មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក គឹម សុខ ដាក់ពាក្យ​បណ្តឹង​សុំ​ឲ្យ​កូន​ក្តី​នៅក្រៅឃុំ

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

មេធាវីការ​ពារក្តីឲ្យ​លោក​ គឹម សុខ គឺលោក ជួង ជួងី ឲ្យដឹងថា​លោក​បាន​ដាក់ពាក្យ​បណ្តឹងឧទ្ធរ​ណ៍ លោកនៅព្រឹក​នេះ ​ប្តឹង​ជំទាស់​ទៅ​នឹង​ដី​កាសាលាដំបូងដែល​ឃុំ​ខ្លួន​កូន​ក្តីរបស់លោក។

លោក គឹម សុខ​ ត្រូវ​បានតុលាការ​រាជធានីភ្នំពេញ​ប្តឹង​ចោទ​ប្រកាន់​ពី​​របទល្មើស រួមមាន​ បទញុះញង់​ឱ្យប្រព្រឹត្តិ​បទ​ឧក្រិដ្ឋជាអាទិ៍និងបរិហាកេរ្តិ៍ ជា​សាធារណៈ បន្ទាប់ពីមានបណ្តឹងពីលោក ហ៊ុន សែន។

លោក​មេធាវី ជួង​ ជួងី ដែល​ត្រូវបាន​លោក គឹម សុខ ប្រគល់​សិទ្ធិ​ឲ្យ​ការ​ពារ​ខ្លួន​ បានឲ្យ​វី​អូ​ឌីដឹង​ថា លោក​មិន​ទាន់​ដឹង​ទេ​ថា​កូន​ក្តី​ខ្លួនត្រូវ​រង​បណ្តឹង​ប៉ុន្មាន​នោះ​ទេ តែ​លោក​ថារដ្ឋាភិបាលក្នុងនាម​ជា​អ្នក​កាន់​អំណាច​សាធារណៈ ​មិន​គួរ​ចាប់​សម្តី​ពល​រដ្ឋសាមញ្ញ​ម្នាក់ដោយ​គ្រាន់​តែ​បញ្ចេញ​មតិនោះទេ។ លោក​ថា៖ «ខ្ញុំ​បាន​ជួបគាត់​ល្ងាច​មិញ ហើយ​ខ្ញុំ​បាន​ពន្យល់គាត់ពីផ្លូវ​ច្បាប់​ ហើយ​និង​សិទ្ធិ​តវ៉ា​តាម​ផ្លូវ​ច្បាប់​ថា​យើ​ងអាច​តវ៉ា​យ៉ាង​ម៉េច​បាន ហើយ​គាត់​ក៏​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ខ្ញុំពី២ល្ងាច​មិញ​ហ្នឹង​ ទី​មួយ ប្រគល់​សិទ្ធិ​ឲ្យខ្ញុំ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​ហ្នឹង ដើម្បី​ទាម​ទារ​ឲ្យ​ឧទ្ធរណ៍​ សម្រេច​បដិសេធការ​ឃុំ​ខ្លួន​ហ្នឹង ហើយ​សម្រេច​ដោះ​លែង​គាត់​វិញ ហើយទី​ពីរ​ គាត់​ប្រគល់​សិទ្ធិ​ឲ្យ​ខ្ញុំ​ដាក់ពាក្យ​បណ្តឹង​សុំ​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​»។

គួរ​រំលឹក​ផង​ដែរថា មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោក គឹម សុខ ពីរ​សំណុំ​រឿង។ សំណុំរឿង​ទីមួយ ប្តឹង​លោក គឹម សុខ ថាបាន​អត្ថាធិប្បាយ​ចោទ​ប្រកាន់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និង​ទាម​ទារ​សំណង​ជំងឺចិត្ត​៥០​ម៉ឺនដុល្លារ។ បណ្តឹងមួយករណីទៀតថា លោក គឹម សុខ បាន ចោទ រដ្ឋាភិ​បាល​កម្ពុជា​ថាជាអ្នក​រៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ និងទារ​ប្រាក់​សំណង​​១០​​លាន​រៀល​ផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ