រដ្ឋសភា​ឲ្យ​លោក កឹម សុខា បំភ្លឺ​រឿងញត្តិរបស់យុវជន​ឲ្យបានឆាប់

អនុប្រធានទី២នៃ​រដ្ឋសភា លោក ងួន ញ៉ិល បាន​ស្នើ​ឲ្យ​​លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្រ្គោះជាតិ បំភ្លឺ​​រឿង​ញត្តិ​របស់​យុវជនមួយក្រុម ទាក់ទង​នឹង​រឿងអាស្រូវស្នេហា​តាម​ខ្សែ​អាត់សំឡេងដែលត្រូវបានទម្លាយ​តាមប្រព័ន្ធ​សង្គមហ្វេសប៊ុក​។​

នៅ​ក្នុង​លិខិត​មួយ​ចុះថ្ងៃទី​២១ ​ខែមីនា ​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​សរសេរ​ថា​លោក ងួន ញ៉ិល ប្រធាន​រដ្ឋសភាស្តីទី​កាលពី​លោក ហេង សំរិន អវត្តមានក្នុងប្រទេស បាន​ប្រគល់​​ភារកិច្ច​ឲ្យ​អគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភា​បញ្ជូន​ញត្តិរបស់​យុវជន​ទៅ​លោក កឹម សុខា។ ​រដ្ឋ​សភា​បញ្ជាក់​ថា​ខ្លួន​បានទទួលញត្តិ​ស្នើ​សុំ​របស់​យុវជន​ឈ្មោះ​​ ស្រី ចំរើន​ ដែលមានខ្លឹម​សារ​ស្នើ​​សុំ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែ​អាត់​សំឡេង​ស្នេហា​”អសីលធម៌​”ដែលសង្ស័យ​ថា​ជាសំឡេង​របស់លោក កឹម សុខា​​។

រដ្ឋសភា​បញ្ជាក់ថា៖ “…ដើម្បីការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិ​យស​និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្រ្ត​ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ច​ឲ្យ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​បញ្ជូន​ញត្តិនេះ​ជូន​ឯក​ឧត្តម”។​

រដ្ឋសភា​បាន​បញ្ជាក់ថា​ការស្នើ​ឲ្យ​បំភ្លឺញត្តិស្នើសុំរបស់យុវជននេះធ្វើឡើង​តាម​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា៖ “ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​និង​វប្បធម៌​របស់​ប្រទេស​ជាតិ”។

សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ។

រដ្ឋសភា​បាន​ស្នើ​ឲ្យ​លោក កឹម សុខា ផ្តល់នូវការបំភ្លឺ​តាមសំណើ​”ឲ្យ​បាន​ឆាប់​ តាមការគួរ”។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថារដ្ឋសភាមិនទាន់​ដឹង​ថា​តើ​នឹង​មានចំណាត់ការអ្វីទៀតទេ ប្រសិន​បើ​លោក កឹម សុខា មិន​បំភ្លឺលើករណីនេះ។ លោក​បញ្ជាក់ថា​ប្រសិន​បើ​លោក កឹម សុខា មិន​បំភ្លឺ រដ្ឋសភានឹង​ជូនដំណឹង​ទៅក្រុមយុវជនដែលបានដាក់ញត្តិ។​

គួរ​បញ្ជាក់​ថា​កាលពីថ្ងៃទី១៤ ខែមីនា យុវជនក្រុមបាននាំគ្នាដាក់ញត្តិទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះកោះហៅ​លោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងនោះ​។ កាលពី​ថ្ងៃសុក្រសប្ដាហ៍មុន យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយក្រុមយុវជនអះអាងថាពួកគេស​​ង្ស័យថា លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកប្រជុំមួយ​នៅព្រឹកថ្ងៃអង្គារស្អែកនេះ ដើម្បី​វិភាគទៅលើពាក្យបណ្ដឹងរបស់យុវជន​មួយ​ក្រុម​ដែល​បានប្ដឹង លោក កឹម សុខា ដោយ​​ពួកគេ​ចោទ​ថា​បានផ្ដល់លុយឲ្យនារីម្នាក់​ទិញផ្ទះនិងដី។​

ចំណែក​កាលពីពេលថ្មីៗនេះ លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋា​គា​រ​មួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿង​អា​ស្រូវស្នេហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ