វិភាគ៖ រដ្ឋ​សភា​បន្ត​អនុម័ត​ច្បាប់​បែប​ជិះ​សេះ​លែង​ដៃ

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ (រូបភាពហ្វេសប៊ុករដ្ឋសភា)

ទីបំផុត​ទៅ រដ្ឋ​សភា​ដែល​មាន​តែ​ក្រុម​តំណាងរាស្ត្រ៦៦​រូប​របស់​គណបក្ស​កាន់​អំណាច ​បាន​អនុម័ត​សំណើ​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ហើយ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​នេះ ដូច​ការ​គ្រោង​ទុកនិង​ការ​ស្នើ​ឡើង​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា​កន្លងម​ក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ពិចារណា​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដោយ​លោក ហ៊ុន សែន ចង់​ឲ្យ​កំណត់​ថា អ្នក​នយោបាយ​ណា​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ថា​មាន​ទោស​នោះ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ ឬ​កាន់​តំណែង​ជា​ប្រធាន ឬ​អនុ​ប្រធា​ន​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ។

បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ជំរុញ​បែប​នេះ បាន​ប្រហែល​តែ​ ៣​សប្ដាហ៍​ប៉ុណ្ណោះ រដ្ឋ​សភា​បាន​អនុម័ត​សំណើ​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស់ ដូច​​ការ​គ្រោង​ទុក​​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​នេះ។ រដ្ឋ​សភា​ដែល​មាន​តែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦៦​រូប បាន​អនុម័ត​លើ​សេចក្ដី​កែ​ប្រែ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ ដោយ​មិន​ខ្វល់​នឹង​អវត្តមាន​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

បើ​ទោះ​បី​ជា​សំណើ​កែ​ប្រែ​ច្បាប់​នេះ មាន​វិសាល​ភាព​គ្រប​ដណ្ដប់​ទៅ​លើ​មនុស្ស​ទូទៅ​ក៏​ដោយ ប៉ុន្តែ សំណើ​កែ​ប្រែ​ច្បាប់​នេះ ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​ការ​ប៉ុន​ប៉ង​របស់​គណបក្ស​កាន់​អំណាច ដើម្បី​រាំងខ្ទប់​ផ្លូវ​នយោបាយ​របស់​លោក សម រង្ស៊ី គូ​ប្រជែង​នយោបាយ​ដ៏​ធំ​បំផុត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

បើ​យើង​ពិនិត្យ​មើល​ពី​ដំណើរការ​នៃ​ការ​កែ​ប្រែ​ច្បាប់​នេះ វា​មាន​រយៈ​ពេល​ត្រឹម​តែ ៣​សប្ដាហ៍​ប៉ុណ្ណោះ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា​កន្លង​មក នៅ​ពេល​លោក​ ហ៊ុន សែន បាន​ថ្លែង​ជំរុញ​ឲ្យ​បាន​ការ​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ។

ដំណើរការ​​កែ​ប្រែ​ច្បាប់​មួយ​ដ៏​លឿន​បែប​នេះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពីអំណាច​របស់​រដ្ឋ​សភា?

ជុំ​វិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​សុចរឹតភាព និង​គណនេយ្យភាព​សង្គម លោក សួន ប៊ុនស័ក្តិ បាន​លើក​ឡើង​ថា ការ​អនុម័ត​សំណើ​កែ​ប្រែ​ច្បាប់​នេះរបស់​រដ្ឋ​សភា បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​បន្ថែម​ទៀត នូវ​របប​សភា​និយម​ដែល​មាន​តែ​ឈ្មោះ ដោយ​លោក​ថា ផ្ទុយ​ទៅវិញ​ស្ថាប័ន​សភា​មាន​ភាព​ទន់​ខ្សោយ ហើយ​មិន​បាន​ជជែក​វែក​ញែក​លើ​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​បាន​ល្អិត​ល្អន់​នោះ​ឡើយ។

សម្រាប់​អ្នក​ជំនាញ​ផ្នែកអភិបាលកិច្ច​សង្គម​រូប​នេះ សង្កេត​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​ជាច្រើន​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល ត្រូវ​បាន​សភា​អនុម័ត​ស្ទើរ​តែ​ទាំង​អស់ ដោយ​មាន​ការ​កែ​ប្រែ​តិច​តួច​ប៉ុណ្ណោះ។

លោក សួន ប៊ុនស័ក្តិ៖ ប្រទេស​ប្រកាន់​របប​សភា​និយម គឺ​ជា​ប្រទេស​ដែល​មាន​សភា​ខ្លាំង។ យើង​ជា​ប្រទេស​កាន់​របប​សភា​និយម​មួយ​ដែរ ប៉ុន្តែ សភា​យើង​ខ្សោយ​ទៅ​វិញ ត្រង់​ថា នៅ​ពេល​​រដ្ឋាភិបាល​ដាក់​ច្បាប់​ឲ្យ ជាទូទៅ គ្រាន់​តែ​ជា​ការ​ជជែក​ធម្មតាទេ មិន​សូវ​មាន​ការ​តាន​តឹង មិន​សូវ​មាន​ការ​កែ​តម្រូវ ភាគ​ច្រើន​ដាក់​មកដឹង​តែ​អនុម័ត​តែ​ម្ដងសូម្បី​តែ​​កន្លង​មក ក្រម​ព្រហ្មទណ្ឌ​អី​ជាដើម អ្នក​ច្បាប់​ខ្លះ​ថា សូម្បី​តែ​ស្រះ “ិ” មួយ​ក៏​មិន​បាន​កែ មានន័យ​ថា សភា​ហ្នឹង​នៅ​ទន់​ខ្សោយ

ក្រៅ​ពី​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋ​សភា​កម្ពុជា ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ ក៏​បាន​ជំរុញ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ប្រសិទ្ធភាព​ និង​វិសាលភាព​នៃ​ការ​អនុវត្ត​ផង​ដែរ។

ជុំ​វិញ​មន្ទិល​សង្ស័យ​អំពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​នេះ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម លោក សន ជ័យ បាន​រំលឹក​ឡើង​វិញ​ពី​ការ​បង្កើត​ច្បាប់​ឯកព័ន្ធភាព កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រឆាំង​នឹង​សម្ដេច​ក្រុមព្រះ នរោត្ដម នរណរិទ្ធ អតីត​ប្រធាន​រដ្ឋ​សភា និង​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ជាង​នេះ​ទៅ​ទៀត អ្នក​តាម​ដាន​បញ្ហា​សង្គម​រូប​នេះ បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​វិសាលភាព​នៃ​ការ​អនុវត្ត​ច្បាប់​នយោបាយ បន្ទាប់​ពី​ការ​កែ​ប្រែ​ដោយ​មិន​មាន​ការ​ពិគ្រោះ​យោបល់ និង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៣​សប្ដាហ៍​ប៉ុណ្ណោះ។ ក្ដី​បារម្ភ​របស់​លោក សន ជ័យ កើត​ឡើង​នោះ​ក៏​ព្រោះ​​វិសោធនកម្ម​ច្បាប់​នឹង​ប៉ះ​ពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​បុគ្គល​នៅ​ក្នុង​គណបក្ស​នយោបាយ​ណាមួយ។

លោក សន ជ័យ៖ វា​អាច​ប៉ះ​ពាល់​ដល់​រដ្ឋ​ធម្មនុញ្ញ​ បាន​ន័យ​ថា វា​រំលោភ​ទៅ​លើសិទ្ធិ​សេរីភាព​របស់​បុគ្គល នៅ​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​គណបក្ស​នយោបាយ។ អីចឹង​ចំណុច​នេះ វា​នឹង​ជា​ការ​បារម្ភ​មួយ ព្រោះ​យើង​ដឹង​ហើយ​ថា ការ​មាន​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈឹម​ហ្នឹង វា​កើត​ឡើង​ងាយ​ណាស់​សម្រាប់​កម្ពុជា​នោះ ពីព្រោះ​អី​បើ​យើង​មើល​ទៅ​ប្រព័ន្ទ​តុលាការ មិន​សូវ​មាន​ជំនឿ​ពី​មហាជន​គ្រប់​តែ​គ្នា​ហ្នឹង

មិន​ត្រឹម​តែ​ប៉ះ​ពាល់​សិទ្ធិ​បុគ្គល និង​បង្ហា​ញ​ពី​ដំណើរ​ធាក់​ថយ​ក្រោយ​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ លោក សន ជ័យ បាន​លើក​ឡើង​ផង​ដែរ​ពី​​ភាព​មិន​ច្បាស់​លាស់​នៃ​ពាក្យ​គន្លឹះ​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ ដែល​មិន​ត្រូវ​បាន​កំណត់​ឲ្យ​បាន​ជាក់​លាក់​​ទាក់​ទង​នឹង​បញ្ហា​សន្តិសុខ​ជាតិ។

លោក​បន្ថែម​ថា​៖ ចំណុច​ទី​ពីរ​មើល​ទៅ​ក្រសួង​មហា​ផ្ទៃ​ហាក់​បី​ដូចជា​មាន​សិទ្ធិ​ច្រើន សិទ្ធិ​ខ្លាំង​ក្លា អំណាច​ពេញ​ដៃ​នៅ​ក្នុង​ការ​ផ្អាកសកម្មភាព​នយោបាយ រហូត​ដល់​ប្ដឹង​ទៅ​តុលាការ​ដើម្បី​រំលាយ​គណបក្ស​មួយ​ចោល ក្នុង​ករណី​មាន​កំហុស​ធ្ងន់​ធ្ងរ ដែល​គេ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ និង​ធ្វើ​ឲ្យ​មាន​ការ​ញុះ​ញង់​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ។ សម្រាប់ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​នេះ ពាក្យ​ហ្នឹង​ពិបាក​រក​និយម​ន័យ​ណាស់យក​មក​ដាក់​”

បើ​ទោះបី​ជា​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​ច្បាប់​នេះ ស្ថិត​ក្នុងភាព​មន្ទិល​សង្ស័យ​ថា តើ​នឹង​ត្រូវ​គេ​យក​ទៅ​អនុវត្ត​យ៉ាង​ណា​នោះ ប៉ុន្តែ សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ​យល់​ថា វិសោធនកម្ម​ច្បាប់​នេះ នឹង​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​មនុស្ស ឬ​គណបក្ស​នយោបាយ​ទូទៅ បន្ទាប់​ពី​វា​បាន​ចូល​ជាធរមាន។

​ទោះជាយ៉ាងណា បន្ទាប់​ពី​ច្បាប់ ឬ​វិសោធនកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់ និង​ស្ថិត​ក្រោម​ការ​រិះគន់​បែប​នេះ លោក ព្រាប កុល ចង់​ឃើញ​នីតិ​វិធីនៃ​ការ​ធ្វើ​ច្បាប់ ដែល​អាច​នឹង​ចង្អុល​ទិស​អំពី​របៀប​តាក់​តែង​ច្បាប់ ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ