UN​​ ហៅសេចក្តីព្រាងច្បាប់លើវិសោធនកម្មរដ្ឋធម្មនុញ្ញប៉ះពាល់លទ្ធិប្រជាធិបតេយ្យ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

អង្គការសហប្រជាជាតិ អះអាងថា សេចក្ដីព្រាងច្បាប់លើវិសោធនកម្មរដ្ឋធម្មនុញ្ញ​របស់រដ្ឋាភិបាលកម្ពុជា បង្កជាក្ដីព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយថាករណីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតឆ្នាំ២០១៨។

កាលពីថ្ងៃទី១៤កុម្ភៈ សមាជិករដ្ឋសភា១២៣រូប បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និង​សេចក្ដី​ព្រាង​ច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ទៅ៥០​លាន​រៀល ប្រសិន​​បើ​តុលាការរកឃើញថាមានទោស។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា លោកស្រី រ៉ូណា ស្មីត និងអ្នករាយការណ៍ពិសេសម្នាក់ទៀត លោក David Kaye យល់ថា សេចក្ដីព្រាងច្បាប់កែប្រែ​រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌនេះ គឺមិនស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្ដរជាតិនោះទេ ដោយថា​​ ប្រការនេះ នឹង​រិតត្បិត​ដល់​សិទ្ធិ​បញ្ចេញមតិ និងសិទ្ធិនយោបាយរបស់បុគ្គល។

បើតាមសេចក្ដីថ្លែងការណ៍ លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ទាំងពីរ ប្រើប្រាស់ពាក្យ​ពេចន៍​មិនច្បាស់​លាស់ ដូចជា «តម្កល់ផលប្រយោជន៍ជាតិជាធំ» និងប្រឆាំងដាច់ខាតចំពោះ «ការជ្រៀតជ្រែងពីខាងក្រៅ»។

លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះថា «បទបញ្ញត្តិនៃច្បាប់ព្រះមហាក្សត្រ គឺមិនស្របទៅនឹងកាតព្វកិច្ចរបស់កម្ពុជា ក្រោមច្បាប់សិទ្ធិមនុស្សអន្ដរជាតិទេ ព្រោះច្បាប់នេះដាក់ទោសសេរីភាពក្នុងការបញ្ចេញមតិ។ បន្ថែមលើសនេះ សេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ប្រើប្រាស់វាក្យស័ព្ទទូលំទូលាយពេក ហើយចាំបាច់ត្រូវប្រើពាក្យពេចន៍ច្បាស់លាស់ ដើម្បីស្របតាមបទដ្ឋានអន្ដជាតិ និងចៀសផុតពីហានិភ័យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ»។

កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ក៏បានហៅសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ថាជា​ឧបករណ៍​​ថ្មី​មួយទៀតរបស់រដ្ឋាភិបាល ដើម្បីបង្ក្រាបបក្សប្រឆាំង និងសំឡេងរិះគន់។ ប៉ុន្ដែ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ទាត់ចោលការចោទប្រកាន់នេះ ដោយថា រដ្ឋាភិបាលកំពុងធ្វើច្បាប់ការពារអធិបតេយ្យភាព​ ផលប្រយោជន៍ជាតិ និងកិត្តិនាមព្រះមហាក្សត្រ។

ថ្វីបើមានមតិរិះគន់ជាច្រើនក្តី នៅព្រឹកថ្ងៃពុធទី២១កុម្ភៈ ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុង លើ​សេចក្តី​ព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ