វិភាគ៖ តើការបោះឆ្នោតឃុំ-សង្កាត់ ឆ្លុះបញ្ចាំងអ្វីខ្លះដល់ការបោះឆ្នោតជាតិ២០១៨?

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 4:46 PM | បទវិភាគ | 0 | 6127

ថ្មីត្បិ​តតែគ្មានអ្នកតាមដានណាហ៊ានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាង​មុ​ខនេះ តើគណបក្សណាមួយនឹងនាំមុខគេក៏ដោយ ប៉ុន្តែមាន​សំនួរជាច្រើ​ន​ចោទ​សួរថា បើមានការប្រែ​ប្រួល​អា​ស​នៈ​ នៅ​ថ្នាក់មូលដ្ឋានខ្លាំង បញ្ហាពលរដ្ឋ និងសិទ្ធិមនុស្ស ត្រូវបានយកចិត្តទុកដាក់ទេ។

មុនធ្វើការវិភាគលើបញ្ហានេះ យើងសូមងាកក្រោយបន្តិចថា​ ក្រោយពីមានកិច្ចព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ា​​រីស​២៣​​តុលា កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសមន្ត្រីថ្នាក់ឃុំសង្កាត់ និងជ្រើស​តាំង​តំណា​ង​រាស្ត្រ​។

តំណាងរាស្ត្រដែលពលរដ្ឋបោះឆ្នោតគាំទ្រ ពួកគេមានតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំក្បាល​ម៉ាស៊ី​ន​ដឹក​​នាំរដ្ឋ រីឯគណបក្សមានសំឡេងនាំមុខ ​ជាអ្នកប្រ​តិបត្តិឬ​ហៅ​ថារដ្ឋាភិបាល។

ជាង២០ឆ្នាំមកនេះ កម្ពុជា បានរៀបចំការបោះឆ្នោត ទាំងពីរថ្នាក់នេះ បានរៀងរាល់អាណត្តិ ប៉ុន្តែអ្នក​តា​​​​ម​ដានអះអាងថា ការជំរុញយន្តការប្រជាធិបតេយ្យហាក់មានល្បឿនយឺតនៅឡើយ បើទោះបីជារដ្ឋធម្មនុញ្ញ​បា​ន​ចែងថា​ កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សក៏ដោយ។

បើទោះបីរដ្ឋាភិបាល បានធ្វើកំណែទម្រង់ខ្លះ ក្រោយការបោះឆ្នោត ដូចជាការរុះរើគណៈ​រដ្ឋមន្ត្រីពា​ក់កណ្តា​ល​​អណត្តិ ការដំឡើងប្រា​ក់ឈ្នួ​​​លកម្មករ ក្នុងវិស័យកាត់ដេរ ដំឡើងប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន ប៉ូលិ​ស​ ទាហាន ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបើគេមើលមួយជ្រុងទៀតដូចជាខុសគ្នាស្រឡះ។

ការ​ចាប់និងឃុំខ្លួនមន្ត្រីសិទ្ធិ​មនុ​​ស្ស៤រូបរបស់សមាគមអាដហុក ការចាប់ខ្លួនមន្ត្រីគ.ជ.ប ចាប់ឃុំខ្លួនមន្ត្រី​បក្សប្រ​ឆាំ​ង​១៦នាក់ រួមទាំងតំណា​ងរា​​ស្ត្រពីររូបផង និងការបាញ់ម្លាប់ អ្នកស្រា​​វ​​ជ្រា​​​វ​ដ៏ល្បីឈ្មោះ លោក កែម ឡី ជាដើ​ម ចរន្តពីរនេះ ហា​​ក់បានដើរផ្ទុយគ្នា ទោះ​បីពួកគេ​រស់នៅ​ក្រោ​មដំបូ​លរដ្ឋាភិ​​បាលតែមួយ។

បញ្ហាទាំ​ងនេះ​ សហ​មន៍ជាតិ និងអន្តរជាតិ បង្ហាញក្តីបារម្ភថា ប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា បានដើ​រដល់​របត់មួយ អាចនឹងរលាយបាត់ទៅវិញ បើគ្មានដំណោះស្រាយនយោបាយ ប្រ​កបដោយកា​រយោ​គ​យល់​​គ្នា រវា​ងបក្សកាន់អំណាចនិងបក្សប្រឆាំង ដែលមានអាសនៈក្នុងសភានោះ។

មួយវិញទៀត បើទោះបី ជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាត់តែខិតជិតមកដល់ ប៉ុន្តែអ្នក​ការ​ពា​រសិទ្ធិមនុស្ស សកម្មជនដីធ្លី មន្ត្រីបក្សប្រឆាំង អ្នកវិភាគនយោបាយ នៅមិនទាន់ត្រូ​វបានតុលា​ការ​ដោះ​​​លែងឲ្យមានសេរីភាពវិញនៅឡើយទេ ទោះជាការឃុំខ្លួននោះ ដែលអ្នកខ្លះមានរយៈពេលជិត២ឆ្នាំ។

បញ្ហាទាំងនោះត្រូវបានចោទសួរថា តើបញ្ហាពលរដ្ឋ និង សិទ្ធិមនុស្សត្រូវយកចិត្តទុកដាក់ទេ បើការបោះ​ឆ្នោ​តឃុំ​សង្កាត់ខាងមុខ មានការប្រែប្រួល?

អ្នកវិភាគយល់ឃើញផ្សេងគ្នាពីបញ្ហានេះ។ អ្នកឯកទ្ទេសនយោបាយនិងអភិបាលកិច្ចលោក ចាន់ វិបុល លើកឡើងថា មុនការបោះឆ្នោត សកម្មភាពជំរុញឲ្យពលរដ្ឋយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ អាចនឹង​ត្រូ​វ​​​បន្តរឹតបន្តឹងដដែល។

ប៉ុន្តែលោក ចាន់ វិបុល វិភាគថា ក្រោយបោះឆ្នោតឃុំសង្កាត់ បើបក្សកាន់អំណាច បាត់បង់​អាសនៈ ច្រើន លោកថា អ្នកនយោបាយនឹងងាកមកជជែកគ្នា ធានាពីសិទ្ធិមនុស្សនិងយកចិត្តទុក​ដាក់ដោះស្រា​យបញ្ហា ព​​ល​រដ្ឋកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនយកឈ្នះតែរៀងៗខ្លួន សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨។

លោកថា៖ «ការប្រែប្រួលការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំមូលដ្ឋាន តាមទ្រឹស្តីបែបវិទ្យាសាស្ត្រក្តី និងការពិនិត្យមើលជាក់ស្តែង យើងឃើញថា មានឥទ្ធិព​លវិជ្ជមានខ្លាំងណាស់​។ ទីមួយ ជំរុញឲ្យសំ​ឡេង​ពលរដ្ឋនៅថ្នាក់ក្រោម ត្រូវបានខ្ចាយមកដល់ថ្នាក់លើ។ ហើយសំឡេងនេះ ជាសម្ពាធផ្នែកនយោបាយ និងសង្គមដ៏មានឥទ្ធិពលបំផុត។ ពីព្រោះថា នៅពេលដែលក្រុមប្រឹក្សាឃុំ ដែលត្រូវជ្រើសរើសឡើងដោ​យប្រព័ន្ធបោះឆ្នោ​តមួយដ៏​ល្អហើយ​ពលរ​ដ្ឋផ្តល់ការទុកចិត្តខ្ពស់។ អញ្ចឹងក្រុមប្រឹក្សាឃុំទាំងអស់នោះ លោក មានសមត្ថភា​ពពេ​ញលេ​ញក្នុ​ង​ការដាក់សម្ពាធ ទៅដល់អ្នកន​យោបា​យ ឬមន្ត្រីរដ្ឋបាល ឬគេហៅកងកម្លំាងប្រដាប់អាវុធ ដែលជាអ្ន​កបម្រើជាតិផ្សេងទៀត ដើម្បីធ្វើ​យ៉ាង​ម៉េ​​ចជម្រុញការឆ្លើយតប និងមានគណនេយ្យ​ភាពទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត»។

ប្រធាននិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី វិភាគផ្សេងពីនេះ លោកថា បើអាសនៈឃុំសង្កាត់ របស់ប​ក្ស   កា​ន់​​​​អំ​​​​ណា​ចបាត់បង់កាន់តែច្រើន លោកវិភាគថា សកម្មភាពជំរុញល្បឿនប្រជាធិបតេយ្យ អាច​កាន់តែ​ត្រូវ​រាំង​ខ្ទប់។

លោក មួង សូនី វិភាគទៀតថា ការធ្វើកំណែទម្រង់រដ្ឋ សម្រាប់ឆ្លើយតបទៅនឹងបញ្ហាពលរដ្ឋវិញ ​អា​ច​មា​នតិចតួច ចំណែកកំណែទម្រង់ទ្រង់ទ្រាយធំ លោកថា មិនអាចទៅរួច ដោយថាក្រសួងនិងស្ថាប័នរដ្ឋ​មួយ​ចំ​នួ​ន​ធំពោរពេញដោយបក្ខពួក និងគ្រួសារនិយម។

សម្រាប់សា​​ស្ត្រា​ចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគប្រហាក់ប្រហែលដែរថា បើអាសនៈឃុំស​ង្កាត់​ប្រែ​ប្រួ​លតិចតួច លោកថា សេរីភាពបញ្ចេញមតិ ការជំរុញប្រជាធិបតេ​យ្យ នឹងបន្តរឹតបណ្តឹ​ង។ ប៉ុន្តែលោកថា បើ​អា​ស​នៈឃុំសង្កាត់ប្រែប្រួលខ្លាំង កម្រិតនៃការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាពលរដ្ឋ មន្ត្រីរាជការ ប៉ូលិ​ស ​ទាហាន ជាដើម រួមទាំងសិទ្ធិមនុស្សផង នឹងប្រសើជាងបច្ចុប្បន្ន។

សរុបជារួម អ្នកវិភាគគិតថា បើទោះបីគណបក្សប្រជាជនឈ្នះ ឬគណបក្សសង្គ្រោះជាតិឈ្នះ ពួកគេថា គណបក្សទាំងពីរនេះ ចៀសមិនផុតនឹងធ្វើការជាមួយគ្នាក្នុងក្បាលម៉ាស៊ីនរដ្ឋសភានោះទេ។

ករណីនេះ អ្នកវិភាគជំរុញឲ្យអ្នកនយោបាយ គួរប្រកួតប្រជែងគ្នាតាមយន្តការប្រជាធិបតេយ្យ មិន​លា​ភពណ៌​គ្នា មិនជេរប្រមាថ មិនយកគ្នាជាសត្រូវ និងតម្កល់ប្រយោជន៍ជាតិជាធំ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required