែល​ខ្វះខាត​មាន​តិចតួច​ទេ ប៉ុន្ដែ​មិន​ទាន់​ខ្វះខាត​នៅឡើយ​ទេ​អា​តម្រូវការ​ទឹក​មិន​ច្រើន​តិចតួច​ទេ​នៅ​ខាងលើ​នៅ​ខាងក្រោម​ទឹក​គេ​បបូរ ព្រោះ​នៅ​ខាងក្រោម​គេ​អត់​មាន​ប៉ះពាល់​ទឹក​ខាងលើ គេ​មាន​ខ្សែទឹក​មួយៗ​សំរាប់​ហូរ​ចូល​បាទ​។​

​បើ​តាម​ប្រជាកសិករឲ្យដឹងថា ស្រូវប្រាំង​ពួកគាត់​ចាប់ផ្ដើម​ក្រៀម​ស្វិត ចាប់ពី​ពាក់កណ្ដាល​ខែ​មករា ​រហូត​ដល់​ជាង​ពាក់កណ្ដាល​ខែ​កុម្ភៈ​នេះ​។​ ស្រូវប្រាំង​ដែល​រង​ការខូចខាត​ជាងគេ គឺ​ស្ថិត​នៅសង្កាត់​ចំនួន​៣ រួម​មាន​សង្កាត់​ស្វាយដង្គំ សង្កាត់​សៀមរាប សង្កាត់​សំបួរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ