កាសែតភ្នំពេញប៉ុស្ដិ៍ថា មិនប្រឈមបិទដំណើរការដូចខេមបូឌាដេលី

នារីម្នាក់កំពុងតែអានកាសែតភ្នំពេញប៉ុស្តិ៍

កាសែតភ្នំពេញប៉ុស្ដិ៍ អះអាងថា ខ្លួនមិនប្រឈមបិទដំណើរការដូចកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី នោះឡើយ ខណៈ ស្ថាប័នព័ត៌មានមួយនេះថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យបញ្ហាបង់ពន្ធ។​

ខណៈមានចម្ងល់ និងរបាយការណ៍សារព័ត៌មានចុះផ្សាយថា កាសែតមួយនេះអាចនឹងជួបវាសនាដូចកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី នោះ អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍ លោក Marcus Holmes បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញថា ការចុះផ្សាយទាំងនោះ មិនឆ្លុះបញ្ចាំងការពិតទេ។

លោក Marcus Holmes បកស្រាយថា កាសែតភ្នំពេញប៉ុស្ដិ៍កំពុងធ្វើសវនកម្មពន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្ដែ សុំមិនបកស្រាយច្រើនពីរឿងនេះនោះទេ ដោយលោកថា ជាការសម្ងាត់របស់ក្រុមហ៊ុន។ លោកអះអាងថា រឿងបំណុលពន្ធជិត៤លានដុល្លារអាមេរិក មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬជាការរិតត្បិតដល់សេរីភាពសារព័ត៌មានឡើយ។ ​

ក្នុងសេចក្ដីប្រកាសព័ត៌មាន លោកក៏និយាយអំពីកិច្ចព្រមព្រៀងកម្ចីរបស់ស្ថាប័នកាសែតនេះ ជាមួយធនាគារពាណិជ្ជកម្មដ៏ធំមួយនៅកម្ពុជា និងថា សុំមិនធ្វើអត្ថាធិប្បាយច្រើនដូចគ្នា។

កាសែតភ្នំពេញប៉ុស្ដិ៍បានដំណើរការនៅកម្ពុជា អស់រយៈពេល២៥ឆ្នាំមកហើយ ដោយកាសែតមួយអះអាងថា ខ្លួនបានព្យាយាមផ្សាយតែព័ត៌មានពិតជូនប្រជាជនកម្ពុជា។

កាសែត ខេមបូឌា ដេលី បានសម្រេចបិទដោយខ្លួនឯងកាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធចំនួន​៦លានដុល្លារ។ កាសែតនេះ​ក៏បានអះអាងថា​ ខ្លួនមិនបានជំពាក់ពន្ធដូចការលើកឡើងរបស់រដ្ឋាភិបាលនោះទេ ហើយថា ការទារពន្ធច្រើនក៏ដោយសារតែរដ្ឋាភិបាលមិនចង់ឲ្យមានវត្តមានកាសែតនេះនៅកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ